2

Sep, 2019

ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “វិធាន និងបទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណៈ” ជូនមន្ត្រីគ្រប់គ្រងកិច្ចលទ្ធកម្ម ចំនួន ១៥៦ នាក់ មកពីក្រសួងចំនួន ៤

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០១៩ នៅសណ្ឋាគារហ្គាឌិនស៊ីធី រាជធានីភ្នំពេញ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាលស្តីពី វិធាន និងបទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណៈជូនមន្ត្រីគ្រប់គ្រងកិច្ចលទ្ធកម្ម ចំនួន ១៥៦ នាក់ មកពីក្រសួងចំនួន ៤ គឺក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, ក្រសួងសាធារណការនិងដឹកជញ្ជូន, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង ក្រសួងពាណិជ្ជកម្ម ក្នុងគោល​បំណង​ពង្រឹង ពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹង សម្រាប់ចូលរួមអនុវត្តការកែ​​ទម្រង់ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ ឱ្យ​សម្រេ​ច​បាន​ជោគ​​ជ័យ​​ ប្រកបដោយប្រសិទ្ធិភាព និង តម្លាភាព សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។

ពិធីបើកវគ្គ​បណ្តុះ​បណ្តាល​នេះ​ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខា​ធិកា​រ​​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ វគ្គ​បណ្តុះ​បណ្តាល​នេះ ​មានរយៈពេល ៣ ថ្ងៃ គឺពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ ២០១៩ ។

ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច​​និងហិរញ្ញវត្ថុបានបញ្ជាក់ថាកម្មវិធី កែទម្រង់ការគ្រប់គ្រងសាធារណៈ ត្រូវបានដាក់អោយអនុវត្តជាផ្លូវការក្នុងឆ្នាំ ២០០៤ ដោយរាជរដ្ឋាភិបាលកម្ពុជា ហើយសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាសារវន្ត ជាពិសេសសម្រេចបាននូវ ភាពជឿទុកចិត្តបាននៃថវិកា ក្នុងដំណាក់កាលទី ១ និង គណ–    នេយ្យភាពហិរញ្ញវត្ថុ នៅក្នុងដំណាក់កាលទី២ ។ បច្ចុប្បន្ន, ការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរ​ញ្ញ​វ​ត្ថុ​សាធារណៈ កំពុងស្ថិតនៅក្នុងដំណាក់កាលទី៣ ក្នុងគោលដៅបង្កើន éការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយê អាទិភាពរបស់រាជរដ្ឋាភិបាល ដែលនឹងត្រូវបញ្ចប់នៅឆ្នាំ ២០២០, មុននឹងឈានទៅអនុវត្តដំណាក់កាលទី ៤ (២០២១-២០២៥) ក្នុងគោលដៅគឺ éគណនេយ្យភាពសមិទ្ធកម្មê

ស្ថិតក្នុងទិសដៅនេះ ឯកសារយុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ ២០១៨-២០២៥ ដែលជាស្នូលនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានរាជរដ្ឋាភិបាលអនុម័តដាក់ឱ្យអនុវត្តនៅក្នុងឆ្នាំ ២០១៨ កន្លងទៅ ។ គោលបំណងនៃយុទ្ធសាស្រ្តនេះ គឺប្រែក្លាយជាបណ្តើរៗនូវប្រព័ន្ធថវិកាកម្ពុជា ឱ្យក្លាយជាប្រព័ន្ធមួយដែលមានប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព ស្របតាមឧត្តមានុវ​ត្ត​អន្តរជាតិ ។ ជារួម ការកែទម្រង់ប្រព័ន្ធថវិកា គឺមិនគ្រាន់តែជាការផ្លាស់ប្តូររបៀបរបបនៃការគ្រប់គ្រងថវិកាប៉ុណ្ណោះទេ ប៉ុន្តែ ការងារនេះ គឺជាអភិក្រមដ៏សំខាន់បំផុតមួយនៃការកែទម្រង់អភិបាលកិច្ច ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និង គណនេយ្យភាពនៃការដឹកនាំផងដែរ ។        យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកានេះ ក៏បានចង្អុលឱ្យមានការរៀបចំយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈឆ្នាំ២០១៩២០២៥ ដោយសារតែវិស័យលទ្ធកម្មសាធារណៈ គឺជាផ្នែកមួយដ៏សំខាន់នៃការគ្រប់គ្រងចំណាយសាធារណៈ ។

ឯកឧត្តមណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានបន្ថែមថា ដោយសារមានការផ្លាស់ប្តូររបៀបរបប, ប្រព័ន្ធនៃការគ្រប់គ្រង និង ការអនុវត្តការងារ ដែល​កើតចេញពីការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ នៅពេលដែលកម្មវិធីកែទម្រង់ត្រូវ​​បានអនុវត្តដោយពេញលេញនៅគ្រប់ដំណាក់កាលនោះ ចាំបាច់ត្រូវរៀបចំ និងអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលនិងវិក្រឹតការជំនាញវិជ្ជាជីវៈ ពាក់ព័ន្ធលទ្ធកម្មសាធារណៈ ជូនមន្ត្រីគ្រប់គ្រង និង អនុវត្តកិច្ចលទ្ធកម្មសាធារណៈ ដើម្បីធ្វើឱ្យមន្ត្រីទាំងនោះមានលទ្ធភាព និងសមត្ថភាពគ្រប់គ្រាន់ទុកជាមុន សំដៅសម្របខ្លួនទៅនឹងបរិយាកាស និង បរិការណ៍ការងារថ្មីនៅតាមស្ថាប័ននីមួយៗ ។ គោលដៅរួមនៃការ     កសាងសមត្ថភាពមន្ត្រីរាជការលើជំនាញលទ្ធកម្មសាធារណៈ គឺដើម្បីពង្រឹង និងពង្រីកសមត្ថភាពជំនាញវិជ្ជាជីវៈដល់មន្ត្រីលទ្ធកម្ម ឆ្លើយតបទៅនឹងតម្រូវការនៃការអនុវត្តតួនាទីភារកិច្ច ពាក់ព័ន្ធនឹងការងារលទ្ធកម្មសាធារណៈ ហើយការកសាងសមត្ថភាពនេះ នឹងត្រូវធ្វើទ្បើងជាបន្តបន្ទាប់ចាប់ពីឆ្នាំ ២០១៩ តទៅ ។

ឯកឧត្តមបណ្ឌិតសភាចារ្យបានបញ្ជាក់បន្ថែមថា ជានិច្ចកាល ក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ តែងផ្តល់​ការ​យក​ចិត្តទុកដាក់ជានិច្ចលើការ​បណ្តុះ​បណ្តាល និងកសាងសមត្ថភាពមន្រ្តីរាជការ ដែលជាកត្តាគាំទ្រគន្លឹះ​ ដើម្បី​សម្រេច​ជោគ​ជ័យ​ ក្នុងការអនុវត្តការកែទម្រង់​ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ បច្ចុប្បន្ន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាន និងកំពុងបន្តយុទ្ធនាការបណ្តុះបណ្តាលលើវគ្គជំនាញ បច្ចេ​​ក​ទេសសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនសិក្ខាកាមគោលដៅ ១០៤៥ នាក់ ដែលជាមន្រ្តីគ្រប់គ្រងហិរញ្ញវត្ថុ, មន្ត្រីទទួល បន្ទុកកិច្ចការលទ្ធកម្មសាធារណៈ និង មន្ត្រីរាជការដែលបំពេញការងារពាក់ព័ន្ធ នៃអង្គភាពថវិការបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងស្ថាប័ន ។