18

Sep, 2019

ពិធីបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការលើ វិធាននិក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ​ ជូនសិក្ខាកាមគោលដៅជាមន្រ្តីលទ្ធកម្មចំនួន ១៨៤ នាក់ ដែលមកពីក្រសួងស្ថាប័នចំនួន ៥ ថែមទៀត រួមមានៈ ក្រសួង​អប់រំ យុវជន និងកីឡា, ក្រសួងព័ត៌មាន, ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ, ក្រសួង​ទេសចរណ៍ និង រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ២០១៩ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំពិធីបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការលើ វិធាននិក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ​ ជូនសិក្ខាកាមគោលដៅជាមន្រ្តីលទ្ធកម្មចំនួន ១៨៤ នាក់ ដែលមកពីក្រសួងស្ថាប័នចំនួន ៥ ថែមទៀត រួមមានៈ ក្រសួង​អប់រំ យុវជន និងកីឡា, ក្រសួងព័ត៌មាន, ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ, ក្រសួង​ទេសចរណ៍ និង រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ក្នុងគោលបំណងពង្រឹង ពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹងថែមទៀតជូនសិក្ខាកាមគោលដៅ ដើម្បីរួមចំណែកអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចបានជោគជ័យប្រកប​ដោយ​ប្រសិទ្ធភាព និង ចីរភាព ។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ីវ សុវណ្ណ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ វគ្គបណ្តុះបណ្តាលនេះមានរយៈពេល ៣ ថ្ងៃ, ពីថ្ងៃទី ១៨-២០ ខែកញ្ញា ឆ្នាំ២០១៩ និង សហការរៀបចំឡើងដោយ វិទ្យស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
ឯកឧត្តមអនុរដ្ឋលេខាធិការ ហ៊ីវ សុវណ្ណ បានបញ្ជាក់ថា កម្មវិធីកែទម្រង់ការគ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការលើកដំបូង ក្នុងឆ្នាំ ២០០៤ ដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ប្រកបដោយគតិបណ្ឌិតវៃឈ្លាស របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន ពិសេស គឺការសម្រេ​​ចបាននូវ éភាពជឿទុកចិត្តនៃថវិកាê នៅក្នុងដំណាក់កាលទី ១ និង éគណនេយ្យភាពហិរញ្ញវត្ថុê នៅក្នុងដំណាក់កាលទី ២ ។ ជោគជ័យទាំងនោះ មិនត្រឹមតែបានជួយធ្វើឱ្យរាជរដ្ឋាភិបាល អាចបិទបញ្ចប់បានជាស្ថាពរនូវស្ថានភា​ព​បំណុល​សាច់ប្រាក់រ៉ាំរ៉ៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចកសាងបាននូវអតិរេកសាច់ប្រាក់ជាបន្តបន្ទាប់ សម្រាប់បង្កើនជាបណ្តើរៗនូវការវិនិយោគសាធារណៈលើវិស័យសំខាន់ៗ ដូចជា វិស័យអប់រំ វិស័យសុខាភិបាល និងមានលទ្ធភាពបង្កើនប្រាក់បៀវត្សជូនមន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដោយអាចបើកផ្តល់ជូនបានជាទៀងទាត់ នៅរៀងរាល់ខែ ។ លើសពីនេះ ជោគជ័យខាងលើ បានរួមចំណែកធ្វើឱ្យរាជរដ្ឋាភិបាល ធានាបានយ៉ាងរឹងមាំនូវសុខសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និង សន្តិសុខសណ្តាប់ធ្នាប់សង្គម ដែលជាបុរេលក្ខខណ្ឌសម្រាប់ការបន្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ឱ្យកាន់តែរីកចម្រើនថែមទៀត ។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា បច្ចុប្បន្ន, ការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរ​ញ្ញ​វ​ត្ថុ​សាធារណៈ កំពុងស្ថិតនៅក្នុងដំណា​ក់កាលទី ៣ ក្នុងគោលដៅបង្កើន éការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយê របស់រាជរដ្ឋាភិបាល ដែល​នឹងត្រូវបញ្ចប់នៅឆ្នាំ២០២០ ខាងមុខ, មុននឹងឈានទៅចាប់ផ្តើមអនុវត្តដំណាក់កាលទី ៤ (២០២១-២០២៥) ដែលជាដំណាក់កាលចុងក្រោយនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សំដៅដើម្បីបង្កើន éគណនេយ្យភាពសមិទ្ធកម្មê ។ ក្នុងទិសដៅនេះ ឯកឧត្តមអនុរដ្ឋ​លេខាធិការ បានបន្ថែមថា យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកាឆ្នាំ ២០១៨​-​២០២៥ ដែល​ជាស្នូលនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានរាជរដ្ឋាភិបាលអនុម័ត​ដាក់ឱ្យអនុវត្តនៅក្នុងឆ្នាំ ២០១៨ កន្លងទៅ ក្នុងគោលបំណងប្រែក្លាយជាបណ្តើរៗនូវប្រព័ន្ធ​ថវិកាកម្ពុជា ឱ្យក្លាយជាប្រព័ន្ធមួយដែលមានប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព ស្របតាមឧត្តមានុវ​ត្ត​អន្តរជាតិ ។
ឯកឧត្តមអនុរដ្ឋ​លេខាធិការ បានបន្ថែមថា, និយាយជារួម ការកែទម្រង់ប្រព័ន្ធថវិកា គឺមិនគ្រាន់តែជាការផ្លាស់ប្តូររបៀបរបបនៃការគ្រប់​គ្រង​ថវិកា​ប៉ុណ្ណោះទេ ប៉ុន្តែការងារ​នេះគឺជាអភិក្រមដ៏សំខាន់មួយនៃការកែទម្រង់អភិបាលកិច្ច ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគណនេយ្យភាពក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ។ ក្នុងន័យនេះ យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកា បានចង្អុលបង្ហាញឱ្យមាន យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ឆ្នាំ២០១៩-២០២៥ ដែលទើបត្រូវបានរាជរដ្ឋាភិបាលប្រកាស ដាក់ឱ្យអនុវត្តជាផ្លូវការ ក្នុងពេលថ្មីៗនេះ ដោយហេតុ​ថា ការគ្រប់គ្រងកិច្ចលទ្ធកម្មសាធារណៈ គឺជាផ្នែកមួយដ៏សំខាន់មួយនៃការគ្រប់គ្រងចំណាយសាធារណៈ របស់រាជរដ្ឋាភិបាល ។
ព្រោះហេតុនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា វគ្គបណ្តុះបណ្តលនិងវិក្រឹតការនៅពេលនេះ គឺពិតជាត្រូវបានរៀបចំឡើងទាន់ពេលវេលា និងឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដ សម្រាប់ការអនុវត្តយុទ្ធសាស្ត្រនៃការកែទម្រង់​ប្រព័ន្ធលទ្ធកម្ម​សាធារណៈឆ្នាំ ២០១៩-២០២៥ និយាយដោយឡែក និង និយាយជារួម គឺសម្រាប់ការចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព និងចីរភាព ។ តាមរយៈនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានផ្តាំផ្ញើ និងលើកទឹកចិត្តដល់សិក្ខាកាមឱ្យខិតខំស្វែងយល់​ចំពោះគ្រប់បទ​ឧទ្ទេស​របស់គ្រូ និង វាគ្មិនទាំងអស់ នៃវគ្គបណ្តុះបណ្តាល និង សូមចូលរួមពិភាក្សា ផ្លាស់ប្តូរគំនិតយោបល់ឱ្យ​បាន​ផុសផុល ដើម្បីចាប់យក​ចំណេះ​​ដឹង និង ចំណេះធ្វើ​ពិតប្រាកដ សម្រាប់យកទៅ​អនុវត្ត​នៅ​ក្នុង​អង្គភាពការងាររៀងៗ​ខ្លួន នៅក្រោយពេល​បញ្ចប់វគ្គសិក្សានេះ ។
ទន្ទឹមនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ដល់​វិទ្យា​ស្ថា​ន​​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួង​សេដ្ឋកិច្ចនិង​ហិរ​ញ្ញ​វត្ថុ ដែលបានខិតខំសហការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ក្នុងគោល​បំណង ដើម្បីធ្វើឱ្យការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ កាន់តែមានប្រសិទ្ធភាពខ្ពស់ ស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ពិសេស គឺស្របតាមស្មារតីនៃយុទ្ធសាស្ត្រកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ឆ្នាំ ២០១៩-២០២៥ និង ផែនការយុទ្ធសាស្រ្តកសាងនិងអភិវឌ្ឍសមត្ថភាព ក្នុងក្របខណ្ឌកម្មវិធីកែទម្រង់​ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ ព្រមទាំងបាន​គាំទ្រនិងលើកទឹកចិត្ត​ដល់វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយ​​ក​​ដ្ឋាន​លទ្ធ​កម្ម​សា​ធា​រ​ណៈ និង អគ្គ​នា​យកដ្ឋានពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ ឱ្យបន្តសហការគ្នាជិតស្និទ្ធិ ក្នុងការ​រៀបចំ​វគ្គបណ្តុះបណ្តាលនិងវិក្រឹតការលើ​ វិធាន​និង​​បទប្បញ្ញត្តិ​ស្តីពី​​លទ្ធកម្មសាធារណៈ​ ជូន​ដល់​ក្រុមលទ្ធកម្មនៃអង្គភាព​ថវិកា​របស់ក្រសួង-ស្ថាប័ន​ដទៃ​ទៀត ទាំងថ្នាក់​ជាតិ និង ថ្នាក់​មូល​ដ្ឋា​ន សំដៅបង្កើនការចូលរួមចំណែកអនុវត្តកិច្ចលទ្ធកម្មឱ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ៕