10
Jun, 2019
ថ្នាក់ដឹកនាំ និង មន្រ្តីរាជការជំនាញគ្រប់គ្រងហិរញ្ញវត្ថុ ទទួលការបណ្តុះបណ្តាលជំនាញបច្ចេកទេសលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងឆ្នាំ ២០១៩
ថ្ងៃចន្ទ ៨ កើត ខែជេស្ឋ ឆ្នាំ កុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ ២០១៩, នៅសណ្ឋាគារភ្នំពេញ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានប្រកាសបើកជាផ្លូវការនូវ យុទ្ធនាការបន្តការបណ្តុះបណ្តាលជាស៊េរីស្តីពី “ជំនាញបច្ចេកទេសលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០១៩ ” បន្ទាប់ពីសម្រេចបានជោគជ័យ ក្នុងការអនុវត្តការបណ្តុះបណ្តាលជំនាញបច្ចេកទេសនេះក្នុងឆ្នាំ២០១៨ កន្លងមក សំដៅបង្កើនការលើកកម្ពស់សមត្ថភាពជូនសិក្ខាកាម ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការជំនាញ ដែលទទួលបន្ទុកការងារគ្រប់គ្រងថវិកា, លទ្ធកម្មសាធារណៈ, ហិរញ្ញវត្ថុកិច្ច របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល សំដៅចូលរួមចំណែកគាំទ្រ និងអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៣ ឱ្យ សម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព និង ចីរភាព ។
ពិធីប្រកាសបើក យុទ្ធនាការបន្តការបណ្តុះបណ្តាលជំនាញបច្ចេកទេស នេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងស្ថាប័ន និងមានការចូលរួមពីលោកស្រី Camilla Lombard តំណាងសហគមន៍អឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា, លោក លោកស្រី តំណាងដៃគូអភិវឌ្ឍពាក់ព័ន្ធ រួមនឹងគ្រូឧទ្ទេស និងសិក្ខាកាមចូលរួមសរុបប្រមាណ ៥០០ នាក់ ។ អង្គពិធីនេះ ត្រូវបានរៀបចំ និងសម្របសម្រួល ដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយកម្មវិធីនៃវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសនេះ នឹងប្រព្រឹត្តទៅក្នុងទម្រង់ជាការបណ្តុះបណ្តាលរយៈពេលមធ្យម, មានលក្ខណៈជាស៊េរី ចំនួន ២៤ វគ្គ, មានរយៈពេល ៩០ ម៉ោង សម្រាប់វគ្គសិក្សានីមួយៗ ។
ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពបានគូសបញ្ជាក់ថា ជានិច្ចកាល, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចាត់ទុកការកសាងនិងអភិវឌ្ឍសមត្ថភាព ពិសេសលើជំនាញសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាយន្តការគាំទ្រគន្លឹះ ដើម្បីរួមចំណែកពង្រឹងពង្រីកចំណេះដឹង និងសមត្ថភាពជំនាញ និងផ្សព្វផ្សាយបទដ្ឋានការងារបច្ចេកទេស ឆ្លើយតបទៅនឹងតម្រូវការសម្រាប់អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ប្រកបដោយប្រសិទ្ធភាព ។ ជាក់ស្តែង ចាប់ពីឆ្នាំ ២០១៣-២០១៨ ដើម្បីបំពេញតម្រូវការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំនិងអនុវត្តកាបណ្តុះបណ្តាលនិងវិក្រឹតការសមត្ថភាពជាបន្តបន្ទាប់ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងស្ថាប័នពាក់ព័ន្ធលើការគ្រប់គ្រងហិញ្ញវត្ថុសាធារណៈ ។ បច្ចុប្បន្ន ធនធានមនុស្ស ទាំងនោះ បាននិងកំពុងចូលរួមចំណែកយ៉ាងសកម្ម ក្នុងការអនុវត្តតួនាទី ភារកិច្ច នៅតាមអង្គភាពការងាររៀងៗខ្លួន និង បានរួមចំណែកធ្វើឱ្យកម្ពុជាបន្តរក្សាបានយ៉ាងរឹងមាំនូវ “ភាពជឿទុកចិត្តនៃថវិកា” ដែលសម្រេចបានក្នុងដំណាក់កាលទី ១ និង ទទួលបានជោគជ័យថែមទៀត ក្នុងការបង្កើន “គណនេយ្យភាពហិរញ្ញវត្ថុ” ក្នុងដំណាក់កាល ទី២ នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដ៏មានសារសំខាន់នេះ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ ក៏បានលើកឡើងផងដែរថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកម្មវិធីកែទម្រង់គន្លឹះមួយរបស់រាជរដ្ឋាភិបាល សម្រាប់ធានាជោគជ័យ ក្នុងការអនុវត្តរបៀបវារៈគោលនយោបាយអភិវឌ្ឍជាតិ សំដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ។ បច្ចុប្បន្ន ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំពុងស្ថិតនៅដំណាក់កាលទី ៣ ក្នុងគោលដៅគឺ “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល” ព្រមជាមួយនឹងការផ្ទេរភាពជាម្ចាស់ និងការទទួលខុសត្រូវកាន់តែច្រើនឡើង ទៅដល់គ្រប់ក្រសួងស្ថាប័ន ។ ដំណាក់កាលទី៣ នេះ គឺគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២០ សម្រាប់ជាមូលដ្ឋានឆ្ពោះទៅកាន់ការដាក់ឱ្យអនុវត្តនូវដំណាក់កាលទី ៤ (២០២១-២០២៥) ក្នុងគោលដៅដើម្បីបង្កើន “គណនេយ្យភាពសមិទ្ធកម្ម” ដែលជាគោលដៅចុងក្រោយ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដ៏មានសារសំខាន់ របស់រាជរដ្ឋាភិបាលកម្ពុជា ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា ក្នុងក្របខណ្ឌនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣, ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ក៏ត្រូវបានដាក់ឱ្យអនុវត្តជាបណ្តើរៗ ដោយបានរួមបញ្ចូលនូវចំណាត់ថ្នាក់ថវិកាទាំង ៧ និង ការបង្កើនមុខងារបន្ថែម តាមតម្រូវការចាំបាច់ជាដំណាក់ៗ ដែលបង្កើតបានជាមូលដ្ឋានរឹងមាំសម្រាប់ការកត់ត្រាគណនេយ្យគ្រប់ជ្រុងជ្រោយ និង អាចផលិតរបាយការណ៍បានត្រឹមត្រូវ និងទាន់ពេលវេលា ។ លើសពីនេះ រាជរដ្ឋាភិបាល ក៏បានដាក់ឱ្យអនុវត្តផងដែរ ផែនការយុទ្ធសាស្រ្តកែទម្រង់ប្រព័ន្ធថវិកា ២០១៨–២០២៥ ក្នុងគោលដៅប្រែក្លាយជាបណ្តើៗនូវប្រព័ន្ធថវិកាកម្ពុជាឱ្យទៅជាប្រព័ន្ធមួយដែលមានប្រសិទ្ធភាព គណនេយ្យភាព និង តម្លាភាព ស្របតាមឧត្តមានុវត្តជាអន្តរជាតិ ។ ថ្មីៗនេះ រាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តនូវយុទ្ធសាស្រ្តបីថែមទៀតគឺ យុទ្ធសាស្ត្រកៀរគរចំណូល ២០១៩–២០២៣, យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ២០១៩–២០២៥ និង យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ២០១៩–២០២៥ ក្នុងក្របខណ្ឌនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយប្រសិទ្ធភាព និង ចីរភាព ។ ប្រការនេះ ធ្វើឱ្យគ្រប់ក្រសួងស្ថាប័ន ចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ថែមទៀត ក្នុងការពង្រឹងពង្រីកសមត្ថភាព ចំណេះដឹង និង ការលើកកម្ពស់ការយល់ដឹង ពិសេសលើ “ជំនាញបច្ចេកទេសចាំបាច់សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” ជូនមន្រ្តីរាជការរបស់ខ្លួន ដើម្បីធានាបាននូវប្រសិទ្ធភាព សង្គតិភាព និង ចីរភាពក្នុងការអនុវត្តតួនាទី ភារកិច្ច ពិសេសការអនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា និង ការអនុវត្តប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយប្រសិទ្ធភាព ។
ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានវាយតម្លៃថា “កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” ទាំង ២៤ វគ្គ ក្នុងឆ្នាំ ២០១៩ ដែលត្រូវប្រកាសចាប់ផ្តើមអនុវត្តនៅពេលនេះ ពិតជាមានសារៈសំខាន់ សម្រាប់ជាឱកាសដល់ថ្នាក់ដឹកនាំ និង មន្រ្តីរាជការគោលដៅ ដើម្បីពង្រឹងពង្រីកសមត្ថភាព ចំណេះដឹង និង លើកកម្ពស់ការយល់ដឹងរបស់ខ្លួន សំដៅរួមចំណែកអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ឱ្យសម្រេចជោគជ័យ ប្រកបដោយប្រសិទ្ធភាព និងចីរភាព ។