
5
May, 2019
ពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា My First Stock 2019 ជាលើកទី៤ ក្រោមប្រធានបទ CSX 2.0
ថ្ងៃអាទិត្យ ២កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០១៩ ផ្សារមូលបត្រកម្ពុជាបានរៀបចំពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា My First Stock 2019 ជាលើកទី៤ ក្រោមប្រធានបទ CSX 2.0 ដែលមានការចូលរួមជាអធិបតីដ៏ខ្ពស់ខ្ពស់ពីសំណាក់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង មានការចូលរួមដោយលោក ហាំ ចងហាន់ ឯកអគ្គរដ្ឋទូតស្តីទី នៃស្ថានទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា, ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក នៃគណៈកម្មការមូលបត្រកម្ពុជា, លោក ចុង យុនហ្គីល ប្រធានតំណាងនៃភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េប្រចាំកម្ពុជា និង ឯកឧត្តម ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំរបស់ស្ថាប័នហិរញ្ញវត្ថុ ក្រុមហ៊ុនជាតិ អន្តរជាតិ និង វិនិយោគិនស្ថាប័នជាច្រើនផងដែរ។ ពិព័រណ៍នេះត្រូវបានរៀបចំក្នុងគោលបំណង បន្តផ្សព្វផ្សាយ និង បង្កើនទំនុកចិត្តដល់វិនិយោគិន ដែលមានស្រាប់ ឱ្យបន្តជឿជាក់មកលើទីផ្សារភាគហ៊ុន តាមរយៈការជួបផ្ទាល់ជាមួយនឹងក្រុមហ៊ុនចុះបញ្ជី, ផ្តល់ឱកាសដល់សាធារណជនឱ្យបានយល់ដឹងកាន់តែទំលំទូលាយ ទៅលើការវិនិយោគក្នុងទីផ្សារ ដូចជា ការបើកគណនីជួញដូរ វិធីសាស្ត្រជួញដូរ ទិន្នន័យទីផ្សារ ការពិនិត្យមើលរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន យល់ដឹងពីការបែងចែកភាគលាភ ក៏ដូចជាប្រធានបទផ្សេងៗអំពីចម្ងល់មកលើទីផ្សារទាំងមូល, ការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធជួញដូរចល័ត MTS (Mobile Trading System), សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធបង្ហាញព័ត៌មាន e-disclosure ។
ថ្លែងបើកក្នុងកម្មវិធីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានមានប្រសាសន៍ថា កម្មវិធីពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា My First Stock ឆ្នាំ ២០១៩ នេះ ជាគំនិតផ្តួចផ្តើមដ៏ល្អរបស់ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា ក្នុងការលើកកម្ពស់ការយល់ដឹង និងជំរុញការសិក្សាស្វែងយល់អំពីកាលានុវត្តភាពនៃការវិនិយោគក្នុងផ្សារភាគហ៊ុនកម្ពុជា ពីសំណាក់សាធារណជន ។ ទន្ទឹមនេះ ការពង្រឹងតម្លាភាព, ទំនុកចិត្ត និង ភាពឤចប៉ាន់ប្រមាណបាន ជាកត្តាចាំបាច់ ដើម្បីអនុញ្ញាតឱ្យទីផ្សារមូលបត្រកម្ពុជាធ្វើដំណើរទៅមុខ និង អភិវឌ្ឍប្រកបដោយនិរន្តភាព ។ ជាមួយនឹងការរីកចម្រើននៃផ្សារមូលបត្រកម្ពុជា ដែលមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់កន្លងមកនេះ ក៏មានកិច្ចការជាច្រើនទៀតត្រូវកសាងឡើងដូចជា ប្រព័ន្ធជួញដូរចល័ត MTS (Mobile Trading System), ប្រព័ន្ធបង្ហាញព័ត៌មាន e-disclosure នៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា, ការបន្តជំរុញក្រុមហ៊ុនឯកជន និង សហ-គ្រាសសាធារណៈសក្តានុពលឱ្យមកចុះបញ្ជីក្នុងផ្សារមូលបត្រ, ការបោះផ្សាយមូលបត្របំណុល, ការសិក្សាអំពីលទ្ធភាពក្នុងការបង្កើតផលិតផលវិនិយោគផ្សេងៗ ដើម្បីអនុញ្ញតឱ្យវិនិយោគិនមានជម្រើសក្នុងការធ្វើពិពិធកម្មវិនិយោគក្នុងវិស័យ មូលបត្រនេះ ។ កិច្ចការទាំងអស់នេះ នឹងរួមចំណែកដល់ការជួយបង្កើនប្រសិទ្ធភាពការងារក្នុងផ្សារមូលបត្រ ។ ដូចនេះ ក្នុងនាមក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា សូមគាំទ្រចំពោះសកម្មភាពផ្សព្វផ្សាយបែបនេះ ក៏ដូចជាស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ចូលរួមគ្នាបន្ថែមទៀត ក្នុងការទាក់ទាញវិនិយោគិន និង ក្រុមហ៊ុនបោះផ្សាយ ។