16

Dec, 2019

សិក្ខាសាលាបណ្តុះបណ្តាលស្តីពី “នីតិវិធីរៀបចំ និង អនុវត្តថវិកាសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ” ជូនមន្ត្រីរាជការចំនួន ១៦៤ នាក់ របស់រដ្ឋបាលក្រុង ស្រុក នៃខេត្តចំនួន ៤ ចុងក្រោយ រួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងស្វាយរៀង

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០១៩ នៅសណ្ឋាគារអិលប៊ីអិន អាស៊ាន ខេត្តកំពង់ចាម, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “នីតិវិធីរៀបចំ និង អនុវត្តថវិកាសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ” ជូនមន្ត្រីរាជការចំនួន ១៦៤ នាក់ របស់រដ្ឋបាលក្រុង ស្រុក នៃខេត្តចំនួន ៤ ចុងក្រោយ រួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងស្វាយរៀង ក្នុងគោលបំណងពង្រឹងពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹងសម្រាប់ចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ ។
សិក្ខាសាលាបណ្ដុះបណ្ដាលនេះ សហការរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមការដឹកនាំដោយ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមផងដែរពី ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម, អភិបាលរងនៃគណៈ-អភិបាលខេត្តត្បូងឃ្មុំ ព្រៃវែង និងស្វាយរៀង, នាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អគ្គនាយករងនៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងតំណាងនៃអគ្គនាយកដ្ឋានរតនាគារជាតិ និងអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តម ពេជ្រ សម្បត្តិ បានបញ្ជាក់ថា ការបណ្តុះបណ្តាលនេះ គឺជាសកម្មភាពសំខាន់មួយគាំទ្រដល់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង កម្មវិធីកែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ព្រមទាំងកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និយាយជារួម និង និយាយដោយឡែក គឺការពង្រឹងនិងពង្រីកសមត្ថភាពមន្ត្រីរាជការនៃរដ្ឋបាលថ្នាក់ក្រុង ស្រុក ខណ្ឌ, លើកកម្ពស់ភាពជាម្ចាស់ និងមនសិការវិជ្ជាជីវៈ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសនឹងជួយដល់កិច្ចដំណើរការផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសរំលេចពីកម្មវិធីកែទម្រង់ការគ្រប់គ្រងសាធារណៈដែលត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការក្នុងឆ្នាំ ២០០៤ ដោយសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាសារវន្ត ជាពិសេសសម្រេចបាននូវ ßភាពជឿទុកចិត្តនៃថវិកាà ក្នុងដំណាក់កាលទី ១ និង ßគណនេយ្យភាពហិរញ្ញវត្ថុà នៅក្នុងដំណាក់កាលទី ២ ។ បច្ចុប្បន្ន កម្មវិធីកែទម្រង់នេះ កំពុងស្ថិតនៅក្នុងដំណាក់កាលទី ៣ ក្នុងគោលដៅបង្កើន “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ” ឤទិភាពរបស់រាជរដ្ឋាភិបាល ដែលនឹងត្រូវបញ្ចប់ដោយជោគជ័យនៅឆ្នាំ ២០២០ ហើយនឹងឈានទៅអនុវត្តដំណាក់កាលទី ៤ (២០២១-២០២៥) ក្នុងគោលដៅសម្រេចបាននូវ “គណនេយ្យភាពសមិទ្ធកម្ម” ។ ដើម្បីសម្រេចគោលដៅនេះ យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកា ត្រូវបានដាក់ឱ្យអនុវត្ត ហើយយុទ្ធសាស្ត្រនេះបានចង្អុលឱ្យមានការរៀបចំ យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ២០១៩-២០២៥ ដើម្បីប្រែក្លាយជាប្រព័ន្ធថវិកាជាតិពេញលេញ និងតែមួយ គឺ “ប្រព័ន្ធថវិកាជាតិ” ដែលជាចំណុចចាប់ផ្តើមនៃ ដំណើរវែងឆ្ងាយបន្តទៀត ឆ្ពោះទៅសម្រេចគោលដៅឆ្នាំ ២០២៥ នៅក្នុងការប្រែក្លាយប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិកម្ពុជា ឱ្យក្លាយជាប្រព័ន្ធមួយដែលមាន ប្រសិទ្ធភាព គណនេយ្យភាព តម្លាភាព ស្របតាមសមត្ថភាព និងតថភាពជាក់ស្តែងនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ។ ការណ៍នេះ តម្រូវឱ្យមានការចូលរួមប្រកបដោយបុរេសកម្ម និង សកម្មរបស់ក្រសួង-ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ និង ស្មារតីភ្ញាក់រលឹកធ្វើការកែទម្រង់ជាប្រចាំ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ និង ការដឹកនាំ ។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានបន្ថែមថា គម្រោងចំណាយថវិការបស់ថ្នាក់ក្រោមជាតិ ត្រូវបានបង្កើនជាង ៤ដង ពីប្រមាណ ១៩០ លានដុល្លារ នៅឆ្នាំ ២០១៣ ទៅដល់ប្រមាណ ៨២១ លានដុល្លារ នៅឆ្នាំ ២០២០ ខាងមុខ, ដែលគម្រោងចំណាយថវិកាឆ្នាំ ២០២០ នេះ ត្រូវបានរៀបចំដាក់បញ្ជូលទៅក្នុងសេចក្ដីព្រាងច្បាប់ស្ដីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០ ដែលទទួលបានការអនុម័តពីគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៩ និង បានដាក់ឆ្លងព្រឹទ្ធសភា រួចរាល់ពីថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០១៩ និងកំពុងរង់ចាំព្រះមហាក្សត្រឡាយព្រះហស្តលេខាដើម្បីអនុវត្ត ។
ឯកឧត្តម ពេជ្រ សម្បត្តិ ក៏បានសង្កត់ធ្ងន់បន្ថែមថា សិក្ខាសាលាបណ្តុះបណ្តាលស្តីពី “នីតិវិធីរៀបចំ និង អនុវត្តថវិកាសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ” នេះ ពិតជាមានសារៈសំខាន់ ដោយគ្រប់ប្រធានបទទាំងអស់ គឺសុទ្ធតែបានរៀបចំ ជាមេរៀន ដែលរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៃរាជធានី ខេត្ត ត្រូវអនុវត្តឱ្យបានគត់មត់ ដោយអនុលោមទៅតាមស្មារតី “យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ ២០១៩-២០២៥” ហើយសមស្របទៅនឹងដំណើរការផ្ទេរសិទ្ធិអំណាច និង ការទទួលខុសត្រូវលើការងារហិរញ្ញវត្ថុកាន់តែច្រើនឡើងៗ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ។ ការណ៍នេះ នឹងទាមទារចាំបាច់ឱ្យមន្ត្រីរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវមានសមត្ថភាព, មានជំនាញវិជ្ជាជីវៈសមស្របក្នុងទម្រង់ដូចគ្នានឹងរដ្ឋបាលថ្នាក់ជាតិ ។ ក្នុងចំណុចនេះ ឯកឧត្តម ក៏បានសង្កត់ធ្ងន់ថា ការកសាងសមត្ថភាពមន្ត្រីរាជការរបស់រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ចាំបាច់ត្រូវរៀបចំ និង អនុវត្តឱ្យមានលក្ខណៈប្រមូលផ្តុំ ជាប្រព័ន្ធ និង គ្រប់ជ្រុងជ្រោយ ស្របតាមស្មារតីនៃ ßផែនការយុទ្ធសាស្ត្រស្តីពីការកសាង និងអភិវឌ្ឍសមត្ថភាពក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣à សំដៅធានាប្រសិទ្ធភាព និង គុណភាពនៃការបណ្តុះបណ្តាលសមត្ថភាព ពោលគឺ ធ្វើឱ្យមន្ត្រីរាជការកាន់តែមានចំណេះដឹង ជំនាញវិជ្ជាជីវៈ និង គុណវុឌ្ឍិគ្រប់គ្រាន់សម្រាប់ចូលរួមចំណែកក្នុងការអនុវត្ត កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចបានជោគជ័យតាមការគ្រោងទុក ។