11

Dec, 2019

ពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “នីតិវិធីរៀបចំ និង អនុវត្តថវិកាសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ” ជូនមន្ត្រីរាជការចំនួន ១០០ នាក់ របស់រដ្ឋបាលក្រុង ស្រុក នៃខេត្តប៉ែកនិរតីចំនួន ៤ រួមមាន ខេត្តកំពត កែប កោះកុង និងព្រះសីហនុ

By: | Tags: | Comments: 0

នាព្រឹកថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០១៩ នៅសណ្ឋាគារកំពតឌីយ៉ាម៉ង់ ខេត្តកំពត, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “នីតិវិធីរៀបចំ និង អនុវត្តថវិកាសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ” ជូនមន្ត្រីរាជការចំនួន ១០០ នាក់ របស់រដ្ឋបាលក្រុង ស្រុក នៃខេត្តប៉ែកនិរតីចំនួន ៤ រួមមាន ខេត្តកំពត កែប កោះកុង និងព្រះសីហនុ ក្នុងគោលបំណងពង្រឹងពង្រីក​សមត្ថភាព និង លើកកម្ពស់ការយល់ដឹងសម្រាប់ចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ ។
សិក្ខាសាលាបណ្ដុះបណ្ដាលនេះ សហការរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានហិរញ្ញវត្ថុ​រដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមការដឹកនាំដោយឯកឧត្តម អិន អេម នាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមផងដែរពី លោកជំទាវអភិបាលរង នៃគណៈអភិបាលខេត្តកំពត, អភិបាលរង នៃគណៈអភិបាលខេត្តកែប កោះកុង និងព្រះសីហនុ, អគ្គនាយករង នៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំង​​តំណាងនៃអគ្គនាយកដ្ឋាន​រតនាគារជាតិ និងអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមនាយកវិទ្យាស្ថាន បានបញ្ជាក់ថា ការបណ្តុះបណ្តាលនេះ គឺជាសកម្មភាពសំខាន់មួយ​គាំទ្រដល់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង កម្មវិធីកែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ព្រមទាំងកម្មវិធីកែទម្រង់​រដ្ឋបាល​សាធារណៈ របស់រាជរដ្ឋាភិបាល ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និយាយជារួម និង និយាយដោយឡែក គឺការពង្រឹងនិងពង្រីកសមត្ថភាពមន្ត្រីរាជការនៃរដ្ឋបាលថ្នាក់ក្រុង ស្រុក ខណ្ឌ, លើកកម្ពស់ភាពជាម្ចាស់ និងមនសិការវិជ្ជាជីវៈ ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសនឹងជួយដល់កិច្ចដំណើរការផ្ទេរមុខងារ និងធនធានទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។
ឯកឧត្តមនាយក បានគូសរំលេចពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ​សាធារណៈដែលត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការ​ក្នុងឆ្នាំ ២០០៤ ដោយសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាសារវន្ត ជាពិសេសសម្រេចបាននូវ​ “ភាពជឿទុកចិត្តនៃថវិកា” ក្នុងដំណាក់កាលទី ១ និង “គណនេយ្យភាពហិរញ្ញវត្ថុ” នៅក្នុងដំណាក់កាលទី ២ ។ បច្ចុប្បន្ន កម្មវិធីកែទម្រង់នេះ កំពុងស្ថិតនៅក្នុងដំណាក់កាល​ទី ៣ ក្នុងគោលដៅបង្កើន “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ”​ អាទិភាពរបស់រាជរដ្ឋាភិបាល ដែលនឹងត្រូវ​បញ្ចប់ដោយ​ជោគជ័យនៅឆ្នាំ ២០២០ ហើយនឹងឈានទៅអនុវត្តដំណាក់កាលទី ៤ (២០២១-២០២៥) ក្នុងគោលដៅសម្រេចបាននូវ “គណនេយ្យភាពសមិទ្ធកម្ម” ។ ដើម្បីសម្រេចគោលដៅនេះ យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកា ត្រូវបានដាក់ឱ្យអនុវត្ត ហើយ​យុទ្ធសាស្ត្រនេះបានចង្អុលឱ្យមានការរៀបចំ យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ២០១៩-២០២៥ ដើម្បី​ប្រែក្លាយជាប្រព័ន្ធថវិកាជាតិពេញលេញ និងតែមួយ គឺ “ប្រព័ន្ធថវិកាជាតិ” ដែលជាចំណុចចាប់ផ្តើមនៃ ដំណើរវែងឆ្ងាយបន្តទៀត ឆ្ពោះទៅសម្រេចគោលដៅឆ្នាំ ២០២៥ នៅក្នុងការប្រែក្លាយប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិកម្ពុជា ឱ្យក្លាយជាប្រព័ន្ធ​មួយដែល​មាន ប្រសិទ្ធភាព គណនេយ្យភាព តម្លាភាព ស្របតាមសមត្ថភាព និងតថភាពជាក់ស្តែងនៃរដ្ឋបាលថ្នាក់ក្រោមជាតិ ។ ការណ៍នេះ តម្រូវឱ្យមានការចូលរួមប្រកបដោយបុរេសកម្ម និង សកម្មរបស់ក្រសួង-ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ និង ស្មារតីភ្ញាក់រលឹកធ្វើការកែទម្រង់ជាប្រចាំ ដើម្បីធានាបាននូវប្រសិទ្ធភាពការងារ និង ការដឹកនាំ ។
ឯកឧត្តមនាយកវិទ្យាស្ថាន ក៏បានសង្កត់ធ្ងន់បន្ថែមថា សិក្ខាសាលាបណ្តុះបណ្តាលស្តីពី “នីតិវិធីរៀបចំ និង អនុវត្តថវិកាសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ” នេះ ពិតជាមានសារៈសំខាន់ ដោយគ្រប់ប្រធានបទទាំងអស់ គឺសុទ្ធតែបានរៀបចំ ជាមេរៀន ដែល​រដ្ឋបាលក្រុង ស្រុក ខណ្ឌ នៃរាជធានី ខេត្ត ត្រូវអនុវត្តឱ្យបានគត់មត់ ដោយអនុលោមទៅតាមស្មារតី “យុទ្ធសាស្ត្រនៃការកែទម្រង់​ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ ២០១៩-២០២៥” ហើយសមស្របទៅនឹងដំណើរការផ្ទេរសិទ្ធិអំណាច និង ការទទួលខុសត្រូវ​លើការងារហិរញ្ញវត្ថុកាន់តែច្រើនឡើងៗ ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ។ ការណ៍នេះ នឹងទាមទារចាំបាច់ឱ្យមន្ត្រីរដ្ឋបាល​​ថ្នាក់ក្រោមជាតិ ត្រូវមានសមត្ថភាព, មានជំនាញវិជ្ជាជីវៈសមស្របក្នុងទម្រង់ដូចគ្នានឹងរដ្ឋបាលថ្នាក់ជាតិ ។ ក្នុងចំណុចនេះ ឯកឧត្តមនាយក ក៏បាន​សង្កត់ធ្ងន់ថា ការកសាងសមត្ថភាពមន្ត្រីរាជការរបស់រដ្ឋបាល រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ ចាំបាច់ត្រូវរៀបចំ និង អនុវត្តឱ្យមានលក្ខណៈប្រមូលផ្តុំ ជាប្រព័ន្ធ និង គ្រប់ជ្រុងជ្រោយ ស្របតាមស្មារតីនៃ “ផែនការ​យុទ្ធសាស្ត្រស្តីពីការកសាង និងអភិវឌ្ឍសមត្ថភាពក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣” សំដៅធានាប្រសិទ្ធភាព និង គុណភាពនៃការបណ្តុះបណ្តាលសមត្ថភាព ពោលគឺ ធ្វើឱ្យមន្ត្រីរាជការកាន់តែមានចំណេះដឹង ជំនាញវិជ្ជាជីវៈ និង គុណវុឌ្ឍិគ្រប់គ្រាន់ សម្រាប់ចូលរួមចំណែកក្នុងការអនុវត្ត កម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចបានជោគជ័យតាមការគ្រោងទុក ។