4

Nov, 2019

សិក្ខាសាលាថ្នាក់ជាតិស្តីពី “វិធានការមិនមែនពន្ធសម្រាប់កិច្ចសម្រួលពាណិជ្ជកម្មល្អប្រសើរ និង ទស្សនវិស័យគោលនយោបាយពាណិជ្ជកម្មកម្ពុជា” ដោយមានការចូលរួមពីថ្នាក់ដឹកនាំ, មន្ត្រីបង្គោល និង តំណាង ក្រសួង-ស្ថាប័នពាក់ព័ន្ធ

By: | Tags: | Comments: 0

នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្រុងសៀមរាប ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិវិធានការមិនមែនពន្ធ និង និហិតដ្ឋានជាតិព័ត៌មាន ពាក់ព័ន្ធនឹងពាណិជ្ជកម្ម បានដឹកនាំបើកសិក្ខាសាលាថ្នាក់ជាតិស្តីពី “វិធានការមិនមែនពន្ធសម្រាប់កិច្ចសម្រួលពាណិជ្ជកម្មល្អប្រសើរ និង ទស្សនវិស័យគោលនយោបាយពាណិជ្ជកម្មកម្ពុជា” ដោយមានការចូលរួមពីថ្នាក់ដឹកនាំ, មន្ត្រីបង្គោល និង តំណាង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលដៅពង្រឹងបន្ថែមនូវចំណេះដឹង និង សមត្ថភាពរបស់មន្ត្រីបង្គោលពាក់ ព័ន្ធនឹងវិធានការមិនមែនពន្ធ សំដៅរួមចំណែកថែរក្សា និង ការពារសុខុមាលភាព, សុវត្ថិភាពរបស់អ្នកប្រើប្រាស់, កាត់បន្ថយផលប៉ះពាល់អវិជ្ជមានលើបរិស្ថាន, ធានាបាននូវលក្ខខណ្ឌងាយស្រួលសម្រាប់ពាណិជ្ជកម្មផងដែរ។ សិក្ខា- សាលាក៏បានសង្កត់ធ្ងន់ផងដែរ លើបរិការណ៍ពិភពលោកបច្ចុប្បន្នដែលកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ជាពិសេស ការលេចឡើងនូវនិន្នាការគាំពារនិយម និង សង្គ្រាមពាណិជ្ជកម្ម ជាមួយនឹងទស្សនវិស័យគោលនយោបាយពាណិជ្ជកម្ម របស់កម្ពុជា ដើម្បីត្រៀមខ្លួនក្នុងការឆ្លើយតបទៅនឹងដំណើរវិវត្តថ្មីៗទាំងនេះ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចថា កម្ពុជាបាន និងកំពុងបន្តធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅទៅ ក្នុងសហគមន៍សេដ្ឋកិច្ចឤស៊ានស្របតាមចក្ខុវិស័យ ២០២៥ ដែលក្នុងនោះ មានលំហូរដោយសេរីនៃទំនិញ សេវា និង ការវិនិយោគក្នុងតំបន់ឤស៊ាន ដែលឤស៊ានបានជំរុញយ៉ាងខ្លាំងក្លាលើការធ្វើសេរីភាវូបនីយកម្មពន្ធគយ និង លើកកម្ពស់ តម្លាភាពនៃការអនុវត្តវិធានការមិនមែនពន្ធ ចាប់តាំងពីមានការបង្កើតនូវផែនការមេសហគមន៍សេដ្ឋកិច្ចឤស៊ាន ក្នុង ឆ្នាំ ២០០៧ និង សម្រេចបានជាសហគមន៍សេដ្ឋកិច្ចតែមួយ នៅឆ្នាំ២០១៥ កន្លងមក។ ក្នុងនោះ ឤស៊ានក៏នឹងសង្កត់ធ្ងន់ លើការលុបបំបាត់របាំងមិនមែនពន្ធ និង វិធានការមិនមែនពន្ធដែលមិនចាំបាច់ ក្នុងបុព្វហេតុជួយសម្រួលពាណិជ្ជកម្ម និង ពន្លឿនប្រតិបត្តិការនៃវិស័យពាណិជ្ជកម្ម ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ក៏បានលើកបន្ថែមថា រដ្ឋសមាជិកឤស៊ាន ក៏ប្តេជ្ញាកែលម្អវិធានការ មិនមែនពន្ធ និង និហិតដ្ឋានព័ត៌មានពាក់ព័ន្ធនឹងពាណិជ្ជកម្ម សំដៅចូលរួមជំរុញពាណិជ្ជកម្មក្នុងបណ្តាប្រទេសជាសមាជិក ឤស៊ាន និង ក្នុងតំបន់ទាំងមូល ដោយរដ្ឋសមាជិកឤស៊ានរួមទាំងកម្ពុជាផងដែរ ក៏មានកាតព្វកិច្ចក្នុងការធានាឱ្យព័ត៌មាន ពាក់ព័ន្ធនឹងពាណិជ្ជកម្មរួមមាន ៈ តារាងនាមវលីពន្ធគយ, តារាងពន្ធគយប្រជាជាតិអនុគ្រោះបំផុត និង ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដទៃទៀត, វិធានដើមកំណើត, ច្បាប់និងបទប្បញ្ញាតិពាណិជ្ជកម្មជាតិនិងគយ, តម្រូវការ នីតិវិធី និង ឯកសារនានា, ឧត្តមានុវត្តក្នុងកិច្ចសម្រួលពាណិជ្ជកម្ម និង បញ្ជីពាណិជ្ជករដែលទទួលបានឤជ្ញាប័ណ្ណ ដើម្បីផ្តល់ព័ត៌មានដល់សាធារណៈជនតាមរយៈប្រព័ន្ធអ៊ីនធឺណេត ។ ការណ៍នេះ តម្រូវឱ្យមាននិហិតដ្ឋានព័ត៌មានពាក់ព័ន្ធ នឹងពាណិជ្ជកម្មជាតិ និង និហិតដ្ឋានព័ត៌មានពាក់ព័ន្ធនឹងពាណិជ្ជកម្មឤស៊ាន ដើម្បីអនុញ្ញាតឱ្យសាធារណជនទូទៅ ឤចទទួលបាននូវព័ត៌មានពាក់ព័ន្ធនឹងពាណិជ្ជកម្ម ដោយទទួលបានផលប្រយោជន៍ពីការប្រើប្រាស់ធនធានប្រសើរជាង មុន, ទទួលបានផលប្រយោជន៍ពីការប្រកួតប្រជែង, ទទួលបានផលប្រយោជន៍ពីជម្រើសទំនិញ និង សេវាកាន់តែ ច្រើន, ទទួលបានផលប្រយោជន៍ពីភាពច្នៃប្រឌិត និង ការផ្លាស់ប្តូរបច្ចេកវិទ្យា និង ធ្វើឱ្យវិធានការមិនមែនពន្ធ ក្លាយ ជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការសម្រួលដល់ការធ្វើពាណិជ្ជកម្ម ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក៏បានថ្លែងលើក ទឹកចិត្តឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ក្នុងការក្រេបយកមេរៀន និង ចំណេះដឹងថ្មីៗ ពីសិក្ខាសាលានេះ សំដៅ យកទៅអនុវត្ត និងបម្រើឱ្យការងារនៅក្រសួង-ស្ថាប័នរបស់ខ្លួន ។ បន្ថែមពីនេះ ក៏បានជំរុញឱ្យបន្តកិច្ចសហការជិតស្និទ្ធ បន្ថែមទៀតរវាងលេខាធិការដ្ឋានជាតិ និងមន្ត្រីបង្គោលរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងការប្រមូលផ្ត�ច្បាប់ និង បទប្បញ្ញត្តិ ក៏ដូចជានីតិវិធីនានាថ្មីៗ ពាក់ព័ន្ធនឹងពាណិជ្ជកម្ម សម្រាប់ចាត់ថ្នាក់វិធានការមិនមែនពន្ធ និង ដាក់បញ្ជូល ក្នុងគេហទំព័រនិហិតដ្ឋានជាតិទាន់ពេលវេលា ខណៈវិស័យបច្ចេកវិទ្យា បានក្លាយជាចលករដ៏សំខាន់ ក្នុងការជំរុញឱ្យ មានការផ្លាស់ប្តូរទម្រង់នៃពាណិជ្ជកម្មអន្តរជាតិ និង រចនាសម្ព័ន្ធសេដ្ឋកិច្ច ដែលនឹងរួមចំណែកធានាបាននូវតម្លាភាពល្អ ប្រសើរសម្រាប់វិស័យពាណិជ្ជកម្ម ។