19

Nov, 2019

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានទទួលជួបគណៈប្រតិភូសមាគមអ្នកនិពន្ធខ្មែរ ដែលដឹកនាំដោយ ឯកឧត្តម ជ័យ ចាប ដែលមកជួបសំដែងការគួរសមនៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

By: | Tags: | Comments: 0

នាវេលាព្រឹក ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អមដោយឯកឧត្តមអគ្គលេខាធិការរងក្រសួង, បានទទួលជួបគណៈប្រតិភូសមាគមអ្នកនិពន្ធខ្មែរ ដែលដឹកនាំដោយ ឯកឧត្តម ជ័យ ចាប ដែលមកជួបសំដែងការគួរសមនៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ ក្នុងជំនួបនោះ សមាគមអ្នកនិពន្ធខ្មែរបានលើកឡើងពីសាវតានៃសមាគមន៍ ស្នាដៃ និង ការងារពាក់ព័ន្ធសំខាន់ៗ និង ដំណើរវិវឌ្ឍរបស់សមាគមន៍ ពិសេសការត្រួតពិនិត្យអក្ខរាវិរុទ្ធក្នុងសម័យកាលដែលបច្ចេកទេសវិទ្យាសាស្ត្រមានការរីកចម្រើនខ្ពស់នេះ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់អំពីកិច្ចខិតខំប្រឹងប្រែងលើការងាររបស់សមាគមអ្នកនិពន្ធខ្មែរ ហើយឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងគាំទ្រចំពោះកម្មវិធីចងក្រង បោះពុម្ពស្នាដៃនិពន្ធ ការប្រឡងស្នាដៃនិពន្ធ និង កម្មវិធីកែអក្ខរាវិរុទ្ធស្វ័យប្រវត្តិក្នុងប្រព័ន្ធ ដែលនឹងជួយលើកម្ពស់ស្នាដៃអ្នកនិពន្ធ ជំរុញការអាន និង រួមចំណែកសំខាន់ដល់ការបង្កើនផលប្រយោជន៍សម្រាប់សង្គមជាតិ ។