16

Oct, 2019

ពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “នីតិវិធីរៀបចំនិងអនុវត្តថវិការដ្ឋបាលក្រុង ស្រុក ខណ្ឌ” ជូនមន្ត្រីរាជការ ១៣៦ នាក់ នៃរដ្ឋបាលក្រុង ស្រុក នៃខេត្តចំនួន ៤ ភាគខាងលិចប្រទេស រួមមាន បាត់បំបង ប៉ៃលិន ពោធិ៍សាត់ និងកំពង់ឆ្នាំង នៅសណ្ឋាគារខេមរាបាត់ដំបង១ ទីរួមខេត្តបាត់បំបង

By: | Tags: | Comments: 0

다운로드

នាព្រឹកថ្ងៃទី ១៦ខែ តុលា ឆ្នាំ ២០១៩ នៅសណ្ឋាគារខេមរាបាត់ដំបង១ ទីរួមខេត្តបាត់បំបង, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “នីតិវិធីរៀបចំនិងអនុវត្តថវិការដ្ឋបាលក្រុង ស្រុក ខណ្ឌ” ជូនមន្ត្រីរាជការ ១៣៦ នាក់ នៃរដ្ឋបាលក្រុង ស្រុក នៃខេត្តចំនួន ៤ ភាគខាងលិចប្រទេស រួមមាន បាត់បំបង ប៉ៃលិន ពោធិ៍សាត់ និងកំពង់ឆ្នាំង ក្នុងគោលបំណងពង្រឹងពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹងសម្រាប់រួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៣ ឱ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព និង ចីរភាព ។
ពិធីបើកសិក្ខាសាលាបណ្តុះបណ្តាលនេះប្រព្រឹត្តទៅក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មានកិច្ចសហការរៀបចំពីវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ សិក្ខាសាលាបណ្តុះបណ្តាលនេះ មានរយៈពេល ៣ ថ្ងៃ ពីថ្ងៃទី១៦ ដល់ ១៨ ខែតុលា ឆ្នាំ២០១៩ ។
ថ្លែងក្នុងពិធីនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ ពេជ្រ សម្បត្តិ បានគូសបញ្ជាក់ថា កម្មវិធីកែទម្រង់ការគ្រប់គ្រងសាធារណៈ ត្រូវបានដាក់ឱ្យអនុវត្តជាផ្លូវការក្នុងឆ្នាំ ២០០៤ ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង សម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន ពិសេស “ភាពជឿទុកចិត្តនៃថវិកា” ក្នុងដំណាក់កាលទី ១ និង “គណនេយ្យភាពហិរញ្ញវត្ថុ” ក្នុងដំណាក់កាលទី២ ។ បច្ចុប្បន្ន កម្មវិធីកែទម្រង់នេះកំពុងស្ថិតនៅក្នុងដំណាក់កាលទី៣ ក្នុងគោលដៅបង្កើន “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ” របស់រាជរដ្ឋាភិបាល និងត្រូវបញ្ចប់នៅឆ្នាំ២០២០ មុននឹងឈានទៅអនុវត្តដំណាក់កាលទី៤ (២០២១-២០២៥) ក្នុងគោលដៅគឺ “គណនេយ្យភាពសមិទ្ធកម្ម” ។ ជារួម ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺមិនគ្រាន់តែជាការផ្លាស់ប្តូររបៀបនៃការគ្រប់គ្រងថវិកាប៉ុណ្ណោះទេ ប៉ុន្តែគឺជាអភិក្រមដ៏សំខាន់បំផុតមួយនៃការកែទម្រង់អភិបាលកិច្ច ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងគណនេយ្យភាពនៃការដឹកនាំ គ្រប់គ្រងការផ្តល់សេវាសាធារណៈប្រកបដោយប្រសិទ្ធភាពជូនប្រជាជន ។ ក្នុងន័យនេះ យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកា បានចង្អុលឱ្យមានការរៀបចំ យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០១៩-២០២៥ ដើម្បីប្រែក្លាយជាប្រព័ន្ធថវិកាកម្ពុជា ឱ្យក្លាយជាប្រព័ន្ធមួយដែលមានប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាព ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ ។
ក្នុងស្មារតីនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់ថា ការកសាងសមត្ថភាពមន្ត្រីរាជការគឺជាការងារចាំបាច់ ដើម្បីសម្រេចនូវគោលដៅខាងលើនោះ ។ ក្នុងនោះ គ្រប់អង្គភាពនៃរដ្ឋបាលក្រុង ស្រុក នៅទូទាំងប្រទេស ក៏ចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់លើការងារងារកសាងនិងអភិវឌ្ឍសមត្ថភាពនេះ ដើម្បីធ្វើឱ្យមន្ត្រីរាជការរបស់ខ្លួន មានចំណេះដឹង ជំនាញវិជ្ជាជីវៈ និង គុណវុឌ្ឍិគ្រប់គ្រាន់សម្រាប់ចូលរួមចំណែកក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពិសេស ការអនុវត្តយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០១៩-២០២៥ ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព និង ចីរភាព ។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានបន្ថែមថា ជានិច្ចកាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែងផ្តល់ការយកចិត្តទុកដាក់ជានិច្ចលើការបណ្តុះបណ្តាលនិងវិក្រឹតការសមត្ថភាពមន្រ្តីរាជការ ដែលជាកត្តាគាំទ្រគន្លឹះដើម្បីសម្រេចជោគជ័យ ក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ជាក់ស្តែង ចាប់ពី ឆ្នាំ ២០១៣ ដល់ ឆ្នាំ ២០១៨ កន្លងទៅ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំនិងអនុវត្តការបណ្តុះបណ្តាលនិងវិក្រឹតការជាបន្តបន្ទាប់ជូនថ្នាក់ដឹកនាំ និង មន្រ្តីរាជការរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងស្ថាប័ន លើការគ្រប់គ្រងហិញ្ញវត្ថុសាធារណៈ ដោយបណ្តុះបណ្តាលសិក្ខាកាមគោលដៅបាន ១៥.០៩២ នាក់ ។ ហើយបច្ចុប្បន្ន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក៏កំពុងបន្តយុទ្ធនាការបណ្តុះបណ្តាលជំនាញបច្ចេកទេសការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនសិក្ខាកាមគោលដៅ ១០៤៥ នាក់ ដែលជាមន្រ្តីគ្រប់គ្រងហិរញ្ញវត្ថុ, មន្ត្រីគ្រប់គ្រងថវិកា, រជ្ជទេយ្យករបុរេប្រទាន, រជ្ជទេយ្យករបុរេប្រទានរង, រជ្ជទេយ្យករចំណូល, រជ្ជទេយ្យករចំណូលរង និង មន្ត្រីទទួលបន្ទុកកិច្ចការលទ្ធកម្មសាធារណៈ នៃអង្គភាពថវិការបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងស្ថាប័ន ដើម្បីឆ្លើយតបនឹងតម្រូវការនៃការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល ដំណាក់កាលទី៣ និង ការត្រៀមខ្លួនសម្រាប់អនុវត្តដំណាក់កាលទី៤ ក្នុងពេលខាងមុខ ។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា សិក្ខាសាលាបណ្ដុះបណ្ដាលស្តីពី “នីតិវិធីរៀបចំនិងអនុវត្តថវិកាសម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ” នាពេលនេះ ពិតជាមានសារសំខាន់, ចាំបាច់ និងទាន់ពេល សម្រាប់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងការចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ អនុលោមទៅតាមស្មារតីយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ ២០១៩-២០២៥ ។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់គ្រប់បទឧទ្ទេស នៃសិក្ខាសាលាបណ្តុះបណ្តាលនេះ និង បានជំរុញលើកទឹកចិត្តដល់វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ និងអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យបន្តសហការរៀបចំវគ្គបណ្តុះបណ្តាល ថ្មីៗថែមទៀតជូនដល់មន្រ្តីរាជការ នៃអង្គភាពថវិការបស់គ្រប់អង្គភាពនៃរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់រួមចំណែកពង្រឹងពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹង ដើម្បីចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅដំណាក់កាលទី ៣ ឱ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព និង ចីរភាព ។

다운로드 다운로드 다운로드 다운로드