
20
Aug, 2018
វគ្គបណ្តុះបណ្តាលតម្រង់ទិសសម្រាប់មន្ត្រីរាជការថ្មី ៣៧២ នាក់ មកពីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី-ខេត្តទាំង ២៥ និង អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្នាក់មូលដ្ឋាន សម្រាប់ចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃចន្ទ ៩ កើត ខែ ស្រាពណ៍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែ សីហា ឆ្នាំ ២០១៨, នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, មានរៀបចំបើក វគ្គបណ្តុះបណ្តាលតម្រង់ទិសសម្រាប់មន្ត្រីរាជការថ្មី ៣៧២ នាក់ មកពីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី-ខេត្តទាំង ២៥ និង អង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្នាក់មូលដ្ឋាន សម្រាប់ចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ នៅដំណាក់កាលទី ៣ ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព ។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្នុងកិច្ចសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជូនសិក្ខាកាមគោលដៅ ដែលជាមន្រ្តីរាជការថ្មីនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅមូលដ្ឋាន ដើម្បីស្វែងយល់ និងពង្រីកចំណេះដឹងមូលដ្ឋានសំខាន់ៗ ពាក់ព័ន្ធនឹងការគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិសេសការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, រចនាសម្ព័ន្ធ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ទំនាក់ទំនងនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនឹងការបម្រើសេវាសាធារណៈ, កិច្ចការរដ្ឋបាលសាធារណៈ និង ទិដ្ឋភាពសំខាន់ៗនៃច្បាប់ស្តីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ជាមូលដ្ឋានក្នុងការអនុវត្តការងារ និងតួនាទីភារកិច្ចរបស់មន្រ្តីទាំងនោះ ឱ្យកាន់តែមានប្រសិទ្ធភាព ។
ថ្លែងក្នុងពិធីនោះ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ដ៏វៃឈ្លាសរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា-ណាចក្រកម្ពុជា តែងបានផ្តល់អាទិភាពជានិច្ចដល់ការកសាងនិងអភិវឌ្ឍធនធានមនុស្ស សម្រាប់ទ្រទ្រង់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង បានរួមចំណែកឱ្យកម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ជាប់ៗគ្នាប្រមាណជា ៧% ក្នុងរយៈពេល ៣ អាណត្តិកន្លងមក ហើយបានរួមចំណែកជួយឱ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប និង កំពុងខិតខំឈានឆ្ពោះទៅជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង ជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។
ឯកឧត្តម ពេជ្រ សម្បត្តិ ក៏បានគូសបញ្ជាក់ផងដែរថា ការបណ្តុះបណ្តាលតម្រង់ទិស ពិតជាមានសារៈសំខាន់សម្រាប់មន្ត្រីថ្មី និង សាមីអង្គភាព ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន ក្នុងការពង្រឹងពង្រីកចំណេះដឹង និងបំពាក់ស្មារតីការងារ និង ជាស្ពានសម្រាប់បន្តការអភិវឌ្ឍសមត្ថភាពជំនាញ ឱ្យកាន់តែប្រសើរថែមទៀត សំដៅជំរុញផលិតភាព និង ប្រសិទ្ធភាពការងារ ប្រកបដោយចីរភាព នៅតាមអង្គភាពនីមួយៗ ។
ទន្ទឹមនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានសង្កត់ធ្ងន់ផងដែរថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែងបានយកចិត្តទុកជានិច្ចលើការកសាងនិងអភិវឌ្ឍសមត្ថភាពលើជំនាញសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃគ្រប់ក្រសួងស្ថាប័ន ។ ជាក់ស្តែង ឆ្លើយតបទៅនឹងតម្រូវការ សម្រាប់អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅដំណាក់កាលទី១ និង ទី២ , ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដាក់ឱ្យអនុវត្តជាផ្លូវការក្នុងឆ្នាំ ២០០៧ នូវ ßផែនការយុទ្ធសាស្ត្រកសាងនិងអភិវឌ្ឍសមត្ថភាពà ដំបូង ដែលត្រូវបានរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមជំនួយពីទីប្រឹក្សាបច្ចេកទេសនៃធនាគារពិភពលោក ។ ផែនការយុទ្ធសាស្រ្តនេះ ត្រូវបានអនុវត្តយ៉ាងសកម្ម និងរស់រវើក និង ទទួលបានលទ្ធផល គួរជាទីមោទនៈ ដែលបានចូលរួមចំណែកធ្វើឱ្យការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សម្រេចគោលដៅដោយជោគជ័យក្នុងការកសាង “ភាពទុកចិត្តបាននៃថវិកា” នៅដំណាក់កាលទី ១ ក្នុងឆ្នាំ ២០០៨ និង “គណនេយ្យភាពហិរញ្ញវត្ថុ” នៅដំណាក់កាលទី ២ ក្នុងឆ្នាំ ២០១៥ ។
ឯកឧត្តមអនុរដ្ឋលេខាធិការក៏បានគូសបញ្ជាក់ថា សមិទ្ធផលខាងលើនេះ គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ ការបន្តអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅដំណាក់កាលទី៣ ដែលត្រូវបានចាប់ផ្តើមនៅខែមីនា ឆ្នាំ ២០១៦ ក្នុងគោលដៅ “បង្កើនការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយជាអាទិភាព” ក្នុងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ។ លើសពីនេះ សមិទ្ធផលខាងលើ ក៏បានរួមចំណែកជួយឱ្យកម្ពុជាចាកផុតពីបំណុលសាច់ប្រាក់រ៉ាំរ៉ៃ និងមានអតិរេកសាច់ប្រាក់ សម្រាប់បង្កើនការចំណាយវិនិយោគសាធារណៈ ក្នុងវិស័យសំខាន់ៗ ដូចជាអប់រំ និង សុខាភិបាល និងថែមទាំងមានលទ្ធភាពបង្កើនបៀវត្សជាបណ្តើរៗជូនមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និង និវត្តជនថែមទៀត។ បច្ចុប្បន្ន ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំពុងស្ថិតនៅក្នុងដំណាក់កាលទី ៣ និង មានតួអង្គអនុវត្តន៍កាន់តែច្រើនឡើងៗ ទន្ទឹមនឹងការផ្ទេរភាពជាម្ចាស់ និងការទទួលខុសត្រូវកាន់តែច្រើនទៅកាន់ក្រសួងស្ថាប័ន ក្នុងកាលៈទេសៈដែលសមត្ថភាពធនធានមនុស្សនៅមានកម្រិត ។ ក្នុងបរិការណ៍នេះ ßផែនការយុទ្ធសាស្ត្រកសាងនិងអភិវឌ្ឍសមត្ថភាពà ត្រូវបានធ្វើបច្ចុប្បន្នកម្មឡើងវិញ និង ត្រូវបានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃទី ៩ ខែ កក្កដា ឆ្នាំ ២០១៨ កន្លងទៅ ។ តាមរយៈនេះ គ្រប់អង្គភាព និងក្រសួងស្ថាប័ន ចាំបាច់ត្រូវពង្រឹងពង្រីកសមត្ថភាព និងការយល់ដឹងថែមទៀតជូនមន្រ្តីរាជការរបស់ខ្លួន ដើម្បីធានាតម្លាភាព និង សង្គតិភាព ក្នុងការអនុវត្តថវិកាកម្មវិធីពេញលេញ និង អង្គភាពថវិកា ក្នុងក្របខណ្ឌនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព និង ចីរភាព តាមការគ្រោងទុក ។
ក្នុងស្មារតីនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ ពេជ្រ សម្បត្តិ បានសង្កត់ធ្ងន់ថា វគ្គបណ្តុះបណ្តាលតម្រង់ទិស នៅពេលនេះ គឺជាឱកាស ដ៏សំខាន់សម្រាប់មន្រ្តីរាជការថ្មីទាំងអស់ ក្នុងការក្រេបយកចំណេះដឹង និងបទពិសោធន៍ និង ជាស្ពានក្នុងការបន្តអភិវឌ្ឍសមត្ថភាពថែមទៀត នៅពេលខាងមុខ ។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យយកចិត្តទុកដាក់ ស្តាប់ និងស្វែងយល់លើគ្រប់បទឧទ្ទេសរបស់គ្រូ និងវាគ្មិនទាំងអស់ ព្រមទាំងចូលរួមលើកសំណួរ ពិភាក្សា និង ផ្លាស់ប្តូរគំនិតយោបល់ឱ្យបានផុសផុល ដើម្បីចាប់យកចំណេះដឹង និង ចំណេះធ្វើពិតប្រាកដ សម្រាប់យកទៅអនុវត្តនៅក្នុងអង្គភាពការងាររៀងៗខ្លួន ឆ្លើយតបទៅនឹងតម្រូវការក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក៏ដូចជា សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិទាំងមូល ។
ឯកឧត្តម អនុរដ្ឋលេខាធិការ បានជំរុញលើកទឹកចិត្តដល់វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ្ និង អគ្គលេខាធិការដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យបន្តកិច្ចសហការឱ្យកាន់តែស្អិតរមួតថែមទៀត ក្នុងការរៀបចំនិងអនុវត្តការបណ្តុះបណ្តាលតម្រង់ទិស សម្រាប់មន្ត្រីរាជការថ្មីរបស់គ្រប់អង្គភាព ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅដំណាក់កាលទី ៣ ឱ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព និងចីរភាព ។