6

Feb, 2018

ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ តាមស្តង់ដារគណនេយ្យសាធារណៈអន្តរជាតិ” ជូនមន្ត្រីរាជការជំនាញមកពីអគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

By: | Tags: | Comments: 0

នាព្រឹកថ្ងៃ អង្គារ ៦ រោច ខែ មាឃ ឆ្នាំ រកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹង ថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, មានរៀប​ចំបើកវគ្គបណ្តុះបណ្តាលស្តីពី ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ តាមស្តង់ដារគណនេយ្យសាធារណៈអន្តរជាតិ” ជូនមន្ត្រីរាជការជំនាញមកពីអគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោល​បំណង​ពង្រឹងពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹងបន្ថែម សម្រាប់អនុវត្តការកែ​​ទម្រង់ការ​គ្រប់​គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់​កាលទី ៣ ឱ្យ​សម្រេ​ច​បាន​ជោគ​​ជ័យ តាមការគ្រោងទុក ។

ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច​​និងហិរញ្ញវត្ថុ និង មានការចូលរួមពី Ms. Yong Sarah Zhou តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំនៅកម្ពុជា និង មានកិច្ចសហការរៀបចំពី វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ការិយាល័យជំនួយបច្ចេ​កទេ​ស​នៃមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំប្រទេសថៃ (TAOLAM) ។ វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល ២ ថ្ងៃ គឺពីថ្ងៃទី ៦ ដល់ ថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០១៨ ។

ថ្លែនៅក្នុងឱកាសនោះ លោកស្រី  Yong Sarah Zhou

តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិនៅកម្ពុជា បានអបអរសាទរចំពោះ​រាជរដ្ឋាភិបាលកម្ពុជា ដែលទទួលជោគជ័យជាបន្តបន្ទាប់ ក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង បានគូសបញ្ជាក់ពីកិច្ចសហការរវាងមូលនិធិរូបិយវត្ថុអន្តរាជាតិ និង រាជរដ្ឋាភិបាលកន្លងមក ក្នុងរូបភាពជាជំនួយបច្ចេក​ទេស សម្រាប់គាំទ្រការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ លោកស្រីបានលើកឡើងថា ផ្អែកតាមបទពិសោធន៍អន្តរជាតិ​វគ្គបណ្តុះបណ្តាលស្តីពីការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ តាមស្តង់ដារគណនេយ្យសាធារណៈអន្តរជាតិ នៅពេលនេះ ពិតជាមានសារសំខាន់ ព្រោះ​វានឹងជួយដល់មន្រ្តីកម្ពុជាក្នុងការព្យាករណ៍ និង ការគ្រប់គ្រងសាច់ប្រាក់​ឱ្យបានគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព ។ ក្នុងន័យនេះ ​លោកស្រីបានបញ្ជាក់ថា មូលនិធិរូបិយវត្ថុអន្តរជាតិ​ នឹងបន្តគាំទ្រងនូវជំនួយបច្ចេកទេសនានាសម្រាប់​ការកសាងសមត្ថភាពមន្ត្រីរាជការពាក់ព័ន្ធក្នុងការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈបន្ថែមទៀត ។

ថ្លែងនៅក្នុងពិធីបើកវគ្គ​បណ្តុះ​បណ្តាលនេះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច​​ និង ហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា ការអនុវត្តកម្មវិធីការកែទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ​ បានឈានមកដល់ឆ្នាំទី៤ នៃដំណាក់​កាលទី ៣ ក្នុងគោលដៅ​បង្កើនការផ្សារភ្ជាប់ថវិកា​ទៅនឹងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល បន្ទាប់ពីទទួលបានជោគជ័យជាសារវ័ន្តក្នុងការកសាង​បាន​នូវ ភាពជឿទុកចិត្តបាននៃថវិកា នៅដំណាក់កាលទី ១ និង គណនេយ្យភាព​ហិរញ្ញវត្ថុ នៅដំណាក់កាលទី២ តាមរយៈការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធគណនីទោលរតនាគារជាតិ (National Treasury Single Account), មាតិកាថវិកាថ្មី, ប្លង់គណនីថ្មី, ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជំហានទី១ និង ការអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បង និង អង្គភាពថវិកា ជាដើម ។

ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា នៅក្នុងដំណាក់កាលទី៣ នេះ ឈរលើមូលដ្ឋានជោគជ័យនៅក្នុងដំណាក់កាលទី១ និង ទី២ រាជរដ្ឋាភិបាលបានពង្រីកវិសាលភាពនៃការអនុវត្តការកែទម្រង់ការគ្រប់​គ្រងហិរញ្ញវត្ថុសាធារណៈ ពិសេស ការអនុវត្តការអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បង និង អង្គភាពថវិកា និង បានផ្ទេរការទទួលខុសត្រូវលើការសម្រេចចិត្តកាន់តែច្រើនឡើងទៅកាន់ក្រសួងស្ថាប័ន សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ប្រការនេះ ធ្វើឱ្យតម្រូវការបណ្តុះបណ្តាល និងកសាងសមត្ថភាពមានការកើនឡើងយ៉ាងខ្លាំង ។ ក្នុងស្មារតីនេះ នៅឆ្នាំ ២០១៨ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដាក់ចេញនូវផែន​ការ​យុទ្ធសាស្រ្តស្តីពីការកសាង និង អភិវឌ្ឍសមត្ថភាព ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់​គ្រងហិរ​ញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ ដែលចង្អុលបង្ហាញថា ត្រូវបន្តយកចិត្តទុកដាក់ថែមទៀត លើការបណ្តុះបណ្តាល​និងវិក្រឹតការ​សមត្ថភាព ផ្អែកលើសេចក្តីត្រូវការចាំបាច់ ដើម្បី​ឱ្យកម្ពុជាកសាងបាននូវមន្ត្រីរាជការមានសមត្ថភាពជំនាញ និង ជំនឿ​ទុកចិត្ត សម្រាប់បំពេញតួនាទី ភារកិច្ច ប្រកបដោយវិជ្ជាជីវៈ តម្លាភាព និង គណនេយ្យភាព ចូលរួមចំណែកសម្រេចគោលដៅនៃការបង្កើនការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល និង បង្កើនប្រសិទ្ធភាព ក្នុងការផ្តល់សេវាសាធារណៈ ឆ្លើយ​តបទៅនឹងតម្រូវការ និង សំណូមពររបស់ប្រជាជន ។

ក្នុងន័យនេះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពីការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ តាមស្តង់ដារគណនេយ្យសាធារណៈអន្តរជាតិ នេះគឺមានសារ:សំខាន់សម្រាប់មន្ត្រីទទួលបន្ទុកកិច្ចការគណនេយ្យសាធារណៈ ដើម្បីពង្រឹងសមត្ថភាព និង​ លើកកម្ពស់ការយល់ដឹងថែមទៀត សម្រាប់ការគ្រប់គ្រង និង ការព្យាករណ៍សាច់ប្រាក់ ឱ្យបានគ្រប់ជ្រុងជ្រោយ និងមានប្រសិទ្ធភាព ពិសេស ដើម្បីបំពេញតម្រូវការនៃការបើកផ្តល់សាច់ប្រាក់ សម្រាប់ទូទាត់ការចំណាយ គាំទ្រដល់ប្រក្រតីភាព និង​ ប្រសិទ្ធភាព នៃការអនុវត្តផែនការសកម្ម​ភាពប្រចាំឆ្នាំរបស់អង្គភាព ក៏ដូចជា ក្រសួងស្ថាប័ន ។ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បានបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងដើម្បីឱ្យមន្ត្រីជំនាញទទួលបន្ទុក កិច្ចការគណនេយ្យសាធារណៈ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រៀមលក្ខណសម្បត្តិខាងចំណេះដឹង ជាពិសេស ក្នុងការស្វែងយល់នូវបញ្ហាប្រឈម និង ដកស្រង់បទពិសោធន៍អំពីការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ តាមស្តង់ដារគណនេយ្យសាធារណៈអន្តរជាតិ ពីមូលដ្ឋានសាច់ប្រាក់ (Cash Basis) ទៅមូលដ្ឋានសាច់ប្រាក់កែសម្រួល (Modified Cash Basis)និង ឆ្ពោះទៅមូលដ្ឋានគណនេយ្យបង្គរ (Accrual Basis)នៅពេលអនាគត ។

efi-2018-2-6_1efi-2018-2-6_2efi-2018-2-6_3efi-2018-2-6_4