
24
Dec, 2018
វគ្គបណ្តុះបណ្តាលស្តីពី “ការបញ្រ្ជាបការយល់ដឹងអំពីការប្រើប្រាស់ប្រព័ន្ធ ព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” ជូនដល់មន្ត្រីរាជការចំនួន ៦០ នាក់ មកពីអាជ្ញាធរសវនកម្មជាតិ
នាព្រឹកថ្ងៃ ២ រោច ខែ មិគសិរ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៨ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ការបញ្រ្ជាបការយល់ដឹងអំពីការប្រើប្រាស់ប្រព័ន្ធ ព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” ជូនដល់មន្ត្រីរាជការចំនួន ៦០ នាក់ មកពីអាជ្ញាធរសវនកម្មជាតិ ។
វគ្គបណ្តុះបណ្តាលនេះ បានសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពាក់ព័ន្ធក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អាជ្ញាធរសវនកម្មជាតិ ក្នុងគោលបំណងពង្រឹងសមត្ថភាព និង ការយល់ដឹងបន្ថែម ពាក់ព័ន្ធនឹងវិធាន និង និតិវិធីនៃការអនុវត្តប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ជូនសិក្ខាកាមគោលដៅ ដែលជាមន្ត្រីរាជការនៃអាជ្ញាធរសវនកម្មជាតិ សម្រាប់ត្រៀមអនុវត្តការងារសវនកម្មដោយប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់ និង សំដៅជំរុញការចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យប្រព្រឹត្តទៅសម្រេចគោលដៅតាមការគ្រោងទុក ។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខា-ធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អាជ្ញាធរសវនកម្មជាតិជាច្រើនរូបទៀត ។
ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសា-ធារណៈ គឺជាកម្មវិធីកែទម្រង់ស្នូលមួយនៃកម្មវិធីកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងអភិបាលកិច្ច និង ធានាប្រសិទ្ធភាពនៃការអនុវត្តថវិកាជាតិ, ទ្រទ្រង់ការអភិវឌ្ឍសេដ្ឋកិច្ចឱ្យប្រកបដោយបរិយាប័ន្ន ដូចបានកំណត់ក្នុងយុទ្ធសាស្រ្តចតុកោណ និង ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ។ ជារួម, កម្មវិធីកែទម្រង់ការគ្រប់គ្រងសាធារណៈមានគោលដៅកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ឆ្ពោះទៅកាន់ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដែលផ្តោតលើលទ្ធផល/សមិទ្ធកម្ម និង វិមជ្ឈការ ស្របតាមស្តង់ដារអន្តរជាតិ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ក៏បានបញ្ជាក់ទៀតថា បច្ចុប្បន្នការអនុវត្តកម្មវិធីការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កំពុងស្ថិតនៅក្នុងដំណាក់កាលទី ៣ ក្នុងគោលដៅបង្កើន “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ” ដែលគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២០ និង កំពុងមានវឌ្ឍនភាពល្អប្រសើរ ឈានឆ្ពោះទៅទទួលជោគជ័យ និង កសាងបានមូលដ្ឋានបន្តឈានទៅអនុវត្តដំណាក់កាលទី ៤ សំដៅបង្កើន “គណនេយ្យភាពចំពោះសមិទ្ធកម្ម” ដែលគ្រោងនឹងអនុវត្តពីឆ្នាំ ២០២១ ដល់ ឆ្នាំ ២០២៥ ខាងមុខ ។
ទន្ទឹមនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវឯកសារ “យុទ្ធ-សាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិកាកម្ពុជា ២០១៨ –២០២៥ ” ដោយបានប្តេជ្ញាធ្វើការផ្លាស់ប្តូរជាបណ្តើរៗពីប្រព័ន្ធថវិកាផ្អែកលើធាតុចូល និង មជ្ឈការ ឆ្ពោះទៅប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម ក្នុងឆ្នាំ ២០២៥ ។ ផ្អែកតាមទស្សនទាននេះ ថវិកាកម្មវិធី ត្រូវបានចាប់ ផ្តើមអនុវត្តសាកល្បងពេញលេញចាប់ពីឆ្នាំ ២០១៥, ហើយក្នុងឆ្នាំ ២០១៨ នេះថវិកាកម្មវិធី នេះត្រូវបានអនុវត្តនៅគ្រប់ក្រសួង- ស្ថាប័នទាំងអស់ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា ដើម្បីចូលរួមជំរុញវឌ្ឍនភាពល្អប្រសើរនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ, ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ត្រូវបានដាក់ឱ្យអនុវត្ត ។ ប្រព័ន្ធ FMIS គឺជាឧបករណ៍ដ៏មានសារៈសំខាន់សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាពិសេសការកែទម្រង់ប្រព័ន្ធថវិកា ស្របតាមឧត្តមានុវត្តជាអន្តរជាតិ ដើម្បីទទួលបានជោគជ័យតាមគោលដៅនៃកម្មវិធីកែទម្រង់ ។ ជាមួយគ្នានេះ, ការធ្វើសាមញ្ញកម្មក្របខណ្ឌ និង នីតិវិធីនៃការត្រួតពិនិត្យ និង ការបើកផ្តល់ នឹងត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS)។ បច្ចុប្បន្ន, ប្រព័ន្ធ FMIS កំពុងស្ថិតនៅក្នុងជំហានទី ២ ដែលកំពុងរៀបចំដាក់ឱ្យក្រសួង-ស្ថាប័នចំនួន ១០ បន្ថែមទៀត រួមនឹងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុទាំង ២៥ រាជធានី-ខេត្ដ ចូលរួមអនុវត្ត ។ ទន្ទឹមនោះ, ប្រព័ន្ធ FMIS នឹងត្រូវបន្តពង្រីកឱ្យគ្របដណ្តប់លើប្រតិបត្តិការទាំងអស់ ក្នុងវដ្តថវិកា ដែលរួមមានៈ ការរៀបចំគម្រោងថវិកា, ការអនុវត្តថវិកា, កិច្ចបញ្ជិកាគណនេយ្យ, ការធ្វើរបាយការណ៍, ការតាមដាន និង សវនកម្ម ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ការបណ្តុះបណ្តាលនាពេលនេះ គឺឆ្លើយតបទៅនឹងសំណូមពរ និង តម្រូវការចាំបាច់របស់អាជ្ញាធរសវនកម្មជាតិក្នុងការស្វែងយល់អំពី ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពិសេសទាក់ទងទៅនឹងមុខងារសំខាន់ៗ ដូចជា មុខងារសៀវភៅធំ, មុខងារវិភាជន៍ថវិកា, មុខងារទំនិញ និង មុខងារគណនីត្រូវសង ជាដើម ដែលសុទ្ធតែជាមេរៀនដ៏មានសារៈសំខាន់ ដើម្បីជាមូលដ្ឋានក្នុងការអនុវត្តមុខងារសវនកម្ម សំដៅធានាតម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព និង ការសន្សំសំចៃ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។