28
Aug, 2017
វគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា” នៅទីរួមខេត្តមណ្ឌលគិរី
នាព្រឹកថ្ងៃទី ២៨ ខែ សីហា ឆ្នាំ ២០១៧ នៅទីរួមខេត្តមណ្ឌលគិរី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធី” ក្នុងគោលបំណងពង្រឹង ពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹងជូនមន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុ ចំនួន ១០០ នាក់ មកពីបណ្តាមន្ទីរ អង្គភាពជំនាញចំនួន ៧ នៃខេត្តចំនួន៤ រួមមាន មណ្ឌលគិរី រតនគិរី ស្ទឹងត្រែង និង ក្រចេះសម្រាប់អនុវត្តថវិកាកម្មវិធី និងអង្គភាពថវិកា ក្នុងក្របខ័ណ្ឌ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ ឱ្យសម្រេចបានជោគជ័យ។ ពិធីបើកវគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមពីឯកឧត្តម យីម លុច្ស អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី ។
ក្រោមកិច្ចសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, អគ្គនាយកដ្ឋានជំនាញពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តមណ្ឌលគិរី ។
នៅក្នុងឱកាសនោះ ពីឯកឧត្តម យីម លុច្ស អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី បានលើកឡើងអំពីស្ថានភាព នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ខេត្ត ដោយបានសង្កត់ធ្ងន់ទៅលើសេចក្តីត្រូវការចាំបាច់ក្នុងការកសាង និង អភិវឌ្ឍធនធានមនុស្ស សម្រាប់អនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពិសេសសម្រាប់ការអនុវត្តថវិកាកម្មវិធីនិងអង្គភាពថវិកា។ ទន្ទឹមនេះ ឯកឧត្តមអភិបាលរងខេត្ត បានបញ្ជាក់ថា កន្លងមកខេត្តមណ្ឌលគិរី ក៏ដូចជាខេត្តផ្សេងទៀតបានជួបប្រទះបញ្ហាប្រឈមមួយចំនួនក្នុងការអនុវត្តការងារ ដោយសារកង្វះធនធានមនុស្សដែលមានសមត្ថភាព ជំនាញ និង បទពិសោធន៍គ្រប់គ្រាន់ ហើយការស្វែងរក និងកៀរគរធនធានមនុស្សដែលមានសក្តានុពល មកពីអង្គភាព ស្ថាប័នដទៃ ក៏មិនងាយស្រួលនោះដែរ ។ ហេតុនេះ វគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធី” នេះ គឺពិតជាមានសារៈសំខាន់ និងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការជាក់ស្តែង ក្នុងការកសាង និងអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការនៃមន្ទីរអង្គភាពជំនាញ នៃខេត្តមណ្ឌលគិរី ក៏ដូចជានៅបណ្តាខេត្តដទៃទៀត នៅភូមិភាគឦសាននេះ ដើម្បីចូលរួមចំណែកគាំទ្រនិងអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បងនិងអង្គភាពថវិកា ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព ។
ថ្លែងក្នុងពិធីនោះ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តនូវកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មានលក្ខណៈគ្រប់ជ្រុងជ្រោយ និង មាន ៤ ដំណាក់កាលសំខាន់ៗ ហើយបាននិងកំពុងឈានឡើងជាជំហានៗពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀត ។ ជាលទ្ធផលនៃការកែទម្រង់នេះ កម្ពុជាបានទទួលជោគជ័យគួរជាទីមោទនៈ ដោយកសាងបាននូវភាពជឿទុកចិត្តបាននៃថវិកា នៅដំណាក់កាលទី ១ និង គណនេយ្យភាពហិរញ្ញវត្ថុ នៅដំណាក់កាលទី២ ។ បច្ចុប្បន្ននេះ ការកែទម្រង់នេះ បានឈានដល់ឆ្នាំទី ៣ នៃដំណាក់កាលទី ៣ សំដៅផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ ដែលជាចំណុចរបត់មួយដ៏សំខាន់ មានវិសាលភាពធំទូលាយ និង កាន់តែស្មុគស្មាញជាងមុន ដោយសារមានតួអង្គសំខាន់ៗ ចូលរួមអនុវត្តកាន់តែច្រើន ទន្ទឹមនឹងការផ្ទេរនូវការទទួលខុសត្រូវ កាន់តែច្រើនឡើងៗ ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទៅកាន់ក្រសួង ស្ថាប័ន និង មន្ទីរ អង្គភាព សាមី ក្នុងការរៀបចំ តាមដាន ត្រួតពិនិត្យនិងអនុវត្តថវិកា ។
ឯកឧត្តម ពេជ្រ សម្បត្តិ បានបន្ថែមថា ដើម្បីឈានទៅសម្រេចបានតាមគោលដៅនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ នេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដាក់ចេញនូវ “គោលការណ៍ណែនាំស្ដីពីនីតិវិធីអនុវត្តថវិកាកម្មវិធី” ក្នុងគោលបំណងរៀបចំក្របខណ្ឌគតិយុត្តគ្រប់ជ្រុងជ្រោយ សម្រាប់ក្រសួង ស្ថាប័ន និង មន្ទីរជំនាញរាជធានី-ខេត្ត អនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា សំដៅធានាឱ្យបានការវិភាជន៍ថវិកា ត្រូវបានអនុវត្តដោយអនុលោមតាមនីតិវិធីហិរញ្ញវត្ថុ ជាធរមាន និង កត់ត្រាបានត្រឹមត្រូវតាមមាតិកាថវិកា, មាតិកាគណនេយ្យ ព្រមទាំងស្របតាមកម្មវិធី, អនុកម្មវិធី និង សកម្មភាពតាមការគ្រោងទុក ។
ក្នុងស្មារតីនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានកំណត់ទិសដៅច្បាស់លាស់ និង លើកទឹកចិត្តខ្ពស់ លើការងារ កសាងនិងអភិវឌ្ឍសមត្ថភាពធនធានមនុស្ស លើជំនាញគ្រប់គ្រងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសាធារណៈ ពិសេសសម្រាប់មន្ត្រីរាជការគោលដៅ ដែលជាមន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុ ដើម្បីចូលរួមអនុវត្តការងារ តួនាទី ភារកិច្ចរបស់ខ្លួន កាន់តែមានប្រសិទ្ធភាព ។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា វគ្គបណ្ដុះបណ្ដាលស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធី” នេះ នឹងជួយឱ្យការអនុវត្តតួនាទីភារកិច្ច របស់មន្ទីរ អង្គភាពជំនាញ ពាក់ព័ន្ធការអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បង សម្រេចបានលទ្ធផលផ្លែផ្កា តាមការគ្រោងទុក និង ឆ្លើយតបបានទាន់ពេលវេលាទៅនឹងតាមតម្រូវការរបស់អង្គភាពរៀងៗខ្លួន ក្នុងគោលដៅធានាប្រសិទ្ធភាព សង្គតិភាព និងផលិតភាពនៃការប្រើប្រាស់ថវិកាជាតិ ស្របតាមគោលបំណងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល ។ ក្នុងន័យនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានលើកទឹកចិត្តឱ្យសិក្ខាកាមទាំងអស់ខិតខំយកចិត្តទុកដាក់ចូលរួម និង ស្តាប់គ្រប់បទឧទ្ទេសរបស់គ្រូបង្គោល និង វាគ្មិនទាំងអស់នៃវគ្គបណ្តុះបណ្តាល ព្រមទាំងចូលរួមពិភាក្សាផ្លាស់ប្តូរទស្សនៈ គំនិតយោបល់ និង បទពិសោធន៍គ្នាទៅវិញទៅមក ឱ្យបានសកម្ម ផុលផុស ដើម្បីស្វែងយល់ និង ចាប់យកចំណុចគន្លឹះសម្រាប់យកទៅអនុវត្តឱ្យបានល្អប្រសើរ នៅពេលត្រឡប់ទៅកាន់អង្គភាពការងាររៀងៗខ្លួនវិញ ។