
12
Jun, 2017
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា” ជូនមន្រ្តីរាជការរជ្ជទេយ្យករ រជ្ជទេយ្យកររង និង មន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុចំនួន ១០០ នាក់
នៅថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០១៧ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា” ជូនមន្រ្តីរាជការរជ្ជទេយ្យករ រជ្ជទេយ្យកររង និង មន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុចំនួន ១០០ នាក់ មកពីមន្ទីរ អង្គភាពជំនាញចំនួន ៧ នៃសាលាខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម និង ខេត្តត្បូងឃ្មុំ ក្នុងគោលបំណង ដើម្បីពង្រឹងពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹង សម្រាប់អនុវត្តថវិកាកម្មវិធីនិងអង្គភាពថវិកា ក្នុងក្របខ័ណ្ឌនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅដំណាក់កាលទី ៣ ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព និងតម្លាភាពសម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តក្រោមអធិបតីភាពឯកឧត្តម អិន អេម នាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម ហ៊ូ វតនៈ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ។ វគ្គបណ្ដុះបណ្ដាលនេះបានរៀបចំរយៈពេល ៤ ថ្ងៃ គឺពីថ្ងៃទី ១២ ដល់ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៧ នៅសណ្ឋាគារវ៉ៃគោ ទីរួមខេត្តស្វាយរៀង និង ក្រោមកិច្ចសហការរៀបចំដោយ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានជំនាញពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខេត្តស្វាយរៀង ។
នៅក្នុងឱកាសនោះ ឯកឧត្តម ហ៊ូ វតនៈ អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង បានរាយការណ៍អំពីស្ថានភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ខេត្តស្វាយរៀង ព្រៃវែង កំពង់ចាម និងខេត្តត្បូងឃ្មុំ ដោយបានសង្កត់ធ្ងន់អំពីសេចក្តីត្រូវការក្នុងកសាងនិងអភិវឌ្ឍធនធានមនុស្ស សម្រាប់ចូលរួមចំណែកក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពិសេស គឺសម្រាប់ការអនុវត្តថវិកាកម្មវិធី និងអង្គភាពថវិកា ដោយកន្លងមក ខេត្តទាំង ៤ បានជួបបញ្ហាប្រឈមមួយចំនួន ដោយសារកង្វះធនធានមនុស្សដែលមានសមត្ថភាពជំនាញ និងបទពិសោធន៍គ្រប់គ្រាន់ ។ ក្នុងន័យនេះ ឯកឧត្តមអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀងបានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធីសម្រាប់អង្គភាពថវិកា” នេះ ពិតជាមានសារៈសំខាន់ និងត្រូវបានរៀបចំឡើងទាន់ពេលវេលា ឆ្លើយតបទៅនឹងតម្រូវការកសាងសមត្ថភាពមន្ត្រីរាជការ នៃមន្ទីរ អង្គភាពជំនាញទាំង៧ របស់សាលាខេត្តទាំង ៤ សម្រាប់អនុវត្តថវិកាកម្មវិធីពេញលេញសាកល្បង និង អង្គភាពថវិកា នៅឆ្នាំ២០១៧ នេះ ។
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តម អិន អេម នាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសហការជិតស្និទ្ធ និង អនុវត្តខ្ជាប់ខ្ជួន តាមគោលការណ៍ និង ការដឹកនាំចង្អុលបង្ហាញរបស់ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ការណែនាំផ្ទាល់របស់ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការរៀបចំ និង អនុវត្តកម្មវិធីបណ្តុះបណ្តាល និង កសាងសមត្ថភាព ក្នុងគោលបំណងបង្កើនការយល់ដឹង និងពង្រីកសមត្ថភាពថែមទៀតជូនមន្រ្តីរាជការនៃមន្ទីរ អង្គភាពពាក់ព័ន្ធរបស់គ្រប់រាជធានី-ខេត្ត នៅទូទាំងប្រទេស សម្រាប់ចូលរួមអនុវត្តថវិកាកម្មវិធីពេញលេញ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងអនុលោមតាមក្រមសីលធម៌វិជ្ជាជីវៈ ជាធរមាន ។ ឯកឧត្តមនាយកវិទ្យាស្ថាន បានលើកឡើងថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ មាន ៤ ដំណាក់កាលសំខាន់ៗ និង ឈានឡើងជាជំហានៗ ពីដំណាក់កាលមួយទៅដំណាក់កាលមួយទៀត ។ ការកែទម្រង់នេះបានទទួលជោគជ័យគួរឱ្យកត់សម្គាល់នៅដំណាក់កាលទី១ និង ដំណាក់កាលទី២ ពោលគឺការកសាងបាននូវភាពជឿទុកចិត្តនៃថវិកា និង គណនេយ្យភាពហិរញ្ញវត្ថុ ហើយបច្ចុប្បន្នបានឈានដល់ឆ្នាំទី២ នៃដំណាក់កាលទី៣ សំដៅជំរុញការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយកជាអាទិភាពរបស់រាជរដ្ឋាភិបាល ដែលជាចំណុចរបត់ដ៏សំខាន់ និង មានវិសាលភាពធំទូលាយ និងកាន់តែស្មុគ្រស្មាញជាមុន ព្រោះមានក្រសួងស្ថាប័ន និងមន្ទីរ អង្គភាពកាន់តែច្រើនឡើង ត្រូវចូលរួមអនុវត្តថវិកាកម្មវិធី ពេញលេញសាកល្បង និង អង្គភាពថវិកា និង ត្រូវការនូវធនធានមនុស្សមានសមត្ថភាព និង ជំនាញគ្រប់គ្រាន់ កាន់តែច្រើនឡើង ទាំងនៅថ្នាក់ជាតិនិងថ្នាក់មូលដ្ឋាន ដើម្បីចូលរួមអនុវត្តការងារនេះឱ្យសម្រេចជោគជ័យប្រកបដោយប្រសិទ្ធភាពតាមការគ្រោងទុក ។ ប្រការនេះធ្វើឱ្យតម្រូវការបណ្តុះបណ្តាល និង កសាងសមត្ថភាព លើជំនាញស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា គឺជាការចាំបាច់ ដែលក្រុមមន្រ្តីគ្រប់គ្រងហិរញ្ញវត្ថុ (ដូចជា ក្រុមលទ្ធកម្ម, ក្រុមការងារថវិកា, រជ្ជទេយ្យករ, រជ្ជទេយ្យកររង, ភ្នាក់ងារបើកផ្តល់ និង ភ្នាក់ងារបើកផ្តល់ជំនួស ជាដើម) ត្រូវរៀនសូត្រ ស្វែងយល់ និងហ្វឹកហាត់ ដើម្បីធ្វើបច្ចុប្បន្នកម្ម និងពង្រីកចំណេះដឹង និងចំណេះធ្វើឱ្យកាន់តែរឹងមាំ សម្រាប់អនុវត្តតួនាទីភារកិច្ច ប្រកបដោយផលិតភាព និងប្រសិទ្ធភាព ។
ទន្ទឹមនេះ ឯកឧត្តមនាយកវិទ្យាស្ថាន ក៏បានបញ្ជាក់ផងដែរថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាល និងកសាងសមត្ថភាពមន្រ្តីរាជការ ដែលជាកត្តាគន្លឹះដើម្បីសម្រេចជោគជ័យ ក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ជាក់ស្តែង នៅឆ្នាំ ២០១៦ កន្លងទៅ មានវគ្គបណ្តុះបណ្តាលចំនួន ៤៤ វគ្គ ត្រូវរៀបចំឡើង សម្រាប់រួមចំណែកក្នុងអនុវត្តថវិកាកម្មវិធី និងដើម្បីលើកកម្ពស់ភាពជាម្ចាស់ និង បណ្តុះឆន្ទៈកំណែទម្រង់ ជូនមន្រ្តីរាជការ ថ្នាក់ដឹកនាំជំនាញ និង ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួងស្ថាប័ន ដែលមានសិក្ខាកាមសរុបចំនួន ៣៥៣០ នាក់ ក្នុងនោះក៏មាន ប្រធាន អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អភិបាលរងទទួលបន្ទុកហិរញ្ញវត្ថុ នៃខេត្តទាំង ៤ ខាងលើនេះផងដែរ ។ លើសពីនោះ នៅត្រឹមចុងខែឧសភា ឆ្នាំ ២០១៧ កន្លងទៅនេះ មានវគ្គបណ្តុះបណ្តាលចំនួន ១២ វគ្គ ត្រូវបានសហការរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានសិក្ខាកាមសរុបប្រមាណ ១៧៩៩ នាក់ បានចូលរួមសិក្សាក្រេបយកចំណេះដឹង ចំណេះធ្វើ និង ផ្លាស់ប្តូរបទពិសោធន៍ ។
ឯកឧត្តមនាយកវិទ្យាស្ថានបានសង្កត់ធ្ងន់ថា វគ្គបណ្ដុះបណ្ដាលស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធី នៅពេលនេះ ពិតជាមានសារសំខាន់ សម្រាប់ចូលរួមចំណែកដល់ការបង្កើនចំណេះដឹង ពង្រឹងពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹងអំពីបទប្បញ្ញតិ្ត និង នីតិវិធីនៃការរៀបចំ និង អនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា ជូនដល់មន្រ្តីរាជការសម្រាប់តម្រង់ទិសការអនុវត្តតួនាទីភារកិច្ចនៃមន្ទីរ អង្គភាពជំនាញនីមួយៗ ឱ្យឈានទៅសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព ឆ្លើយតបបានទាន់ពេលវេលាទៅនឹងតាមតម្រូវការនៅតាមអង្គភាពរៀងៗខ្លួន ក្នុងគោលដៅធានាប្រសិទ្ធភាព និងផលិតភាពនៃការប្រើប្រាស់ថវិកាជាតិ ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។
ឯកឧត្តមនាយកវិទ្យាស្ថាន ក៏បានសំណូមពរឱ្យសិក្ខាកាមទាំងអស់ សូមយកចិត្តសូមទុកដាក់ស្តាប់គ្រប់បទឧទ្ទេសរបស់គ្រូឧទ្ទេស និង វាគ្មិនទាំងអស់នៃវគ្គបណ្តុះបណ្តាលនេះ និង ត្រូវចូលរួមលើកសំណួរ ចោទឆ្លើយ ពិភាក្សា និងផ្លាស់ប្តូរគំនិតយោបល់ឱ្យបានផុសផុល ដើម្បីចាប់យកចំណេះដឹង និង ចំណេះធ្វើឱ្យបានជាអតិបរមាសម្រាប់យកទៅអនុវត្តក្នុងការដ្ឋានការងារ នៅពេលត្រឡប់ទៅកាន់មន្ទីរ អង្គភាពរៀងៗខ្លួនវិញ ពិសេសគឺដើម្បីចូលរួមអនុវត្តថវិកាកម្មវិធី និងអង្គភាពថវិកាឱ្យសម្រេចបានជោគជ័យ ក្នុងការជំរុញការផ្សារភ្ជាប់ថវិកាទៅនឹងគោលបំណងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ឆ្លើយតបទៅនឹងសេចក្តីត្រូវការ សំណូមពរ និងបំណងប្រាថ្នារបស់ប្រជាជន ។