2
May, 2017
វគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីអនុវត្តថវិកាកម្មវិធី ជូនមន្ត្រីរាជការចំនួន ១៣៨ នាក់ នៃអង្គភាពថវិកាថ្នាក់កណ្ដាល របស់ក្រសួង ស្ថាប័ន ចំនួន ១១
នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៧ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបើកវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធី” ជូនមន្ត្រីរាជការចំនួន ១៣៨ នាក់ នៃអង្គភាពថវិកាថ្នាក់កណ្ដាល របស់ក្រសួង ស្ថាប័ន ចំនួន ១១ ដែលអនុវត្តថវិកាកម្មវិធីពេញលេញ សាកល្បងនៅឆ្នាំ ២០១៧ ក្នុងគោលដៅដើម្បីពង្រឹងពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹង សម្រាប់អនុវត្តការកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ នៅដំណាក់កាលទី៣ ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព សម្រាប់កាអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងនៅសណ្ឋាគារសាន់វ៉េ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ ក្រោមកិច្ចសហការរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានថវិកា អគ្គនាយកដ្ឋានរតនាគារជាតិ និង អង្គភាពពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយវគ្គបណ្តុះបណ្តាលនឹងប្រព្រឹត្តទៅសម្រាប់ រយៈពេល ៤ ថ្ងៃ គឺពីថ្ងៃទី ២ ដល់ថ្ងៃទី ៥ ខែ ឧសភា ឆ្នាំ ២០១៧ ។
ថ្លែងក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនោះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ឆ្នាំនេះគឺជាឆ្នាំទី៣ នៃការអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បង និង អង្គភាពថវិកានៅកម្ពុជា ហើយនៅឆ្នាំ ២០១៧ នេះ មានក្រសួង ស្ថាប័នចំនួន ៣៦ រួមនឹងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទ ទាំងថ្នាក់ជាតិ និង ថ្នាក់មូលដ្ឋាន ត្រូវចូលរួមអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បង ហើយនៅឆ្នាំ ២០១៨ ខាងមុខ នឹងមានក្រសួង ស្ថាប័នធំៗចំនួន ៣ ចុងក្រោយ ត្រូវចូលរួមអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បង ដែលធ្វើឱ្យក្រសួងស្ថាប័ន ត្រូវចូលរួមអនុវត្តថវិកាកម្មវិធីត្រូវកើនដល់ ៣៩ នៅពេលនោះ ។
ទន្ទឹមនេះ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ ក៏បានបញ្ជាក់ផងដែរថា ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈបានមកដល់ចំណុចរបត់ដ៏សំខាន់មួយ ដែលមានវិសាលភាពកាន់តែធំទូលាយ និង ស្មុគស្មាញជាងមុន ដែលតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន និង អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវបង្កើនឆន្ទៈនៃភាពជាម្ចាស់ និង ការចូលរួមអនុវត្តឱ្យកាន់តែខ្លាំងក្លាជាងមុនថែមទៀត ។ ក្នុងន័យនេះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើការងារបណ្តុះបណ្តាល និង កសាងសមត្ថភាពមន្រ្តីរាជការ ដែលជាកត្តាគន្លឹះដើម្បីសម្រេចជោគជ័យគ្រប់ដំណាក់កាលនៃការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ជាក់ស្តែងក្នុងឆ្នាំ២០១៦ កន្លងទៅមានវគ្គបណ្តុះ បណ្តាល ៤៤ វគ្គ ត្រូវបានរៀបចំឡើង ហើយមានមន្រ្តីរាជការ និងថ្នាក់ដឹកនាំជំនាញ និងថ្នាក់ដឹកនាំជាន់ខ្ពស់សរុបចំនួន ៣៥៣០ នាក់ បានចូលរួមទទួលការបណ្តុះបណ្តាល បង្កើនចំណេះដឹង និង ដកស្រង់បទពិសោធន៍ ទាំងក្នុងប្រទេស និង ក្រៅប្រទេស ។ លើសពីនេះ ដើមឆ្នាំ ២០១៧ នេះ មានវគ្គបណ្តុះបណ្តាលកម្រិតជំនាញចាំបាច់សម្រាប់អនុវត្តថវិកាកម្មវិធី និង ការលើកកម្ពស់ភាពជាអ្នកដឹកនាំក្នុងវិស័យសាធារណៈ និង បណ្តុះឆន្ទៈក្នុងការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ចំនួន ៦ វគ្គ រួចមកហើយ ត្រូវបានសហការរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ស្ថាប័នបណ្តុះបណ្តាលជាតិ និងអន្តរជាតិ ជូនមន្រ្តីរាជការនិងថ្នាក់ដឹកនាំ របស់ក្រសួង ស្ថាប័ន សម្រាប់អនុវត្តថវិកាកម្មវិធីពេញលេញសាកល្បង និងមានសិក្ខាកាមសរុបប្រមាណ ៦០០ នាក់ បានចូលរួមសិក្សាស្វែងយល់ និងដកស្រង់បទពិសោធន៍ ។
ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការបានគូសបញ្ចាក់ថា វគ្គបណ្ដុះបណ្ដាលនាពេលនេះ ពិតជាមានសារ:សំខាន់ និង ត្រូវបានរៀបចំឡើងទាន់ពេលវេលា សម្រាប់ចូលរួមចំណែកដល់ការបង្កើនចំណេះដឹង ពង្រឹងពង្រីកសមត្ថភាព និង ការយល់ដឹងជូនដល់មន្រ្តីរាជការរបស់ក្រសួង ស្ថាប័ន ចំនួន ១១ ដែលអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បងនៅឆ្នាំ២០១៧ ឱ្យប្រព្រឹត្តទៅមានតម្លាភាព, គណ-នេយ្យភាព, សន្សំសំចៃ និងទាន់ពេលវេលា ដើម្បីធានាប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកាជាតិ ឆ្លើយតបតម្រូវការនៃការអនុវត្តគោលនយោបាយអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ប្រកបដោយប្រសិទ្ធភាព ។
ជាមួយនេះ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់នូវគ្រប់បទឧទ្ទេសនាមរបស់គ្រូឧទ្ទេស និងវាគ្មិននៃវគ្គបណ្តុះបណ្តាល ព្រមទាំងត្រូវចូលរួមពិភាក្សាផ្លាស់ប្តូរទស្សនៈ, គំនិតយោបល់ និង បទពិសោធន៍ ឱ្យបានសកម្មផុលផុស ដើម្បីស្វែងយល់ និងចាប់យកចំណុចគន្លឹះពិតប្រាកដ សម្រាប់យកទៅអនុវត្តឱ្យមានប្រសិទ្ធភាព នៅពេលត្រឡប់ទៅកាន់កន្លែងការងារ នៅតាមអង្គភាពរៀងៗខ្លួនវិញ ។
ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការក៏បានវាយតម្លៃខ្ពស់ចំពោះ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានថវិកា អគ្គនាយក- ដ្ឋានរតនាគារជាតិ និងអង្គភាពពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានសហការក្នុងការរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារ:សំខាន់នេះ សម្រាប់រួមចំណែកដល់ការពង្រឹង ពង្រីកសមត្ថភាពជូនមន្រ្តីរាជការរបស់ក្រសួងស្ថាប័ន ដើម្បីបំពេញតួនាទី ភារកិច្ច ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ពិសេស ដើម្បីចូលរួមចំណែកអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅក្នុងដំណាក់កាលទី ៣ ឱ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ។