23
May, 2017
ពិធីបើកវគ្គបណ្តុះបណ្តាល និងវិក្រឹតការ ស្ដីពីវិធាន និង បទប្បញ្ញត្តិស្ដីពីលទ្ធកម្មសាធារណៈ ជូនមន្រ្តីនៃគណៈកម្មាធិការលទ្ធកម្ម និងអង្គភាពលទ្ធកម្មនៃរដ្ឋបាលក្រុង ស្រុក ចំនួន ២០០ នាក់ នៃខេត្តចំនួន ១៣
នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៧ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បន្តយុទ្ធនាការបណ្តុះបណ្តាល និងវិក្រឹតការលើជំនាញ “វិធាននិងបទប្បញ្ញត្តិស្ដីពីលទ្ធកម្មសាធារណៈ” ជូនមន្រ្តីនៃគណៈកម្មាធិការលទ្ធកម្ម និងអង្គភាពលទ្ធកម្មនៃរដ្ឋបាលក្រុង ស្រុក ចំនួន ២០០ នាក់ នៃខេត្តចំនួន ១៣ គឺខេត្តបាត់ដំបង, ខេត្តបន្ទាយមានជ័យ, ខេត្តប៉ៃលិន, ខេត្ត ឧត្តរមានជ័យ, ខេត្តសៀមរាប, ខេត្តព្រះវិហារ, ខេត្តស្ទឹងត្រែង, ខេត្តរតនគិរី, ខេត្តមណ្ឌលគិរី, ខេត្តក្រចេះ, ខេត្តត្បូង ឃ្មុំ, ខេត្តកំពង់ចាម និង ខេត្តកំពង់ធំ ក្នុងគោលដៅពង្រឹងពង្រីកសមត្ថភាព និងធ្វើបច្ចុប្បន្នកម្មចំណេះដឹង និង ជំនាញ ដើម្បីអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅក្នុងដំណាក់កាលទី ៣ ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព និង តម្លាភាពសម្រាប់លារអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។
ពិធីបើកវគ្គបណ្តុះបណ្តាល និង វិក្រឹតការនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ និង ក្រោមកិច្ចសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅសណ្ឋាគារភ្នំពេញ ។ វគ្គបណ្តុះបណ្តាលនិងវិក្រឹតការនេះ មានរយៈពេល ៣ ថ្ងៃ គឺពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៧ ។
ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា កិច្ចលទ្ធកម្មសាធារណៈត្រូវបានដាក់ឱ្យអនុវត្តនៅរដ្ឋបាលក្រុង ស្រុក នៅឆ្នាំ ២០១៣ តាមរយៈប្រកាសអន្តរក្រសួងរវាងក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយបានកំណត់អំពីនីតិវិធីនៃការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការលទ្ធកម្ម និង អង្គភាពលទ្ធកម្មរបស់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ។ ដំណើរការអនុវត្តការងាររបស់ គណៈកម្មាធិការលទ្ធកម្ម និងអង្គភាពលទ្ធកម្ម រយៈពេល ៤ ឆ្នាំកន្លងមក របស់រដ្ឋបាលក្រុង ស្រុក នៃខេត្តទាំង១៣ នាពេលនេះ បាន និងកំពុងអនុវត្តការងាររបស់ខ្លួន ដោយដើរទន្ទឹមគ្នាជាមួយនឹងបទប្បញ្ញត្តិ និង លិខិតបទដ្ឋានជាច្រើន ត្រូវបានដាក់ឱ្យអនុវត្តជាបន្តបន្ទាប់ ដែលប្រការនេះធ្វើឱ្យតម្រូវការបណ្តុះបណ្តាល និង កសាងសមត្ថភាព លើជំនាញពាក់ព័ន្ធនឹងការអនុវត្តថវិកាកម្មវិធីមានការកើនឡើងជាលំដាប់ ក្នុងនោះ វិធាននិងបទប្បញ្ញត្តិ ស្តីពីលទ្ធកម្មសាធារណៈ គឺជំនាញចាំបាច់មួយ ដែលក្រុមលទ្ធកម្មនៃអង្គភាពថវិកា ត្រូវរៀនសូត្រ ស្វែងយល់ និងហ្វឹកហាត់ ដើម្បីធ្វើបច្ចុប្បន្នកម្ម និងពង្រីកចំណេះដឹង និងចំណេះធ្វើឱ្យកាន់តែរឹងមាំ សម្រាប់អនុវត្តតួនាទីភារកិច្ច ប្រកបដោយផលិតភាព និងប្រសិទ្ធភាព ។
ទន្ទឹមនេះ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ ក៏បានបញ្ជាក់ផងដែរថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាល និងកសាងសមត្ថភាពមន្រ្តីរាជការ ដែលជាកត្តាគន្លឹះដើម្បីសម្រេចជោគជ័យ ក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ជាក់ស្តែង នៅឆ្នាំ ២០១៦ កន្លងទៅ មានវគ្គបណ្តុះបណ្តាលចំនួន ៤៤ វគ្គ ត្រូវរៀបចំឡើង សម្រាប់រួមចំណែកក្នុងអនុវត្តថវិកាកម្មវិធី និងដើម្បីលើកកម្ពស់ភាពជាម្ចាស់ និង បណ្តុះឆន្ទៈកំណែទម្រង់ ជូនមន្រ្តីរាជការ ថ្នាក់ដឹកនាំជំនាញ និង ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួងស្ថាប័ន ដែលមានសិក្ខាកាមសរុបចំនួន ៣៥៣០នាក់ ។ ហើយនៅដើមឆ្នាំ ២០១៧ នេះ មានវគ្គបណ្តុះបណ្តាលចំនួន ១០វគ្គ រួចមកហើយ ត្រូវបាន សហការរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងស្ថាប័នបណ្តុះបណ្តាលជាតិ-អន្តរជាតិ ជូនមន្រ្តីរាជការនិងថ្នាក់ដឹកនាំជំនាញរបស់ក្រសួង ស្ថាប័ននិងអង្គភាពពាក់ព័ន្ធក្រោមឱវាទ និងមានសិក្ខាកាមសរុបប្រមាណ ១៣៨៥ នាក់ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលទាំងនោះ ។
ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា វគ្គបណ្ដុះបណ្ដាលនិងវិក្រឹតការនាពេលនេះ ពិតជាមានសារសំខាន់ និង ត្រូវបានរៀបចំឡើងទាន់ពេលវេលា សម្រាប់ចូលរួមចំណែកដល់ការបង្កើនចំណេះដឹង ពង្រឹងពង្រីកសមត្ថភាព និងបង្កើនការយល់ដឹងលើខ្លឹមសារ នៃការរៀបចំគម្រោងធានាចំណាយសម្រាប់អនុវត្តកិច្ចលទ្ធកម្ម,បទប្បញ្ញត្តិរួមនៃលទ្ធកម្ម,លទ្ធកម្មសេវាទីប្រឹក្សា,ផែនការលទ្ធកម្ម,ការកែតម្រូវផែនការលទ្ធកម្ម និងការធ្វើរបាយការណ៍អនុវត្តកិច្ចលទ្ធកម្ម ជូនដល់មន្រ្តីក្រុមលទ្ធកម្ម សម្រាប់តម្រង់ទិសការអនុវត្តកិច្ចលទ្ធកម្មរបស់ក្រសួងនីមួយៗ ឱ្យឈានទៅសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព ឆ្លើយតបបានទាន់ពេលវេលាទៅនឹងតាមតម្រូវការនៅតាមក្រសួងស្ថាប័នរៀងៗខ្លួន ព្រោះការគ្រប់គ្រងកិច្ចលទ្ធកម្មសាធារណៈគឺជាឧបករណ៍គោលនយោបាយដ៏សំខាន់ និង មិនអាចខ្វះបាន ដើម្បីធានាប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកាជាតិ ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ។
ជាមួយនេះ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យខិតខំយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់នូវគ្រប់បទឧទ្ទេសនាមរបស់គ្រូឧទ្ទេស និង វាគ្មិនទាំងអស់នៃវគ្គបណ្តុះបណ្តាលនៅពេលនោះ ព្រមទាំងត្រូវចូលរួមពិភាក្សាផ្លាស់ប្តូរយោបល់ និង បទពិសោធន៍ ឱ្យបានសកម្ម និង ផុលផុស ដើម្បីស្វែងយល់ និងចាប់យកចំណុច គន្លឹះសម្រាប់យកទៅអនុវត្តឱ្យមានប្រសិទ្ធភាព នៅពេលត្រឡប់ទៅកាន់អង្គភាពការងាររៀងៗខ្លួនវិញ ។ ឯកឧត្តម បណ្ឌិតរដ្ឋលេខាធិការ បានជំរុញលើកទឹកចិត្តដល់វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឱ្យបន្តសហការក្នុងការរៀបចំវគ្គបណ្តុះបណ្តាល និង វិក្រឹតការ ថែមទៀតជូនដល់ក្រុម លទ្ធកម្មនៃអង្គភាពថវិការបស់គ្រប់ក្រសួងស្ថាប័ន សម្រាប់រួមចំណែកពង្រឹង ពង្រឹងសមត្ថភាព និងលើកកម្ពស់ការយល់ ដឹង ដើម្បីចូលរួមអនុវត្តកិច្ចលទ្ធកម្មសាធារណៈ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ក្នុងក្របខណ្ឌនៃអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៣ ឱ្យសម្រេចបានជោគជ័យ និងប្រកបដោយប្រសិទ្ធភាព ។