24
Apr, 2017
នាព្រឹកថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៧ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធីអនុវត្តថវិកាកម្មវិធី ជូនមន្ត្រីរាជការនៃអង្គភាពថវិកាថ្នាក់កណ្ដាល របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ចំនួន ៧៥ នាក់
នាព្រឹកថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០១៧ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបើកវគ្គបណ្តុះបណ្តាលស្តីពី នីតិ វិធីអនុវត្តថវិកាកម្មវិធី ជូនមន្ត្រីរាជការនៃអង្គភាពថវិកាថ្នាក់កណ្ដាល របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ចំនួន ៧៥ នាក់ ដែលជាយុទ្ធនាការដ៏សំខាន់មួយ ក្នុងការពង្រឹង ពង្រីកសមត្ថភាព និង លើកកម្ពស់ការ យល់ដឹងរបស់រជ្ជទេយ្យករ, រជ្ជទេយ្យកររង និង មន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុ ដើម្បីអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅក្នុងដំណាក់កាលទី ៣ ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព ក្នុងគោលដៅផ្សាភ្ជាប់ រវាងថវិកាទៅនឹងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល សម្រាប់កាអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។
ពិធីបើក វគ្គបណ្តុះបណ្តាលត្រូវបានរៀបចំឡើងនៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ និង ក្រោមកិច្ចសហការរៀបចំឡើងដោយ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានពាក់ព័ន្ធ ដោយមានការគាំទ្រថវិកាដោយអង្គការយូនីសេហ្វ ហើយវគ្គ បណ្ដុះបណ្ដាលនេះ នឹងប្រព្រឹត្តទៅសម្រាប់រយៈពេល ៥ ថ្ងៃ គឺចាប់ពីថ្ងៃទី ២៤ ដល់ ថ្ងៃទី ២៨ ខែ មេសា ឆ្នាំ ២០១៧ ។
ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានធ្វើការគូសបញ្ជាក់ថា ឆ្នាំនេះ គឺជាឆ្នាំទី៣ នៃការអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បង និង អង្គភាពថវិកានៅកម្ពុជា ។ ជាសាវតា នៅឆ្នាំ ២០១៥ គឺជាឆ្នាំចាប់ផ្តើមដំបូង ដែល ពេលនោះមានក្រសួង ស្ថាប័នត្រឹមតែ ១០ ប៉ុណ្ណោះ ត្រូវបានដាក់ឱ្យអនុវត្ត, ហើយនៅឆ្នាំ ២០១៦ មានក្រសួង ស្ថាប័ន រហូតដល់ទៅ ២៥ បានចូលរួមអនុវត្តថវិកាកម្មវិធីពេញលេញនេះ ។ ដោយឡែកនៅឆ្នាំ ២០១៧ នេះ មានក្រសួង ស្ថាប័នចំនួន ១១ ថែមទៀត រួមជាមួយអង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទ, ទាំងថ្នាក់ជាតិ និង ថ្នាក់មូលដ្ឋាន ត្រូវចូលរួម អនុវត្តថវិកាកម្មវិធីពេញលេញសាកល្បង និង នៅឆ្នាំ ២០១៨ ក្រសួង ស្ថាប័ន ៣ ចុងក្រោយ នឹងត្រូវដាក់ឱ្យអនុវត្តថវិកា កម្មវិធីពេញលេញសាកល្បង ដែលនឹងត្រូវចូលរួមវគ្គបណ្តុះបណ្តាលដូចគ្នានេះ ជាបន្តបន្ទាប់នាពេលខាងមុខ ។
ទន្ទឹមនេះ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បានលើកឡើងផងដែរថា ការផ្តួចផ្តើមរៀបចំវគ្គបណ្តុះបណ្តាល និង កសាងសមត្ថភាពមន្រ្តីរាជការ គឺជាកត្តាគន្លឹះនាំទៅរកភាពជោគជ័យ ក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ។ កន្លងមក ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំវគ្គបណ្តុះបណ្តាលជាច្រើនជូនដល់ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញនៃអង្គភាពថវិការបស់ក្រសួង ស្ថាប័ន និងមន្ទីរជំនាញក្រោមឱវាទ ដែលបានចូលរួមអនុវត្តសាកល្បង ថវិកាកម្មវិធីពេញលេញ។ ជាក់ស្តែង នៅដើមឆ្នាំ ២០១៧ នេះ ក៏មានវគ្គបណ្តុះបណ្តាលកម្រិតជំនាញចាំបាច់សម្រាប់អនុវត្តថវិកាកម្មវិធី ភាពជាអ្នកដឹកនាំក្នុងវិស័យសាធារណៈ ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ចំនួន ៥ វគ្គ ត្រូវបានរៀបចំឡើង ដើម្បីអភិវឌ្ឍសមត្ថភាព ជូនមន្រ្តីរាជការ និង ថ្នាក់ដឹកនាំជំនាញ នៃអង្គភាពថវិការបស់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ ក្រោមឱវាទ ដែលចូលរួមអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បង ដោយមានសិក្ខាកាមសរុបប្រមាណ ៥៣៥ នាក់ បាន ចូលរួមក្នុងវគ្គបណ្តុះបណ្តាលទាំងនោះ ។
បន្ថែមពីលើនេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា វគ្គបណ្ដុះបណ្ដាលនេះ ពិតជាមានសារសំខាន់ ដែលនឹងអាចចូលរួមចំណែកបង្កើនចំណេះដឹង, ពង្រឹងពង្រីកសមត្ថភាព និង បង្កើនការយល់ដឹងជូនដល់មន្រ្តីរាជការ នៃអង្គភាពថវិកាថ្នាក់កណ្ដាលរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា ដើម្បីឱ្យមានលក្ខណសម្បត្តិ កាន់តែគ្រប់គ្រាន់ និង តម្រង់ទិសការអនុវត្តថវិកាកម្មវិធី ឱ្យឈានទៅសម្រេចបាននូវគោលនយោបាយរបស់ក្រសួង ផ្ទាល់ ហើយវគ្គនេះ ពិតជាត្រូវបានរៀបចំឡើងទាន់ពេលវេលា ដែលអាចពង្រីកការយល់ដឹងបន្ថែមទៀតដល់មន្ត្រីអនុវត្តថវិកាកម្មវិធី ដើម្បីឱ្យការអនុវត្តការងារអាចប្រព្រឹត្តទៅដោយរលូន ប្រកបដោយតម្លាភាព, គណនេយ្យភាព, មានភាព សន្សំសំចៃ និងអាចឆ្លើយតបទៅនឹងតម្រូវការបានទាន់ពេលវេលានៅតាមស្ថាប័នរៀងៗខ្លួន និងក្នុងគោលដៅធានាប្រសិទ្ធ- ភាព ការប្រើប្រាស់ថវិកាជាតិ ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។
មុននឹងបញ្ចប់ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់នូវគ្រប់បទឧទ្ទេសនាមរបស់គ្រូឧទ្ទេស និង វាគ្មិនទាំងអស់នៃវគ្គបណ្តុះបណ្តាល និងត្រូវចូលរួមពិភាក្សា ផ្លាស់ប្តូរទស្សនៈ, គំនិតយោបល់ និងបទពិសោធន៍ ប្រកបដោយលក្ខណៈបុរសកម្ម ដើម្បីស្វែងយល់ និងចាប់យកចំណុច គន្លឹះសម្រាប់យកទៅអនុវត្តឱ្យមានប្រសិទ្ធភាព នៅពេលត្រឡប់ទៅកាន់ការដ្ឋានការងារ នៅតាមអង្គភាពរបស់ខ្លួនវិញ ។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប ក៏បានវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងអង្គការយូនីសេហ្វ ដែលបានសហការក្នុងការរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារ:សំខាន់នេះ សម្រាប់រួមចំណែកដល់ការបំពេញភារកិច្ច និង ពង្រឹងសមត្ថភាព ក្នុងការអនុវត្ត ថវិកាកម្មវិធីប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ពិសេសក្នុងការចូលរួមចំណែកអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ- ដំណាក់កាលទី ៣ ប្រកបដោយប្រសិទ្ធភាព និងសម្រេចបានជោគជ័យ ។