
1
Dec, 2017
សិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយ និង ប្រមូលទិន្នន័យអំពីតម្រូវការបណ្តុះបណ្តាល” សម្រាប់អនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ឆ្នាំ២០១៨
នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ នៅសណ្ឋាគារភ្នំពេញ វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង អគ្គ-លេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានរៀបចំបើកសិក្ខាសាលាស្តីពី “ការផ្សព្វផ្សាយ និង ប្រមូលទិន្នន័យអំពីតម្រូវការបណ្តុះបណ្តាល” សម្រាប់អនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ឆ្នាំ២០១៨ ក្រោមអធិបតីភាពរបស់ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន សាហ៊ីប ដើម្បីប្រមូលធាតុចូលសម្រាប់រៀបចំ និង អនុវត្តផែនការបណ្តុះបណ្តាលឆ្នាំ២០១៨ លើមុខជំនាញចាំបាច់ ទាក់ទងនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ សិក្ខាសាលានេះធ្វើឡើងរយៈពេល១ថ្ងៃ និង មានការចូលរួមពីមន្ត្រីរាជការចំនួន ១៦០ នាក់ ដែលជាប្រធាន និង អនុប្រធានក្រុមការងារកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមឱវាទក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងបណ្តាក្រសួងស្ថាប័ន ។
ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា គន្លឹះសំខាន់នៃការកែទម្រង់ប្រព័ន្ធថវិកា គឺឈានទៅកែលម្អគុណភាពនៃការគ្រប់គ្រងវដ្តនៃថវិកា រួមមានការរៀបចំថវិកា, ការអនុម័តថវិកា, ការអនុវត្តថវិកា និងការត្រួតពិនិត្យតាមដាន និងវាយតម្លៃ សំដៅធ្វើការផ្លាស់ប្តូរជាបណ្តើរៗពីប្រព័ន្ធគ្រប់គ្រងថវិកាផ្អែកលើធាតុចូល និង មជ្ឈការ ឆ្ពោះទៅប្រព័ន្ធថវិកាផ្អែកលើសមិទ្ធកម្ម និង វិមជ្ឈការ ។ ជាក់ស្តែង កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈមានបួនដំណាក់កាល ដោយឈានឡើងជាជំហានៗជាបន្តបន្ទាប់ និង មានគោលបំណងជាក់លាក់ក្នុងនោះដំណាក់កាលទី១ គឺការកសាងភាពជឿទុកចិត្តនៃថវិកា, ដំណាក់កាលទី២ គឺការបង្កើនគណនេយ្យភាពហិរញ្ញវត្ថុ, ដំណាក់កាលទី៣ ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល និង ការបង្កើនគណនេយ្យភាពចំពោះសមិទ្ធកម្ម សម្រាប់ដំណាក់កាលទី៤ ដែលតាមនេះ បង្ហាញឱ្យឃើញថា ដំណាក់កាលនីមួយៗមានការផ្លាស់ប្តូរជាបណ្តើរៗ ជាជំហានៗ ហើយទាមទារឱ្យមន្រ្តីរាជការ ពិសេសតួអង្គពាក់ព័ន្ធត្រូវមានការយល់ដឹងបន្ថែម និងមានសមត្ថភាពខ្ពស់ជាងមុន ។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា ចាប់តាំងពីដំណាក់កាលចាប់ផ្តើមរហូតមកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលបានចាត់ទុកថា ការកសាង និងអភិវឌ្ឍសមត្ថភាព គឺជាកត្តាគន្លឹះសំខាន់មួយសម្រាប់គាំទ្រដល់ការឈានទៅសម្រេចជោគជ័យនៃការអនុវត្តកម្មវិធីការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងគ្រប់ដំណាក់-កាលជាបន្តបន្ទាប់តាមការគ្រោងទុក និង អាចធានាបាននូវប្រសិទ្ធភាព សង្គតិភាព និង ចីរភាពនៃការអភិវឌ្ឍ ។ បច្ចុប្បន្ន ការកែទម្រង់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានឈានដល់ឆ្នាំទី៣ នៃដំណាក់កាលទី៣ ដែលជាចំណុចរបត់ដ៏សំខាន់មួយ ដែលមានវិសាលភាពកាន់តែធំទូលាយ និង ស្មុគស្មាញជាងមុនដែលតម្រូវឱ្យគ្រប់ក្រសួងស្ថាប័ន និង អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវបង្កើនឆន្ទៈនៃភាពម្ចាស់ការ និង ការចូលរួមអនុវត្តឱ្យកាន់តែសកម្ម និង ខ្លាំងក្លាជាងមុនថែមទៀត និងទាមទារឱ្យមាននូវធនធានមនុស្ស ដែលមានសមត្ថភាពគ្រប់គ្រាន់ និង មានកម្រិតជំនាញស័ក្តិសមកាន់តែច្រើនថែមទៀត ។
បន្ថែមពីលើនេះ ឯកឧត្តម ហ៊ាន សាហ៊ីប បានមានប្រសាសន៍ថា សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ តម្រូវការបណ្តុះបណ្តាលនឹងឈានដល់កម្រិតថ្មីមួយទៀត ដែលទាមទារឱ្យមានការពិនិត្យមើលឡើងវិញ និង វាយតម្លៃអំពីតម្រូវការ ដើម្បីជាមូលដ្ឋានទិន្នន័យសមស្របសម្រាប់រៀបចំវគ្គបណ្តុះបណ្តាលដល់មន្រ្តីរាជការ ។
ក្នុងន័យនេះ ដើម្បីសម្រេចគោលដៅនៃកម្មវិធីការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានលើកឡើងថា ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានផ្តល់អាទិភាព និង លើកទឹកចិត្តខ្ពស់ដល់ការងារកសាង និង អភិវឌ្ឍសមត្ថភាពធនធានមនុស្ស លើជំនាញដែលចាំបាច់សម្រាប់ការគ្រប់គ្រងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុសាធារណៈ ដែលតាមនេះ ការសិក្សា និង ការវាយតម្លៃអំពីតម្រូវការបណ្ដុះបណ្ដាលពិតជាមានសារសំខាន់ និង ត្រូវធ្វើជាប្រចាំ ដើម្បីប្រមូលធាតុចូល និង ធ្វើបច្ចុប្បន្នកម្មការរៀបចំផែនការបណ្ដុះបណ្ដាលមួយដែលមានលក្ខណៈប្រមូលផ្ដុំ ជាប្រព័ន្ធ និង គ្រប់ជ្រុងជ្រោយ សំដៅធ្វើឱ្យមន្ត្រីរាជមានចំណេះដឹង ជំនាញវិជ្ជាជីវៈ សមត្ថភាព និង ទេពកោសល្យគ្រប់គ្រាន់ សម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ការអនុវត្តប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍បន្តថា សិក្ខាសាលានេះត្រូវបានរៀបចំឡើងចំពេលដែលរាជរដ្ឋាភិបាលកំពុងមានតម្រូវការកសាងសមត្ថភាពមន្រ្តីរាជការបន្ថែមទៀត ដើម្បីបង្កើនប្រសិទ្ធភាពការងារ និងលើកកម្ពស់គុណវុឌ្ឈិមន្រ្តីរាជការ សំដៅឈានទៅសម្រេចជោគជ័យបន្តទៀត ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ។