
30
Oct, 2017
វគ្គបណ្តុះបណ្តាលស្តីពី “ការរៀបចំផែនការសាច់ប្រាក់ និងការព្យាករណ៍សាច់ប្រាក់ (Cash Planning and Cash Forecasting)” ជូនដល់មន្ត្រីជំនាញបច្ចេកទេសហិរញ្ញវត្ថុ ចំនួន ៤០ នាក់
នាព្រឹកថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៧ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំបើកវគ្គបណ្តុះបណ្តាលស្តីពី “ការរៀបចំផែនការសាច់ប្រាក់ និងការព្យាករណ៍សាច់ប្រាក់ (Cash Planning and Cash Forecasting)” ជូនដល់មន្ត្រីជំនាញបច្ចេកទេសហិរញ្ញវត្ថុ ចំនួន ៤០ នាក់ មកពីបណ្តាអគ្គនាយកដ្ឋានក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោលបំណងពង្រឹង និងពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹងបន្ថែមទៀត ក្នុងក្របខណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី ៣ ឱ្យសម្រេចបានជោគជ័យ ។
វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមអធិបតី ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងដោយមានការចូលរួមពីលោកស្រី Ms. Yong Sarah Zhou តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំនៅកម្ពុជា ។
លោកស្រី Yong Sarah Zhou តំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ពីកិច្ចសហ ការជាច្រើនកន្លងមកក្នុងរូបភាពជាជំនួយបច្ចេកទេសក្នុងការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈជាពិសេសក្នុងគម្រោង ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ជាក់ស្តែងវគ្គបណ្តុះបណ្តាលថ្ងៃនេះ ផ្តោតលើការពិនិត្យឡើងវិញនៃការធ្វើផែនការសាច់ប្រាក់ និង ការប្រព័ន្ធព្យាករសាច់ប្រាក់ ។ លោកស្រីក៏បានគូសបញ្ជាក់ទៀតថាមូលនិធិរូបិយវត្ថុអន្តរជាតិ នឹងបន្តជំនួយបច្ចេកទេសនានាសម្រាប់ការកសាងសមត្ថភាពមន្ត្រីរាជការពាក់ព័ន្ធក្នុងការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈបន្ថែមទៀត ។
ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ, ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានលើកឡើងថា វគ្គបណ្តុះបណ្តាលខាងលើ មានគោលបំណងសំខាន់ គឺរួមចំណែកពង្រឹងសមត្ថភាព, ការយល់ដឹងជូនមន្ត្រីជំនាញរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាពិសេសការសិក្សាស្វែងយល់អំពីរបៀបក្នុងការធ្វើផែនការសាច់ប្រាក់ និង ព្យាករណ៍សាច់ប្រាក់ សម្រាប់គាំទ្រការងាររបស់ស្ថាប័ន ។
ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការបានបញ្ជាក់បន្ថែមថា វគ្គបណ្តុះបណ្តាលនេះ ពិតជាមានសារៈសំខាន់ សម្រាប់មន្ត្រីជំនាញ ក្នុងការងារគ្រប់គ្រងសាច់ប្រាក់ និង រក្សាស្ថិរភាពសាច់ប្រាក់ ដែលជារឿងចាំបាច់បំផុតសម្រាប់គ្រប់គ្នា មិនថាបុគ្គល, ស្ថាប័នឯកជន និងស្ថាប័នរដ្ឋ ព្រោះថា ក្នុងវិស័យឯកជន, ការខ្វះខាតសាច់ប្រាក់ នឹងអាចឈានទៅរកការក្ស័យធន, ដោយឡែក សម្រាប់ស្ថាប័នរដ្ឋវិញ, ការខ្វះខាតសាច់ប្រាក់នឹងឈានដល់ការរាំងស្ទះនូវប្រតិបត្តិការ ក្នុងការផ្តល់សេវាសាធារ-ណៈជូនសង្គមជាតិ និងប្រជាជន ។ ជារួម ការគ្រប់គ្រងសាច់ប្រាក់ គឺជាបេះដូងរបស់ស្ថាប័ន ហើយការគ្រប់គ្រងសាច់ប្រាក់នេះ ត្រូវការនូវបច្ចេកទេស និងជំនាញវិជ្ជាជីវៈច្បាស់លាស់ ដើម្បីគេចចេញពីហានិភ័យនានា ដែលអាចនឹងកើតមានឡើង ។
ដូច្នេះ ¤ការគ្រប់គ្រងសាច់ប្រាក់ គឺជាយុទ្ធសាស្រ្ត ហើយការគ្រប់គ្រងលំហូរសាច់ប្រាក់រយៈពេលខ្លី និង tpgs6ÄTþLrpyតុល្យភាពសាច់ប្រាក់បានល្អប្រសើរ គឺជាមូលដ្ឋានចាំបាច់ សម្រាប់ដំណើរការស្ថាប័នឱ្យមានភាពរលូន£ ។
ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងបន្ថែមទៀតថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែងតែគាំទ្រ និង ផ្តោតការយកចិត្តទុកដាក់ជាខ្លាំងក្នុងការជំរុញលើកទឹកចិត្តដល់ការងារបណ្តុះបណ្តាល និង កសាងសមត្ថភាពមន្ត្រីជំនាញទទួលបន្ទុកការងារហិរញ្ញវត្ថុឱ្យបំពេញការងាររបស់ខ្លួនបានកាន់តែល្អប្រសើរ ព្រមទាំងផ្តួចផ្តើមរៀបចំវគ្គបណ្តុះបណ្តាលកម្រិតអន្តរជាតិ ដើម្បីទាញយកបទពិសោធន៍ល្អៗ តាមរយៈគ្រូឧទ្ទេសដែលជាអ្នកជំនាញជាន់ខ្ពស់របស់ដៃគូអភិវឌ្ឍ ក៏ដូចជាការបញ្ជូនមន្ត្រីជំនាញទៅចូលរួមវគ្គបណ្តុះបណ្តាល និង ធ្វើទស្សនៈកិច្ចសិក្សាដកស្រង់បទពិសោធន៍ពីបណ្តាប្រទេសនានាជាដៃគូ ។
ឯកឧត្តមរដ្ឋលេខាធិការក៏បានលើកឡើងថា ចាប់តាំងពីការដាក់ឱ្យអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការងារបណ្តុះបណ្តាល និង កសាងសមត្ថភាព ក្លាយជាយុទ្ធនាការដ៏ចាំបាច់ ហើយបានរួមចំណែកធ្វើឱ្យចលនានៃការកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងមូលប្រព្រឹត្តទៅដោយរលូន និង ទទួលបានជោគជ័យជាបន្តបន្ទាប់នៅក្នុងការដ្ឋានរបស់ខ្លួន ។ ក្នុងនោះកម្ពុជាទទួលបានជោគជ័យគួរជាទីមោទនៈក្នុងការកសាងបាននូវភាពជឿទុកចិត្តបាននៃថវិកាក្នុងដំណាក់កាលទី ១, និង គណនេយ្យភាពហិរញ្ញវត្ថុក្នុងដំណាក់កាលទី២, ហើយកម្ពុជាកំពុងបន្តគោលដៅចម្បងបំផុតដែលត្រូវសម្រេចឱ្យបាននៅក្នុងដំណាក់កាលទី ៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះ គឺការបង្កើនភាពផ្សារភ្ជាប់រវាងថវិកាទៅនឹងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល ។