26

Dec, 2016

មន្រ្តីជំនាញក្រុមលទ្ធកម្មនៃអង្គភាពថវិកាថ្នាក់មូលដ្ឋានចំនួន ២០០ នាក់ បានទទួលការបណ្តុះបណ្តាលអំពី វិធាន និងបទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណៈ នៅសណ្ឋាគារភ្នំពេញ

By: | Tags: | Comments: 0

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ:  ការបណ្តុះបណ្តាលមន្រ្តីក្រុមលទ្ធកម្មនៃអង្គភាពថវិកា អំពីវិធាន  និង បទប្បញ្ញត្តិស្ដីពីលទ្ធកម្មសាធារណៈ  គឺ​ជាការងារ​ចាំបាច់ដើម្បីពង្រឹង​សមត្ថភាព និង លើកកម្ពស់​ការយល់ដឹងសម្រាប់​​​​ការចូលរួមអនុវត្ត​ការកែ​ទម្រង់​​ការគ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈរបស់រាជរដ្ឋាភិបាល ។

ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប  រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានលើកឡើងដូច្នេះ នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមន្រ្តីជំនាញក្រុមលទ្ធកម្មនៃអង្គភាពថវិកាថ្នាក់​មូលដ្ឋាន​ចំនួន ២០០ នាក់  អំពីវិធាន និងបទប្បញ្ញត្តិស្ដីពីលទ្ធកម្មសាធារណៈ  នៅសណ្ឋាគារភ្នំពេញកាលពីថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ២០១៦ ។  វគ្គបណ្តុះបណ្តាលនេះ ត្រូវបានសហការរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ និង អគ្គនាយ​កដ្ឋាន​លទ្ធ​កម្មសាធារណៈ នៃក្រសួង   សេដ្ឋកិច្ច និងហិរញ្ញវត្ថុ  ​សម្រាប់ផ្តល់​ជូន​មន្ត្រី​ក្រុមលទ្ធកម្ម​នៃ​អង្គ​ភាព​​​​ថវិកា​​ថ្នាក់មូលដ្ឋាន ដែលជាមន្ទីរជំនាញមក​ពីរាជធានី ខេត្ត ក្រោមឱវាទក្រសួងវប្បធម៌​ និង​វិចិត្រ​សិល្បៈ ,ក្រសួងធម្មការ​និង​សាសនា, ក្រសួងផែនការ និងក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភានិង​អធិការ​កិច្ច ។

ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ក្នុងក្របខ័ណ្ឌនៃការអនុវត្តការកែទម្រង់​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ ក្នុងឆ្នាំ២០១៦ នេះ មានក្រសួង ស្ថាប័ន ចំនួន ២៥​ ​បាននិងកំពុង​​​អនុវត្ត​ថវិកាកម្ម​វិធី​ពេញ​​​លេញ​សាក​ល្ប​ង ហើយនៅឆ្នាំ ២០១៧ ខាងមុខ នឹងមាន​ក្រ​សួង ស្ថា​​ប័ន​ចំនួន ១១ ថែមទៀត នឹងត្រូវចូលរួម ដែល​ធ្វើ​ឱ្យ​មាន​​ក្រសួងស្ថាប័ន​កើន​ឡើង​​ដល់ ៣៦ រួមនឹង​មន្ទីរអង្គភាព​ជំនាញពាក់ព័ន្ធក្រោមឱវាទ​ ទាំងថ្នាក់​ជាតិ និងថ្នាក់មូល​ដ្ឋាន ត្រូវ​ចូល​​​រួម​​អនុវត្ត​ថវិកាកម្មវិធីពេញលេញសាកល្បងនេះ ។

ប្រការនេះ​ ធ្វើឱ្យ​តម្រូវ​ការបណ្តុះ​បណ្តាល និង កសាងសមត្ថភាព លើជំនាញ​​​ពាក់​ព័ន្ធ​​នឹងការអនុវត្តថវិ​កា​កម្មវិធីមានការកើនឡើងជាលំដាប់ ក្នុង​នោះ វិធាន និងបទប្បញ្ញត្តិស្តីពី​លទ្ធកម្ម សាធារណៈ    គឺជំនាញ​​ចាំបាច់មួយ ដែលក្រុម​​លទ្ធកម្មនៃអង្គភាពថវិកា ត្រូវរៀន​សូត្រ ស្វែងយល់ និង ហ្វឹកហាត់ ដើម្បីធ្វើបច្ចុប្បន្នកម្ម និងពង្រីក​ចំណេះដឹងឱ្យកាន់តែ​រឹង​មាំ សម្រាប់អនុវត្ត​តួនាទី​ភារ​កិច្ចប្រកបដោយ​ផលិត​ភាព និង ប្រសិទ្ធភាព ។

ទន្ទឹមនេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បានបញ្ជាក់ផងដែរថា ក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ បាន     ផ្តល់​ការ​យក​ចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាល  និងកសាងសមត្ថភាពមន្រ្តីរាជការ ដែលជាកត្តាគន្លឹះ​ដើម្បី​សម្រេច​ជោគ​ជ័យ​ ក្នុងការអនុវត្តការកែទម្រង់​ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ជាក់ស្តែង នៅឆ្នាំ ២០១៥ កន្លងមក ក្នុងក្របខ័ណ្ឌនៃ​ការ​​​អនុវត្តថវិកាកម្មវិធី និងអង្គភាពថវិកា មានវគ្គបណ្តុះបណ្តាលជាច្រើន ត្រូវបាន​រៀប​ចំ​ ឡើងជូនដល់ថ្នាក់ដឹកនាំ និង មន្ត្រី​ជំនាញនៃអង្គភាពថវិកា​​របស់​ក្រសួង ស្ថាប័ន និងមន្ទីរជំនាញក្រោមឱវាទ ដែលបានចូលរួម​អនុវត្ត​​សាកល្បងថវិកា​កម្ម​វិធី​ពេញលេញ  ។  លើសពីនេះ  គិតត្រឹមខែ ធ្នូ ឆ្នាំ ២០១៦ នេះ មានវគ្គ       បណ្តុះ បណ្តាលកម្រិតជំនាញ​ចាំបាច់​ សម្រាប់​អនុវត្ត​​ថវិកា​កម្មវិធី និង កិច្ចលទ្ធកម្មសាធារណៈ ចំនួន ៤១ វគ្គ  ត្រូវបាន​សហការ​រៀបចំ​ឡើងជូនមន្រ្តីរាជការ និង ថ្នាក់​ដឹកនាំ​ជំនាញ នៃអង្គភាពថវិការបស់ក្រសួង ស្ថាប័ន  និង​  អង្គភាព​  ពាក់ព័ន្ធក្រោមឱវាទ ដែល​ត្រូវចូល​រួម​អនុវត្ត​សាក​ល្បង​ថវិកា​កម្មវិធី​ នៅឆ្នាំ ២០១៦ នេះ និង មានសិក្ខាកាមសរុប​  ៣២២០ នាក់ បានចូលរួមក្នុង​វគ្គ​បណ្តុះបណ្តាល​ទាំងនោះ ។

ក្នុងន័យនេះ  ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា   វគ្គបណ្ដុះបណ្ដាលនាពេលនេះ   ពិតជា​មា​ន   ​​សារ:សំខាន់សម្រាប់ ការបង្កើន​ចំណេះដឹង និង សមត្ថភាព ​លើខ្លឹមសារ​នៃ​ការ​រៀប​ចំ​​​គម្រោងធានាចំណាយ សម្រាប់អនុវត្តកិច្ចលទ្ធកម្ម, បទប្បញ្ញត្តិរួមនៃ​លទ្ធកម្ម, លទ្ធកម្មសេវាទីប្រឹក្សា​, ផែនការ​លទ្ធកម្ម, ការកែតម្រូវផែនការលទ្ធកម្ម និង ការធ្វើរបាយការណ៍អនុវត្តកិច្ចលទ្ធកម្ម ជូន​ដល់​មន្រ្តី​​ក្រុម​លទ្ធកម្ម​នៃអង្គភាព​ថវិកា​​​​​ថ្នាក់មូលដ្ឋាន ក្រោមឱវាទក្រសួងវប្បធម៌និងវិចិត្រសិល្បៈ,  ក្រសួងធម្មការ​និង​សាសនា,  ក្រសួងផែនការ និង ក្រសួង​ទំនាក់​ទំនងជាមួយ     រដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច​ សម្រាប់ត្រៀមលក្ខណសម្បត្តិ​ឱ្យបាន​គ្រប់គ្រាន់ និង តម្រង់​ទិសការ​អនុវត្តកិច្ច​​  លទ្ធ​កម្ម​របស់​​ក្រសួង​នីមួយៗ ឱ្យឈានទៅសម្រេច​បាន​ជោគ​ជ័យប្រកប​ដោយ​ប្រសិទ្ធភាព។

ជាងនេះទៀត វគ្គបណ្តុះ​បណ្តាល​នៅ​ពេល​នេះ ពិត​ជា​ត្រូវ​បាន​រៀប​ចំ​ឡើងទាន់ពេលវេលា សម្រាប់​ជួយ​បង្កើន​សមត្ថភាព និងលើកកម្ពស់​ការយល់​ដឹងជូនដល់​​ក្រុមលទ្ធកម្ម​នៃ​អង្គភាព​​ថវិកាមូលដ្ឋាន ពិសេស សម្រាប់​ការអនុវត្ត​កិច្ចលទ្ធកម្ម​របស់អង្គភាពថវិកា ឱ្យប្រព្រឹត្ត​ទៅដោយ​​រលូន,  មានតម្លាភាព,  មាន​គណ​នេយ្យភាព,  មានការសន្សំសំចៃ និងឆ្លើយ​តប​តាម​តម្រូវ​ការ​នៅតាម​ស្ថាប័ន​រៀងៗខ្លួន ព្រោះការ​គ្រប់​គ្រង​កិច្ចលទ្ធកម្មសាធារណៈ គឺជាឧបករ​ណ៍​    គោល​នយោបាយ​​ដ៏សំខាន់​ និង មិ​នអាចខ្វះបាន  ដើម្បីធានាប្រសិទ្ធភាព​នៃ​ការ​ប្រើ​ប្រាស់​​​ថវិកាជាតិ​,   ឆ្លើយ​តប​​ទៅនឹង​គោល​នយោបាយ​​របស់រាជរដ្ឋាភិបាល ។

          ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ សូមខិតខំយកចិត្តទុកដាក់ស្តាប់នូវគ្រប់​បទឧទ្ទេសនាមរបស់គ្រូឧទ្ទេស និង វាគ្មិនទាំងអស់នៃវគ្គបណ្តុះបណ្តាល ព្រមទាំងត្រូវ​ចូល​រួម​ពិភាក្សាផ្លាស់ប្តូរគំនិតយោបល់ និង បទពិសោធន៍ ប្រកបដោយលក្ខណៈបុរសកម្ម ដើម្បីស្វែងយល់​ និង​ចាប់​យកចំណុចគន្លឹះ សម្រាប់យកទៅអនុវត្តឱ្យមានប្រសិទ្ធភាព នៅពេលត្រឡប់ទៅកាន់ការដ្ឋានការងារនៅតាមអង្គភាព​របស់​​​ខ្លួន​វិញ ។

ជាមួយនោះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បានវាយតម្លៃខ្ពស់ ចំពោះវិទ្យាស្ថាន​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ និង  អគ្គនាយក​ដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបាន​សហការ​​​ក្នុង​ការ​រៀបចំ​វគ្គ​បណ្តុះ    ​បណ្តាលដ៏មានសារ:សំខាន់នេះ សម្រាប់​រួមចំណែកដល់ការ​បំពេញ​ភារ​កិច្ច និង ពង្រឹង​សមត្ថភាព ក្នុងការអនុវត្តកិច្ចលទ្ធកម្ម ប្រកបដោយក្រមសីល​ធម៌​វិជ្ជា​ជីវៈ        ពិសេសក្នុង​ការ​ចូលរួម​ចំណែក​​អនុវត្ត​ការកែ​ទម្រង់​​ការគ្រប់គ្រង   ​ហិរញ្ញវត្ថុសាធារ​ណៈនៅក្នុង​ដំណាក់​​​កាល​ទី ៣ ប្រកបដោយប្រសិទ្ធភាព ។

 

efi-2016-12-26_03efi-2016-12-26_01efi-2016-12-26_04efi-2016-12-26_05