20
Dec, 2016
មន្រ្តីក្រុមលទ្ធកម្មនៃអង្គភាពថវិកាថ្នាក់មូលដ្ឋានចំនួន ១៥០ នាក់ បានទទួលការបណ្តុះបណ្តាលអំពី “វិធាននិងបទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណៈ” នៅសណ្ឋាគារភ្នំពេញ
(ភ្នំពេញ): ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ បានលើកឡើងថា ការបណ្តុះបណ្តាលអំពីវិធាននិងបទប្បញ្ញត្តិស្ដីពីលទ្ធកម្មសាធារណៈ ជូនមន្រ្តីក្រុមលទ្ធកម្មនៃអង្គភាពថវិកាថ្នាក់មូលដ្ឋានចំនួន ១៥០ នាក់នៅពេលនេះ គឺជាការងារចាំបាច់ ដើម្បីពង្រឹងពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹងដល់មន្រ្តីក្រុមលទ្ធកម្ម សម្រាប់ចូលរួមចំណែកអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅក្នុងដំណាក់កាលទី ៣ ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព ក្នុងគោលដៅបង្កើនការផ្សារភ្ជាប់រវាងថវិកាទៅនឹងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល សម្រាប់កាអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។
ការលើកឡើងបែបនេះ គឺត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៦ ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “វិធាននិងបទប្បញ្ញតិ្តស្ដីពីលទ្ធកម្មសាធារណៈ” ដែលត្រូវបានសហការរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់ផ្តល់ជូនមន្ត្រីក្រុមលទ្ធកម្មនៃអង្គភាពថវិកាថ្នាក់មូលដ្ឋាន ដែលជាមន្ទីរជំនាញមកពីរាជធានី ខេត្ត ក្រោមឱវាទក្រសួងរ៉ែនិងថាមពល ក្រសួងឧស្សាហកម្មនិងសិប្បកម្ម និងក្រសួងមុខងារសាធារណៈ។ ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងនៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ និង មានការចូលរួមពីឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ និង នាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផងដែរ ។ វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល ៤ ថ្ងៃ គឺពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែ ធ្នូ ឆ្នាំ ២០១៦ ។
ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ឆ្នាំនេះគឺជាឆ្នាំទី២ នៃការអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បង ដែលបានចាប់ផ្ដើមដំបូងនៅឆ្នាំ ២០១៥ កន្លងទៅ ដោយមានក្រសួងស្ថាប័នចំនួន ១០ ត្រូវបានដាក់ឱ្យអនុវត្ត ហើយនៅឆ្នាំ ២០១៦ នេះ យើងមានក្រសួង ស្ថាប័នសរុបចំនួន ២៥ បាននិងកំពុងចូលរួមអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បង ។ នៅឆ្នាំ ២០១៧ ខាងមុខ រាជរដ្ឋាភិបាលគ្រោងនឹងអនុញ្ញាតឱ្យក្រសួង ស្ថាប័នចំនួន ១១ ថែមទៀត រួមនឹងអង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទ ចូលរួមអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បង ដែលនឹងធ្វើឱ្យអង្គភាពថវិកាសរុប គិតត្រឹមឆ្នាំ ២០១៧ នឹងមានចំនួន ៣៩០ អង្គភាព (ទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន) និង មានអ្នកចូលរួមអនុវត្តសរុបចំនួន ៧៨១៣០ នាក់។ ប្រការនេះ ធ្វើឱតម្រូវការបណ្តុះបណ្តាល និង កសាងសមត្ថភាព លើជំនាញពាក់ព័ន្ធនឹងការអនុវត្តថវិកាកម្មវិធីមានការកើនឡើងជាលំដាប់ ក្នុងនោះ វិធាននិងបទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណៈ គឺជំនាញចាំបាច់មួយ ដែលក្រុមលទ្ធកម្មនៃអង្គភាពថវិកា ត្រូវរៀនសូត្រ ស្វែងយល់ និង ហ្វឹកហាត់ ដើម្បីធ្វើបច្ចុប្បន្នកម្ម និងពង្រីកចំណេះដឹង និងចំណេះធ្វើឱ្យកាន់តែរឹងមាំ សម្រាប់អនុវត្តតួនាទីភារកិច្ច ប្រកបដោយផលិតភាព និងប្រសិទ្ធភាព ។
ទន្ទឹមនេះ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ ក៏បានបញ្ជាក់ផងដែរថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាល និង កសាងសមត្ថភាពមន្រ្តីរាជការ ដែលជាកត្តាគន្លឹះដើម្បីសម្រេចជោគជ័យ ក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ជាក់ស្តែងនៅឆ្នាំ ២០១៥ កន្លងមក ក្នុងក្របខ័ណ្ឌនៃការអនុវត្តថវិកាកម្មវិធីនិងអង្គភាពថវិកា មានវគ្គបណ្តុះបណ្តាលជាច្រើន ត្រូវបានរៀបចំឡើងជូនដល់ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញនៃអង្គភាពថវិការបស់ក្រសួង ស្ថាប័ន និងមន្ទីរជំនាញក្រោមឱវាទ ដែលបានចូលរួមអនុវត្តសាកល្បងថវិកាកម្មវិធីពេញលេញ ។ លើសពីនេះ គិតត្រឹមខែ ធ្នូ ឆ្នាំ ២០១៦ នេះ មានវគ្គបណ្តុះបណ្តាលកម្រិតជំនាញចាំបាច់សម្រាប់អនុវត្តថវិកាកម្មវិធី និង កិច្ចលទ្ធកម្មសាធារណៈ ចំនួន ៤០ វគ្គ ថែមទៀត ត្រូវបានសហការរៀបចំឡើងជូនមន្រ្តីរាជការ និង ថ្នាក់ដឹកនាំជំនាញ នៃអង្គភាពថវិការបស់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធក្រោមឱវាទ ដែលត្រូវចូលរួមអនុវត្តសាកល្បងថវិកាកម្មវិធី នៅឆ្នាំ ២០១៦ នេះ និង មានសិក្ខាកាមសរុបប្រមាណ ៣១២០ នាក់ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលទាំងនោះ ។
ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា វគ្គបណ្ដុះបណ្ដាលនាពេលនេះ ពិតជាមានសារសំខាន់ ដែលនឹងអាចចូលរួមចំណែកដល់ការបង្កើនចំណេះដឹង ពង្រឹងពង្រីកសមត្ថភាព និង បង្កើនការយល់ដឹងជូនដល់មន្រ្តីក្រុមលទ្ធកម្មនៃអង្គភាពថវិកាថ្នាក់មូលដ្ឋាន ក្រោមឱវាទ ក្រសួងរ៉ែនិងថាមពល ក្រសួងឧស្សាហកម្មនិងសិប្បកម្ម និងក្រសួងមុខងារសាធារណៈ សម្រាប់ត្រៀមលក្ខណសម្បត្តិឱ្យបានគ្រប់គ្រាន់ និង តម្រង់ទិសការអនុវត្តកិច្ចលទ្ធកម្មរបស់ក្រសួងនីមួយៗ ឱ្យឈានទៅសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព ។ វគ្គបណ្តុះបណ្តាលនៅពេលនេះ ពិតជាត្រូវបានរៀបចំឡើងទាន់ពេលវេលា សម្រាប់ជួយបង្កើនសមត្ថភាព និង លើកកម្ពស់ការយល់ដឹងជូនដល់មន្ត្រីក្រុមលទ្ធកម្មនៃអង្គភាពថវិកាមូលដ្ឋាន ពិសេស សម្រាប់ការអនុវត្តកិច្ចលទ្ធកម្មរបស់អង្គភាពថវិកា ឱ្យប្រព្រឹត្តទៅដោយរលូន មានតម្លាភាព មានគណនេយ្យភាព មានការសន្សំសំចៃ និងឆ្លើយតបតាមតម្រូវការទាន់ពេលវេលា នៅតាមស្ថាប័នរៀងៗខ្លួន ព្រោះការគ្រប់គ្រងកិច្ចលទ្ធកម្មសាធារណៈគឺជាឧបករណ៍គោលនយោបាយដ៏សំខាន់ និងមិនអាចខ្វះបាន ដើម្បីធានាប្រសិទ្ធភាពនៃការប្រើប្រាស់ថវិកាជាតិ ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល ។
ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ សូមខិតខំយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់នូវគ្រប់បទឧទ្ទេសនាមរបស់គ្រូឧទ្ទេស និង វាគ្មិនទាំងអស់នៃវគ្គបណ្តុះបណ្តាលនៅពេលនោះ ព្រមទាំងត្រូវចូលរួមពិភាក្សាផ្លាស់ប្តូរទស្សនៈ គំនិតយោបល់ និង បទពិសោធន៍ ប្រកបដោយលក្ខណៈបុរសកម្ម ដើម្បីស្វែងយល់ និងចាប់យកចំណុចគន្លឹះសម្រាប់យកទៅអនុវត្តឱ្យមានប្រសិទ្ធភាព នៅពេលត្រឡប់ទៅកាន់ការដ្ឋានការងារ នៅតាមអង្គភាពរបស់ខ្លួនវិញ ។ ជាមួយនោះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បានវាយតម្លៃខ្ពស់ផងដែរចំពោះ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានសហការក្នុងការរៀបចំវគ្គបណ្តុះ បណ្តាលដ៏មានសារសំខាន់នេះ សម្រាប់រួមចំណែកដល់ការបំពេញភារកិច្ច និង ពង្រឹងសមត្ថភាព ក្នុងការអនុវត្តកិច្ចលទ្ធកម្ម ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ពិសេស ក្នុងការចូលរួមចំណែកអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅក្នុងដំណាក់កាលទី ៣ ប្រកបដោយប្រសិទ្ធភាព និងសម្រេចបានជោគជ័យ ។