28
Nov, 2016
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ៖ ការបណ្តុះបណ្តាល និង កសាងសមត្ថភាព មន្រ្តីត្រួតពិនិត្យហិរញ្ញវត្ថុលើការរៀបចំ និង នីតិវិធីអនុវត្តថវិកាកម្មវិធី គឺជាកិច្ចការចាំបាច់សម្រាប់ចូលរួមអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
(រាជធានីភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ បានលើកឡើងថា ការបណ្តុះបណ្តាល និង កសាងសមត្ថភាពលើ ការរៀបចំ និង នីតិវិធីអនុវត្តថវិកាកម្មវិធី គឺជាកិច្ចការចាំបាច់ ដើម្បីពង្រឹង ពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹងបន្ថែមទៀតដល់ក្រុមមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុ សម្រាប់រួមចំណែកដល់ការបំពេញភារកិច្ច ក្នុងការត្រួតពិនិត្យហិរញ្ញវត្ថុឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេស សម្រាប់ចូលរួមចំណែកអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅក្នុងដំណាក់កាលទី ៣ ឱ្យសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធភាព ក្នុងគោលដៅបង្កើនការផ្សារភ្ជាប់រវាងថវិកាទៅនឹងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល សម្រាប់កាអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។
ការលើកឡើងបែបនេះ គឺត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៦ ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី “ការរៀបចំ និង នីតិវិធីអនុវត្តថវិកាកម្មវិធី” ដែលត្រូវបានសហការរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានថវិកា រួមនឹងអគ្គនាយកដ្ឋានពាក់ព័ន្ធ សម្រាប់ផ្តល់ជូនក្រុមមន្ដ្រីត្រួតពិនិត្យហិរញ្ញវត្ថុចំនួន ៧៦ រូបមកពីនាយកដ្ឋានហិរញ្ញកិច្ច នៃអគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ ដោយមានការគាំទ្រខាងថវិកាពីអង្គការ UNICEF ។ ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងនៅសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហរិញ្ញវត្ថុ និង មានការចូលរួមពីឯកឧត្តមអគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន និង មន្រ្តីជំនាញពាក់ព័ន្ធផងដែរ ។
ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ការអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បងនៅកម្ពុជា គឺត្រូវបានចាប់ផ្តើមឡើងនៅឆ្នាំ ២០១៥ កន្លងទៅ ជាមួយនឹងក្រសួងចំនួន ១០ រួមនឹងអង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទ ។ អាស្រ័យហេតុនេះ យើងពិតជានៅមានចំណុច និង ការងារជាច្រើនដែលចាំបាច់ ត្រូវបន្តស្វែងយល់ និង ត្រូវអនុវត្តជាបណ្តើរផង និង រៀនសូត្របណ្តើរផង នៅលើកំណាត់ផ្លូវនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលកំពុងមានចលនការឆ្ពោះទៅមុខជាជំហានៗ ដោយស្វាហាប់ ជាមួយនឹងសមិទ្ធផលផ្លែផ្កាជាវិជ្ជមានជាបន្តបន្ទាប់ ពោលគឺការកសាងបាននូវភាពអាចទុកចិត្តបាននៃថវិកា នៅដំណាក់កាលទី១ និង គណនេយ្យភាពហិរញ្ញវត្ថុ នៅក្នុងដំណាក់កាល ទី២ និងកំពុងឈានទៅរកការបង្កើននូវការផ្សារភ្ជាប់រវាងថវិកាទៅនឹងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល នៅក្នុងដំណាក់កាលទី ៣ នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
ទន្ទឹមនេះ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ ក៏បានបញ្ជាក់ផងដែរថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាល និង កសាងសមត្ថភាពមន្រ្តីរាជការ ដែលជាកត្តាគន្លឹះដើម្បីសម្រេចជោគជ័យ ក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ជាក់ស្តែងនៅឆ្នាំ ២០១៥ កន្លងមក ក្នុងក្របខ័ណ្ឌនៃការអនុវត្តថវិកាកម្មវិធីនិងអង្គភាពថវិកា មានវគ្គបណ្តុះបណ្តាលជាច្រើន ត្រូវបានរៀបចំឡើងជូនដល់ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញនៃអង្គភាពថវិការបស់ក្រសួង ស្ថាប័ន និងមន្ទីរជំនាញក្រោមឱវាទ ដែលបានចូលរួមអនុវត្តសាកល្បងថវិកាកម្មវិធីពេញលេញ ។ លើសពីនេះ គិតត្រឹមខែ តុលា ឆ្នាំ ២០១៦ នេះ មានវគ្គបណ្តុះបណ្តាលជំនាញចាំបាច់ចំនួន ៣៦ វគ្គ ថែមទៀត ត្រូវបានរៀបចំឡើងជូនមន្រ្តីរាជការ និងថ្នាក់ដឹកនាំជំនាញនៃអង្គភាពថវិការបស់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធ សម្រាប់ចូលរួមអនុវត្តសាកល្បងថវិកាកម្មវិធី និងមានសិក្ខាកាមសរុបចំនួន ២៩១៤នាក់ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលទាំងនោះ ។
ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការបានបន្ថែមថា ផ្អែកតាមលទ្ធផលនៃការអនុវត្តនៅឆមាសទី១សម្រាប់ឆ្នាំ២០១៦ បញ្ជាក់ថា ការអនុវត្តថវិកាកម្មវិធីរបស់ក្រសួង ស្ថាប័នដែលបានចូលរួមអនុវត្តថវិកាកម្មវិធីនៅឆ្នាំ ២០១៥ ត្រូវបានប្រព្រឹត្តទៅកាន់តែល្អប្រសើរ និងទាន់ពេលវេលា ។ ក៏ប៉ុន្តែចំពោះក្រសួង ស្ថាប័ន ដែលទើបចូលរួមអនុវត្តសាកល្បងថវិកាកម្មវិធីនៅឆ្នាំ២០១៦ នេះ នៅមានបញ្ហាប្រឈមខ្លះៗពាក់ព័ន្ធនឹងការរៀបចំ និងអនុវត្តថវិកាកម្មវិធី និងអង្គភាពថវិកា ។ បញ្ហាប្រឈមទាំងនោះគឺពាក់ព័ន្ធទៅនឹងសមត្ថភាពរបស់អង្គភាពថវិកានីមួយៗ ។ ហេតុដូច្នេះហើយ ទើបក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបន្តយកចិត្តទុកដាក់ជាអាទិភាពលើការកសាងសមត្ថភាពថែមទៀត ជូនមន្រ្តីរាជការរបស់ក្រសួងស្ថាប័នដែលត្រូវចូលរួមអនុវត្តថវិកាកម្មវិធី និងអង្គភាពដ៏មានសារ:សំខាន់នេះ ។
ក្នុងស្មារតីនេះ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា វគ្គបណ្តុះបណ្តាលរបស់យើងនៅពេលនេះ ពិតជាត្រូវបានរៀបចំឡើងទាន់ពេលវេលា ចំនឹងសេចក្តីត្រូវការ សម្រាប់ជួយបង្កើនសមត្ថភាព និង លើកកម្ពស់ការយល់ដឹងជូនដល់ក្រុមមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុនៃនាយកដ្ឋានហិរញ្ញកិច្ច នៃអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិសេស សម្រាប់ការងាររៀបចំ និង ត្រួតពិនិត្យការអនុវត្តថវិកាមុនពេលចំណាយ ដែលនឹងអាចរួមចំណែកកាត់បន្ថយហានិភ័យ នៅពេលអនុវត្តគម្រោងកម្មវិធី អនុកម្មវិធី ចង្កោមសកម្មភាព និងសកម្មភាពប្រចាំឆ្នាំដែលបានគ្រោងទុក ។
ក្នុងន័យនេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ សូមខិតខំយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់នូវគ្រប់បទឧទ្ទេសនាមរបស់គ្រូឧទ្ទេស និង វាគ្មិនទាំងអស់នៃវគ្គបណ្តុះបណ្តាលនៅពេលនោះ ព្រមទាំងត្រូវចូលរួមពិភាក្សាផ្លាស់ប្តូរទស្សនៈ គំនិតយោបល់ និង បទពិសោធន៍ ប្រកបដោយលក្ខណៈបុរសកម្ម ដើម្បីស្វែងយល់ និងចាប់យកចំណុចគន្លឹះសម្រាប់យកទៅអនុវត្តឱ្យមានប្រសិទ្ធភាព នៅពេលត្រឡប់ទៅកាន់ការដ្ឋានការងារ នៅតាមអង្គភាពរបស់ខ្លួនវិញ ។ ជាមួយនោះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បានរវាយតម្លៃខ្ពស់ផងដែរចំពោះ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានថវិកា ព្រមទាំងអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានសហការក្នុងការរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់នេះ ដើម្បីពង្រឹង ពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹងបន្ថែមទៀតដល់ក្រុមមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់រួមចំណែកដល់ការបំពេញភារកិច្ច និងពង្រឹងសម្ថភាព ក្នុងការត្រួតពិនិត្យឱ្យកាន់តែមានប្រសិទ្ធភាព និង ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ពិសេស ក្នុងការចូលរួមចំណែកអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅក្នុងដំណាក់កាលទី ៣ ប្រកបដោយប្រសិទ្ធភាព និងសម្រេចបានជោគជ័យ ។