
6
Oct, 2016
មន្រ្តីត្រួតពិនិត្យហិរញ្ញវត្ថុ និង មន្រ្តីជំនាញរតនាគារ ពីរាជធានី ខេត្តទូទាំងប្រទេស ទទួលការបណ្តុះបណ្តាលពង្រឹងសមត្ថភាពលើការរៀបចំ និង នីតិវិធីអនុវត្តថវិកាកម្មវិធី
(រាជធានីភ្នំពេញ): ក្រុមមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុថ្នាក់កណ្តាល និង ថ្នាក់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមន្ត្រីជំនាញរបស់រតនគារ ពីរាជធានី ខេត្តទូទាំងប្រទេស ចំនួន ១២៣ នាក់ បានទទួលការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពលើការរៀបចំ និងនីតិវិធីអនុវត្តថវិកាកម្មវិធី ក្នុងក្របខ័ណ្ឌនៃការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ក្នុងគោលដៅផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ។
វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានសហការរៀបចំដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានថវិកា រួមនឹងអគ្គនាយកដ្ឋានជំនាញពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការគាំទ្រថវិកាពីអង្គការ UNICEF និង ដែលធ្វើឡើងនៅថ្ងៃទី ៦ -៧ ខែ តុលា ឆ្នាំ២០១៦ នៅសណ្ឋាគារភ្នំពេញ ។ ពិធីបើកវគ្គបណ្តុះបណ្តាលនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
ថ្លែងនៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនោះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ដោយសារអត្ថមនុញ្ញផលពីសុខសន្តិភាពពេញបរិបូណ៌លើផ្ទៃប្រទេស ដែលជាបុព្វលក្ខខណ្ឌ និង ជាកាលានុវត្តភាពដ៏ថ្លៃថ្លាសម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យនៅក្នុងប្រទេស បានធ្វើឱ្យកម្រិតជីវភាពរបស់ប្រជាជនកម្ពុជាកាន់តែប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ ទន្ទឹមនេះ ជាមួយនឹងការដាក់ឱ្យអនុវត្តនូវកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសា-ធារណៈ ក្នុងឆ្នាំ ២០០៤ រាជរដ្ឋាភិបាលមានឆន្ទៈនយោបាយ និង គោលដៅច្បាស់លាស់គឺ ការផ្លាស់ប្តូរប្រព័ន្ធថវិកា ពីប្រព័ន្ធថវិកាផ្អែកលើធាតុចូលនិងមជ្ឈការ ឆ្ពោះទៅរកប្រព័ន្ធថវិកាផ្អែកលើសមិទ្ធកម្មនិងវិមជ្ឈការ សម្រាប់បន្តជំរុញការបង្កើនល្បឿននៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ឱ្យកាន់តែរីកចម្រើនលឿនថែមទៀត ឆ្លើយតបទៅនឹងសេចក្តីត្រូវការ និង បំណងប្រថ្នារបស់ប្រជាជន ។
ជាក់ស្តែង ចលនានៃការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងមូល បានប្រព្រឹត្តទៅប្រកបដោយបុរេសកម្ម និងទទួលបានជោគជ័យជាផ្លែផ្កា ជាបន្តបន្ទាប់ ក្នុងដំណាក់កាលទី១ និង ដំណាក់កាលទី២ ដោយកសាងបាននូវភាពជឿទុកចិត្តនៃថវិកា និង គណនេយ្យភាពហិរញ្ញវត្ថុ ដែលជាមូលដ្ឋានដ៏រឹងមាំ សម្រាប់ការបន្តអនុវត្តការកែទម្រង់នេះ នៅដំណាក់កាលទី៣ និងដំណាក់កាលទី៤ ។ លើសពីនេះ ជោគជ័យខាងលើនេះ គឺជាបច្ច័យអនុគ្រោះជួយធ្វើឱ្យកម្ពុជាអាចដោះស្រាយនិងទប់ទល់បានដោយជោគជ័យ នូវឧបស័គ្គធំៗជាច្រើនពេលកន្លងមក ដូចជាៈ ផលប៉ះពាល់អវិជ្ជមាននៃវិបត្តិហិរញ្ញវត្ថុសកលលោក, វិបត្តិព្រំដែនជាមួយប្រទេសជិតខាង និងគ្រោះមហន្តរាយធម្មជាតិ ជាដើម ។ ជាមួយនោះ រាជរដ្ឋាភិបាលថែមទាំងនៅសល់អតិរេកសាច់ប្រាក់ សម្រាប់ដំឡើងប្រាក់បៀវត្សជូនមន្រ្តីរាជការ គ្រូបង្រៀន គ្រូពេទ្យ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងបង្កើនការចំណាយវិនិយោគលើវិស័យអាទិភាពសំខាន់ៗ ដូចជា អប់រំ និង សុខាភិបាល ជាដើម ទៀតផង ក្នុងគោលដៅជួយលើកកម្ពស់ការផ្តល់សេវាសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរឡើង ។
ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានលើកឡើងថា ជានិច្ចកាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើការងារបណ្តុះបណ្តាល និង កសាងសមត្ថភាពមន្រ្តីរាជការ ដែលជាកត្តាគន្លឹះដើម្បីសម្រេចជោគជ័យ ក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ។ ជាក់ស្តែង នៅឆ្នាំ ២០១៥ កន្លងមក និង គិតត្រឹមចុងខែកញ្ញាឆ្នាំ ២០១៦ នេះ ក្នុងក្របខ័ណ្ឌនៃការងារអនុវត្តថវិកាកម្មវិធី មានវគ្គបណ្តុះបណ្តាលជាច្រើន និង បន្តបន្ទាប់ ត្រូវបានរៀបចំឡើង ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអង្គភាពថវិការបស់ក្រសួង ស្ថាប័នចំនួន ២៥ និង មន្ទីរជំនាញក្រោមឱវាទ ដែលកំពុង និង ត្រូវអនុវត្តសាកល្បងថវិកាកម្មវិធីពេញលេញ នៅឆ្នាំ២០១៦ នេះ ។
ទន្ទឹមនេះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប ក៏បានបញ្ជាក់ផងដែរថា ផ្អែកតាមលទ្ធផលនៃការចរចាថវិកាសម្រាប់ឆ្នាំ ២០១៧ បញ្ជាក់ថា ថវិកាកម្មវិធីរបស់ក្រសួង ស្ថាប័នដែលបានចូលរួមអនុវត្តថវិកាកម្មវិធីនៅឆ្នាំ ២០១៥ ត្រូវបានរៀបចំកាន់តែល្អប្រសើរ និងទាន់ពេលវេលា ។ ក៏ប៉ុន្តែក្រសួង ស្ថាប័ន ដែលទើបចូលរួមអនុវត្តសាកល្បងថវិកាកម្មវិធីនៅឆ្នាំ ២០១៦ នេះ នៅមានបញ្ហាប្រឈមខ្លះៗ ពាក់ព័ន្ធនឹងការរៀបចំរចនាសម្ព័ន្ធកម្មវិធី និងការកំណត់អង្គភាពថវិកា ។ បញ្ហាប្រឈមទាំងនោះគឺពាក់ព័ន្ធទៅនឹងសមត្ថភាពរបស់អង្គភាពថវិកានីមួយៗ ។ ហេតុដូច្នេះហើយ ទើបក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបន្តយកចិត្តទុកដាក់ជាអាទិភាពលើយុទ្ធនាការកសាងសមត្ថភាពថែមទៀត ជូនមន្រ្តីរាជការនៃអង្គភាពថវិការបស់ក្រសួងស្ថាប័នដែលត្រូវចូលរួមអនុវត្តថវិកាកម្មវិធី សំដៅលើកកម្ពស់សមត្ថភាព និង ការយល់ដឹងឱ្យបានគ្រប់គ្រាន់ សម្រាប់ចូលរួមចំណែកអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដ៏មានសារ:សំខាន់នេះ ឱ្យសម្រចបានជោគជ័យប្រកបដោយប្រសិទ្ធភាពខ្ពស់។
ក្នុងស្មារតីនេះ ឯកឧត្តមបណ្ឌិត រដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ការកសាង និងអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការគឺជាការងារចំាបាច់ ដែលគ្រប់ក្រសួងស្ថាប័នត្រូវយកចិត្តទុកដាក់ សម្រាប់អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាពិសេស ការអនុវត្តថវិកាកម្មវិធី និង អង្គភាពថា ក្នុងដំណាក់កាលទី៣ នេះ និង ដំណាក់កាលបន្ទាប់ នៅពេលខាងមុខ ។ ក្នុងន័យនេះ វគ្គបណ្តុះបណ្តាលរបស់យើងនៅពេលនេះ ពិតជាត្រូវបានរៀបចំឡើងទាន់ពេលវេលា ចំនឹងសេចក្តីត្រូវការ សម្រាប់ជួយបង្កើនសមត្ថភាព និង លើកកម្ពស់ការយល់ដឹងជូនដល់ក្រុមមន្ត្រីត្រួតពិនិត្យហិរញ្ញវត្ថុថ្នាក់កណ្តាល និង ថ្នាក់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមន្ត្រីជំនាញរបស់រតនគារ ពីគ្រប់រាជធានី ខេត្តទូទាំងប្រទេស ពិសេស សម្រាប់ការងាររៀបចំ និង ត្រួតពិនិត្យការអនុវត្តថវិកាមុនពេលចំណាយ ដែលនឹងអាចរួមចំណែកកាត់បន្ថយហានិភ័យ នៅពេលអនុវត្តគម្រោងកម្មវិធី អនុកម្មវិធី ចង្កោមសកម្មភាព និងសកម្មភាពប្រចាំឆ្នាំដែលបានគ្រោងទុក ។
ក្នុងខ្លឹមសារនេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ សូមខិតខំយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់នូវគ្រប់ បទឧទ្ទេសនាមរបស់គ្រូឧទ្ទេស និង វាគ្មិនទាំងអស់នៃវគ្គបណ្តុះបណ្តាលនៅពេលនោះ ព្រមទាំងត្រូវចូលរួមពិភាក្សាផ្លាស់ប្តូរទស្សនៈ គំនិតយោបល់ និង បទពិសោធន៍ ប្រកបដោយលក្ខណៈបុរសកម្ម ដើម្បីស្វែងយល់ និងចាប់យកចំណុចគន្លឹះសម្រាប់យកទៅអនុវត្តឱ្យមានប្រសិទ្ធភាព នៅពេលត្រឡប់ទៅកាន់ការដ្ឋានការងារ នៅតាមអង្គភាពរៀងៗខ្លួនវិញ ។