7

Apr, 2016

សេចក្តីប្រកាសព័ត៌មានស្ដីពីពិធីបិទវគ្គបណ្តុះបណ្តាលស្តីពីវិធាននិងបទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណៈ រាជធានីភ្នំពេញ ថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០១៦

By: | Tags: | Comments: 0

នាថ្ងៃទី ៧ ខែ មេសា ឆ្នាំ ២០១៦ វេលាម៉ោង ១១:៣០ នាទីរ ថ្ងៃត្រង់ នៅសណ្ឋាគារភ្នំពេញ មានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី វិធាននិងបទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណៈ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឈឹម សារ៉េត អគ្គនាយក នៃអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានសហការរៀបចំឡើង ដោយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សម្រាប់មន្រ្តីរាជការ​ប្រមាណជា ២០០ នាក់ ក្នុងគោលដៅបង្កើន និងពង្រឹងថែមទៀត នូវសមត្ថភាពមន្រ្តីរាជការ ពិសេស មន្រ្តី​​ជំនាញក្រុមលទ្ធកម្មរបស់មន្ទីរ និង អង្គភាព​ពាក់ព័ន្ធ ក្រោមឱវាទក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម ក្រសួងធនធានទឹកនិងឧតុនិយម និង ក្រសួងព័ត៌មាន ដែលត្រូវចូលរួមអនុវត្តសាកល្បងថវិកាកម្មវិធីពេញលេញនៅឆ្នាំ ២០១៦ ។

ថ្លែងក្នុងពិធីនោះ ឯកឧត្តម ឈឹម សារ៉េត អគ្គនាយក នៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ បានមានប្រសាសន៍ថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើការងារបណ្តុះបណ្តាល និង កសាងសមត្ថភាពមន្រ្តីរាជការ ដែលជាកត្តាគន្លឹះដើម្បីសម្រេច​ជោគ​ជ័យ​ ប្រកប​ដោយ​ប្រសិទ្ធភាព ក្នុងការអនុវត្តការកែទម្រង់​ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ។ ឯកឧត្តមអគ្គនាយកបានបន្ថែមថា កន្លងមក ការអនុវត្តសាកល្បថវិកាកម្មវិធីពេញលេញត្រូវបានចាប់ផ្តើមនៅឆ្នាំ ២០១៥ សម្រាប់​​​​ក្រសួង ស្ថាបប័នចំនួន ១០ ។ ក្នុងគោលដៅដើម្បីឱ្យការ​អនុវត្តថវិកាកម្មវិធីប្រព្រឹត្តទៅបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព មាន​វគ្គបណ្តុះបណ្តាលជាច្រើននិងបន្តបន្ទាប់ ​ត្រូវបានរៀបចំឡើងជូនមន្រ្តីរាជការជំនាញ​ និង ថ្នាក់ដឹកនាំជំនាញរបស់​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ក្រសួងស្ថាប័ន រួមទាំងមន្ទីរ អង្គភាពក្រោមឱវាទពាក់ព័ន្ធ ។ ការណ៍នេះសបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិតជាបានផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើការបណ្តុះបណ្តាល និង កសាងសមត្ថភាពមន្រ្តីរាជការ ដែលជាកត្តាគន្លឹះ​ដើម្បីសម្រេច​ជោគ​ជ័យ​ ក្នុងការអនុវត្តការកែទម្រង់​ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ពោលគឺការកសាងនូវភាពជឿទុកចិត្តបាននៃថវិកា នៅដំណាក់កាលទី១ និង គណនេយ្យភាពហិរញ្ញវត្ថុនៅដំណាក់កាលទី២ កន្លងមកនេះ ។

ទន្ទឹមនេះ ឯកឧត្តម ឈឹម សារ៉េត អគ្គនាយក ក៏បានបញ្ជាក់ផងដែរថា ឆ្លើយតបទៅនឹងតម្រូវការក្នុងការកសាងសមត្ថភាពសម្រាប់អនុវត្តការកែទម្រង់​ការ​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បាននិងកំពុងរៀបចំកម្មវិធីបណ្តុះបណ្តាល ថែមទៀតជូនដល់មន្រ្តីរាជការរបស់ក្រសួង ស្ថាប័ន និង អង្គភាពពាក់ព័ន្ធ ទាំង​​នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ពិសេស គឺវគ្គបណ្តុះបណ្តាលជាស៊េរីកម្រិតវិញ្ញាបនបត្រ សម្រាប់មន្រ្តីរាជ​ការរបស់ក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈរដ្ឋបាល និង សហគ្រាសសាធារណៈរបស់រដ្ឋ ដែលនឹងត្រូវតែតាំងជារជ្ជទេយ្យករ រជ្ជទេយ្យកររង ភ្នាក់ងារបើកផ្តល់ និង មន្រ្តីទទួលបន្ទុកហិរញ្ញវត្ថុ ។ ក្នុងន័យនេះ ឯកឧត្តមអគ្គនាយក បានស្នើសុំឱ្យគ្រប់មន្ទីរអង្គភាពទាំងអស់ សូមត្រៀម​សហការ និងចាត់បញ្ជូនមន្រ្តីរបស់ខ្លួនឱ្យសមស្របដើម្បីចូលរួម ព្រោះថាវគ្គបណ្តុះបណ្តាលទាំងនោះ​មានសារសំខាន់ និង មិនឤច​រករៀនបាននៅតាមសាកលវិទ្យាល័យ មហាវិទ្យាល័័យ ទូទៅនោះទេ ។

ឯកឧត្តម ឈឹម សារ៉េត អគ្គនាយក នៃអគ្គនាយកដ្ឋានថវិកា បន្តទៀតថា រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តនូវឯកសារ ßទស្សនាទានស្តីពីទិសដៅ យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធ​ថវិកាឆ្នាំ ២០១៣ – ២០២០ ក្នុងគោលដៅផ្លាស់ប្តូរជាជំហានៗ នូវប្រព័ន្ធថវិកាដែល   ផ្តោតលើធាតុចូល និងមជ្ឈការ ឆ្ពោះទៅជាប្រព័ន្ធថវិកាដែលផ្តោតលើលទ្ធផល ឬ សមិទ្ធកម្ម និង វិមជ្ឈការ។ ​គោលបំណងចម្បង គឺ​កែប្រែ​​ប្រព័ន្ធ​ថវិកា​ឱ្យក្លាយទៅ​ជា ​ßឧបករណ៍គោលនយោបាយ ដ៏ពិត​ប្រាកដ​ក្នុងការវិភាជ​ និង ប្រើប្រាស់​​​ធនធានរបស់រដ្ឋ​ប្រកបដោយ​​ប្រសិទ្ធភាព​ និង​ ភាពស័ក្តិសិទ្ធ​ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ​ឆ្លើយតប​ទៅនឹង​​​សេចក្តី​​​ត្រូវការ ​បំណងប្រាថ្នា​ និង សំណូមពររបស់​​ប្រជាជនកម្ពុជា ។ លើសពីនេះទៀត ប្រព័ន្ធថវិកាថ្មីនេះ មានគោលដៅផ្ទេរសិទ្ធអំណាច និង ការទទួលខុសត្រូវក្នុងការអនុវត្តថវិកាពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ​ ទៅកាន់ក្រសួង ស្ថាប័នពាក់ព័ន្ធ និង ផ្ទេរសិទ្ធអំណាច និង ការទទួលខុសត្រូវ​ផ្ទៃក្នុងរបស់ក្រសួងស្ថាប័ននីមួយៗ​ ទៅតាមអង្គភាពថវិកាជាបណ្តើរៗ និង ឆ្ពោះទៅរកការផ្ទេរសិទ្ធអំណាច និង ការទទួលខុសត្រូវទាំងស្រុងក្នុងការអនុវត្តថវិកាទៅអង្គភាពថវិកាដែលជាអាណាប័កផ្ទេរសិទ្ធ ។

ក្នុងន័យនេះ ក្រសួង ស្ថាប័នចំនួន ១០ និង មន្ទីរជំនាញក្រោមឱវាទ ត្រូវបានរាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តសាកល្បងនូវថវិកាកម្មវិធីពេញលេញ ​នៅក្នុងឆ្នាំ ២០១៥ ហើយនៅឆ្នាំ ២០១៦ នេះ ត្រូវបានពង្រីកទៅដល់ក្រសួង  ស្ថាប័នចំនួន ១៥ និង មន្ទីរ​​ជំនាញក្រោមឱវាទពាក់ព័ន្ធ បន្ថែមទៀត ដែលបានធ្វើឱ្យ​ចំនួនក្រសួង ស្ថាប័ន អនុវត្តថវិកាកម្មវិធី ត្រូវកើនដល់ ២៥ និងស្រូបយកថវិកាចរន្តប្រមាណជាង ៥៥%។ លើសពីនោះ រាជរដ្ឋាភិបាលគ្រោងនឹងពង្រីកវិសាលភាពនៃការអនុវត្តសាកល្បងនូវថវិកាកម្មវិធីពេញលេញ ទៅដល់ក្រសួង ស្ថាប័នចំនួន ១១ ថែមទៀត នៅឆ្នាំ ២០១៧ ខាងមុខ ។ តាមរយៈនោះ គឺនឹងនៅសល់តែក្រសួង ស្ថាប័នចំនួន ៣ ប៉ុណ្ណោះដែលនឹងត្រូវដាក់ឱ្យអនុវត្តសាកល្បងថវិកាកម្មវិធីពេញលេញនៅឆ្នាំ ២០១៨ ។ ក្នុងទិសដៅនេះ នៅឆ្នាំ ២០១៨ គ្រប់ក្រសួង ស្ថាប័ន និង មន្ទីរជំនាញ​រាជធានី-ខេត្ត នឹងត្រូវអនុវត្តសាកល្បងថវិកាកម្មវិធីពេញលេញ និងអង្គភាព​ថវិកាទាំងអស់គ្នា ដែលជាមូលដ្ឋានចាំបាច់ដើម្បីឈានទៅរកការអនុម័តថវិកាប្រចាំឆ្នាំតាមកម្មវិធី ដោយស្ថាប័ននីតិបញ្ញត្តិ នៅក្នុងរង្វង់ឆ្នាំ ២០២០​ ។

          ឯកឧត្តមអគ្គនាយក ក៏បានលើកឡើងដែរថា ផ្អែកតាមលទ្ធផលនៃអនុវត្តការសាកល្បងថវិកាកម្មវិធីពេញលេញ​ ក្នុងឆ្នាំ ២០១៥ បញ្ជាក់ថា ថវិកាកម្មវិធីរបស់ក្រសួង ស្ថាប័ន ត្រូវបានរៀបចំបានកាន់តែល្អប្រសើរ និងទាន់ពេលវេលា ។ ទោះបីជា នៅមានបញ្ហាប្រឈមខ្លះៗ ត្រូវបន្តរួមគ្នាដោះស្រាយក៏ដោយ ។ ផ្អែកតាមបទពិសោធន៍របស់ប្រទេសក្នុងតំបន់ និង ពិភពលោក បញ្ជាក់ថាប្រទេសទាំងនោះ ក៏ជួបបញ្ហាប្រឈមប្រហាក់ប្រហែលនឹងកម្ពុជាដែរ ។ នេះបញ្ជាក់ថា កម្ពុជាគឺកំពុងអនុវត្តតាមអភិក្រមដ៏ត្រឹមត្រូវមួយ ក្នុង​មាគ៌ាកែទម្រង់ប្រព័ន្ធថវិកា ទោះបីជាដំណើរផ្លូវទៅមុខនៅវែងឆ្ងាយក៏ដោយ ។ យើងមិនត្រូវរួញរាទេ គឺ​ត្រូវរួម​គ្នា​ដោះ​ស្រាយប្រកបដោយបុរេសកម្ម និង ប្រកាន់យកនូវអភិក្រម ßធ្វើបណ្តើរ រៀនសូត្របណ្តើរ និង ដកស្រង់បទពិសោធន៍បណ្តើរ› ដើម្បីកសាងបាននូវចំណេះដឹង ចំណេះធ្វើ និងសមត្ថភាពគ្រប់គ្រាន់ សម្រាប់សម្រេចជោគជ័យរួម គឺកសាងបាននូវ ßប្រព័ន្ធ​ថវិកា​ដែលផ្តោតលើលទ្ធផល ឬសមិទ្ធកម្ម និងវិមជ្ឈការ› ។​

ក្នុងន័យនេះ ឯកឧត្តមបានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យយកចំណេះដឹង ចំណេះធ្វើ និង បទពិសោធន៍ ដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះទៅអនុវត្តខ្លួន​ឱ្យមានប្រសិទ្ធភាពនៅតាមមន្ទីរ អង្គភាព​រៀងៗ ។

efi-2016-04-07-3

efi-2016-04-07-2