18

Dec, 2020

ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងអភិបាលកិច្ចនៃហិរញ្ញវត្ថុការប្រែប្រួលអាកាសធាតុ ដើម្បីសមភាពយេនឌ័រ” ជូនសិក្ខាកាមគោលដៅដែលជាថ្នាក់ដឹកនាំកម្រិតបច្ចេកទេសរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន, ក្រសួងអភិវឌ្ឍន៍ជនបទ និង អគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

By: | Tags: | Comments: 0

នាព្រឹកថ្ងៃសុក្រ ៤ កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០, នៅលើប្រព័ន្ធវីដេអូ Zoom, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាលស្តីពី “ការពង្រឹងអភិបាលកិច្ចនៃហិរញ្ញវត្ថុការប្រែប្រួលអាកាសធាតុ ដើម្បីសមភាពយេនឌ័រ” ជូនសិក្ខាកាមគោលដៅដែលជាថ្នាក់ដឹកនាំកម្រិតបច្ចេកទេសរបស់ក្រសួងសាធារណការនិងដឹកជញ្ជូន, ក្រសួងអភិវឌ្ឍន៍ជនបទ និង អគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោក សាមូលអែល ហ័តទីស (Samuel Hurtig) ប្រធានផ្នែកសហប្រតិបត្តិការនៃស្ថានទូតស៊ុយអ៊ែត ប្រចាំព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ជា ចន្ទន៍ធូ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងសាធារណការនិងដឹកជញ្ជូន, ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងបរិស្ថាន, ក្រសួងកិច្ចការនារី, និងតំណាងអង្គការអន្តរជាតិរួមមានៈ UNDP Regional, UNWomen Regional និង CCCA, ព្រមទាំងគ្រូឧទ្ទេស និង សិក្ខាកាម សរុបប្រមាណ ៩០ នាក់ ។
ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា កម្មវិធីសិក្ខាសាលានេះ គឺជាព្រឹត្តិការណ៍ដ៏មានសារសំខាន់មួយដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរួមចំណែកដល់ការអភិវឌ្ឍសមត្ថភាពជូនថ្នាក់ដឹកនាំ មន្រ្តីរាជការនៃក្រសួងសាធារណការនិងដឹកជញ្ជូន និង ក្រសួងអភិវឌ្ឍន៍ជនបទ លើជំនាញពាក់ព័ន្ធការគ្រប់គ្រងហរិញ្ញវត្ថុសាធារណៈ ពិសេស “ការពង្រឹងអភិបាលកិច្ចនៃហិរញ្ញវត្ថុការប្រែប្រួលអាកាសធាតុ ដើម្បីសមភាពយេនឌ័រ” ស្របពេលដែលការងារទាំងនេះ កំពុងត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្តល់អាទិភាពនិងយកចិត្តទុកដាក់ខ្ពស់ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់បន្ថែមថា សិក្ខាសាលាបណ្តុះបណ្តាលនេះ នឹងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃការកសាងនិងអភិវឌ្ឍសមត្ថភាពជូនថ្នាក់ដឹកនាំ និង មន្រ្តីរាជការបច្ចេកទេសរបស់ក្រសួង-ស្ថាប័ន ពាក់ព័ន្ធទៅនឹងវិទ្យាសាស្រ្តនៃការប្រែប្រួលអាកាសធាតុ, ទំនាក់ទំនងរវាងយេនឌ័រនិងហិរញ្ញវត្ថុការប្រែប្រួលអាកាសធាតុ, គោលនយោបាយជាតិនិងអន្តរជាតិសម្រាប់ការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ, វិធីសាស្រ្តវាយតម្លៃគម្រោងវិនិយោគក្នុងបរិបទនៃការប្រែប្រួល អាកាសធាតុ, ហិរញ្ញវត្ថុការប្រែប្រួលអាកាសធាតុសម្រាប់ប្រទេសកម្ពុជានិងសកលលោក ដែលទាំងនេះសុទ្ធតែជាមូលដ្ឋានគ្រឹះសំខាន់ៗដែលមន្រ្តីរាជការកម្ពុជា កំពុងត្រូវការស្វែងយល់បន្ថែមដើម្បីឈានទៅកែលម្អការអនុវត្តឱ្យបានកាន់តែប្រសើរនិងមានប្រសិទ្ធភាពខ្ពស់ ក្នុងគោលដៅរួមចំណែកអនុវត្តកម្មវិធីនយោបាយជាតិ ពិសេសការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងប្រព័ន្ធឡូជីស្ទិករបស់រាជរដ្ឋាភិបាល ។
ជាមួយគ្នានេះ ឯកឧត្តម ជា ចន្ទន៍ធូ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានថ្លែងចំណាប់អារម្មណ៍ថា មន្រ្តីរាជការ និង ថ្នាក់ដឹកនាំនៃក្រសួងសាធារណការនិងដឹកជញ្ជូន, ក្រសួងអភិវឌ្ឍន៍ជនបទ និង អគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិតជាមានតម្រូវការចាំបាច់ក្នុងការពង្រឹងពង្រីកសមត្ថភាព និង លើកកម្ពស់ ការយល់ដឹងថែមទៀត សម្រាប់ចូលរួមចំណែកក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តក្នុងប្រទេសកម្ពុជា ដើម្បីឆ្លើយតបព្រមទាំង មានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ។