6

Nov, 2020

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចូលរួមរៀបចំច្បាប់ស្តីពីវិនិយោគ និងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស បានដឹកនាំប្រតិភូតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រជុំពិភាក្សាបន្តលើសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងតំណាងវិស័យឯកជន

By: | Tags: | Comments: 0

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារចូលរួមរៀបចំច្បាប់ស្តីពីវិនិយោគ និងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស បានដឹកនាំប្រតិភូតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រជុំពិភាក្សាបន្តលើសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងតំណាងវិស័យឯកជន នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០, នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
កិច្ចប្រជុំដ៏មានសារសំខាន់នេះ មានសមាសភាពថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានគោលនយោបាយ, តំណាងវិស័យឯកជន និង មន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងសមាជិកក្រុមការងារចូលរួមរៀបចំច្បាប់ស្តីពីវិនិយោគ។
គោលបំណងនៃកិច្ចប្រជុំនេះ ធ្វើឡើងដើម្បីបន្តពិនិត្យពិភាក្សាលើធាតុចូល និង សំណើសំខាន់ៗរបស់វិស័យឯកជនពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់ស្តីពីវិនិយោគ ដែលបានស្នើឡើងក្នុងកិច្ចប្រជុំក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និង អភិបាលកិច្ច កាលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ព្រមទាំងពិភាក្សាលើសំណើនិងមតិយោបល់ ដែលវិស័យឯកជនទើបតែបានស្នើបន្ថែមក្នុងពេលថ្មីៗនេះ។
ក្រុមការងារចម្រុះរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះវិស័យឯកជន ដែលបានចូលរួមគិតគូរយ៉ាងដិតដល់និងគ្រប់ជ្រុងជ្រោយ ទៅលើសេចក្តីព្រាងច្បាប់ថ្មីនេះ ក្នុងស្មារតីរួមចំណែកបង្កើតបរិយាកាសវិនិយោគឱ្យកាន់តែមានលក្ខណៈអំណោយផល និងមានភាពទាក់ទាញកាន់តែប្រសើរ។