26

Oct, 2020

ពិធីវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ” ជូនសិក្ខាកាមគោលដៅ ចំនួន ៦៣ នាក់ ដែលជាមន្ត្រីរាជការទទួលបន្ទុកការងារពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ការគ្រប់គ្រងចំណូលមិនមែនសារពើរពន្ធ នៃមន្ទីរអង្គភាពជំនាញ និងរដ្ឋបាលក្រុង ស្រុក នៃខេត្តបាត់ដំបង

By: | Tags: | Comments: 0

នាថ្ងៃចន្ទ ១០ កើត ខែ កត្តិក ឆ្នាំ ជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២០, នៅសណ្ឋាគារ ខេមរាបាត់ដំបង ១ ខេត្តបាត់ដំបង, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ” ជូនសិក្ខាកាមគោលដៅ ចំនួន ៦៣ នាក់ ដែលជាមន្ត្រីរាជការទទួលបន្ទុកការងារពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ការគ្រប់គ្រងចំណូលមិនមែនសារពើរពន្ធ នៃមន្ទីរអង្គភាពជំនាញ និងរដ្ឋបាលក្រុង ស្រុក នៃខេត្តបាត់ដំបង ។ វគ្គបណ្តុះបណ្តាលនេះ មានគោលដៅពង្រឹងពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹង ថែមទៀត ជូនមន្រ្តីរាជការ ដើម្បីចូលរួមចំណែកលើកកម្ពស់តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាព នៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ ឱ្យបានត្រឹមត្រូវតាមគោលការណ៍បច្ចេកទេស និង អនុលោមតាមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និង ក្នុងក្របខណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល ។
ពិធីបើកវគ្គបណ្តុះបណ្តាលនេះ ប្រព្រឹត្តទៅក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដោយ ឯកឧត្តមអភិបាលរងនៃគណៈអភិបាលខេត្ត និង ថ្នាក់ដឹកនាំនៃមន្ទីរអង្គភាពជំនាញនានាជុំវិញខេត្តខេត្តបាត់ដំបង រួមនឹងគ្រូឧទ្ទេស និងសិក្ខាកាមចូលរួមសរុបប្រមាណ ៨០ នាក់ ។