23

Nov, 2020

ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់​គ្រងចំណូលមិនមែនសារពើពន្ធ” ជូនសិក្ខាកាមគោលដៅ ដែលជាមន្ត្រីរាជការទទួលបន្ទុកការងារ​ពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនិង​ការគ្រប់គ្រងចំណូលមិនមែនសារពើរពន្ធ នៃមន្ទីរអង្គភាពជំនាញនិងរដ្ឋបាលក្រុង ស្រុក នៃ​ខេត្តកំពត

By: | Tags: | Comments: 0

នាថ្ងៃចន្ទ ៨ កើត ខែ មិគសិរ ឆ្នាំ ជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០២០, នៅសណ្ឋាគារកំពត​ឌីយ៉ាម៉ង់ខេត្តកំពត​, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់​គ្រងចំណូលមិនមែនសារពើពន្ធ” ជូនសិក្ខាកាមគោលដៅ ដែលជាមន្ត្រីរាជការទទួលបន្ទុកការងារ​ពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនិង​ការគ្រប់គ្រងចំណូលមិនមែនសារពើរពន្ធ នៃមន្ទីរអង្គភាពជំនាញនិងរដ្ឋបាលក្រុង ស្រុក នៃ​ខេត្តកំពត ។ វគ្គបណ្តុះ​បណ្តាលនេះ មានគោលដៅពង្រឹងពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹងថែមទៀត ជូនមន្រ្តីរាជការ ដើម្បីចូលរួមចំណែកលើកកម្ពស់តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាព នៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ចំណូល​មិនមែនសា​រពើពន្ធ ឱ្យបានត្រឹមត្រូវតាមគោលការណ៍បច្ចេកទេស និង អនុលោមតាមច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និង ក្នុងក្របខណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល ។
​ពិធីបើកវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំដ៏ខ្ពង់​ខ្ពស់ របស់ ឯកឧត្តម ពេជ្រ សម្បត្តិ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ​​​ និងជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមដោយ ឯកឧត្តម ហាស់ សូបិន អភិបាលរង នៃគណៈអភិបាលខេត្តកំពត, ឯកឧត្តម លោកជំទាវ ថ្នាក់​ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មន្ទីរសេដ្ឋកិច្ច​និងហិរញ្ញវត្ថុ ខេត្តកំពត ខេត្តកែប ខេត្តតាកែវ និងខេត្តព្រះសីហនុ គ្រូឧទ្ទេស និងសិក្ខាកាម ចូលរួមសរុបប្រមាណ ៧០ នាក់ ។
ថ្លែងនៅក្នុងពិធីនោះ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ​​ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានគូស​បញ្ជាក់​ថា កម្មវិធីវគ្គបណ្តុះបណ្តាលនេះ គឺជាព្រឹត្តិការណ៍សំខាន់មួយ ដែលក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ បានរួមចំណែកដល់ការ​អភិវឌ្ឍសមត្ថភាពមន្ត្រី​រាជការ នៃមន្ទីរអង្គភាពជំំនាញ និងរដ្ឋបាលក្រុង ស្រុក លើជំនាញសម្រាប់ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនិង​ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ស្របពេលដែលការងារទាំងអស់នេះ គឺជាកម្មវត្ថុកំពុងត្រូវបានរាជរដ្ឋាភិបាល​យកចិត្តទុ​កដាក់ខ្ពស់ ។
​ឯកឧត្តមអនុរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ​សាធារណៈ​ គឺជាកម្មវិធីកែទម្រង់គន្លឹះដ៏សំខាន់មួយ ក្នុងចំណោមកម្មវិធីកែទម្រង់សំខាន់ៗរបស់ រាជរដ្ឋាភិបាល ក្នុងគោលដៅ​ផ្លាស់​ប្តូរប្រព័ន្ធ​ថវិកាកម្ពុជា ពី​ថវិកាផ្អែក​​លើធាតុ​ចូល ​និង មជ្ឈការ ឆ្ពោះ​ទៅ​ថវិកា​ផ្អែក​លើ​សមិទ្ធកម្ម និង វិមជ្ឈការ សម្រាប់រួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ដែលការណ៍នេះធ្វើឱ្យការកសាងនិងអភិវឌ្ឍសមត្ថភាពលើជំនាញ​ពាក់ព័ន្ធការគ្រប់​គ្រង​​ហិរញ្ញវត្ថុសាធារណៈ ក្លាយជាតម្រូវការចាំបាច់សម្រាប់ថ្នាក់ដឹកនាំ និងមន្រ្តី​រាជការនៃគ្រប់ក្រសួងស្ថាប័ន ត្រូវចូលរួមស្វែងយល់ និងពង្រឹងពង្រីកសមត្ថភាព ដើម្បីអនុវត្តការងារឱ្យកាន់ទេមានប្រសិទ្ធភាពខ្ពស់ ។ ក្នុងន័យនេះ ក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ បានគិតគូរ និង យកចិត្តទុកដាក់ខ្ពស់​លើការកសាងនិងអភិវឌ្ឍសមត្ថភាពលើជំនាញសម្រាប់គ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ ដែលជាធាតុគន្លឹះគាំទ្រនិងរួមចំណែក​ដល់​ការអនុវត្ត​​ការកែទម្រង់​ការ​​គ្រប់​គ្រង​ហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចជោគជ័យតាមគោលដៅក្នុងគ្រប់ដំណាក់កាល ។​
​ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសរំលេចនូវចំណុចសំខាន់ៗ ពាក់ព័ន្ធនឹងការងារការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋនិងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ សម្រាប់ជាចំណេះដឹង និងជាធាតុចូលសម្រាប់វគ្គសិក្សានេះ ។ ឈរលើស្មារតីទទួលខុសត្រូវខ្ពស់ចំពោះការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ចាប់ពីឆ្នាំ ២០១៧ រាជរដ្ឋាភិបាល បានដាក់ចេញនូវអនុក្រឹត្យស្ដីពី វិធាននិងនីតិវិធីនៃការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ព្រមទាំង បទប្បញ្ញត្តិ លិខិតបទដ្ឋាន ដែលបានដាក់ចេញនូវវិធានការនានា ដើម្បីកំណត់នីតិវិធីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការធ្វើបញ្ជីសារពើភ័ណ្ឌទ្រព្យសម្បត្តិរដ្ឋ ។ លើសពីនេះ ច្បាប់ស្ដីពី ការគ្រប់គ្រង ការប្រើប្រាស់ និងចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ត្រូវបានព្រះមហាក្សត្រ ឡាយព្រះហស្តលេខាប្រកាសឱ្យប្រើ ចុះថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០២០ ក្នុងគោលបំណងកំណត់ឱ្យជាក់លាក់បន្ថែមទៀត លើការគ្រប់គ្រង ការប្រើប្រាស់ និងចាត់ចែងលើទ្រព្យ​សម្បត្តិរដ្ឋ ព្រមទាំងកំណត់អំពីក្របខណ្ឌច្បាប់ និងស្ថាប័នជាគោល សំដៅចូលរួមចំណែកបម្រើឧត្តមប្រយោជន៍នៃការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គម បរិស្ថាន និងវប្បធម៌ ។
​ឯកឧត្តមអនុរដ្ឋលេខាធិការ បានបន្ថែមថា ចំណូលមិនមែនសារពើពន្ធ គឺជាផ្នែកមួយនៃចំណូលចរន្ត នៃធនធានអចិន្ត្រៃយ៍​របស់រដ្ឋ ដែលទាមទារឱ្យមន្ត្រីទទួលបន្ទុកការងារគ្រប់គ្រងចំណូលនេះ មានចំណេះដឹង និងសមត្ថភាព គ្រប់គ្រាន់ក្នុងការកត់ត្រា និងធ្វើរបាយការណ៍ ពាក់ព័ន្ធនឹងចំណូលមិនមែនសារពើពន្ធនេះ ។ តាមរយៈនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវអនុក្រឹត្យស្ដីពី ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ក្នុងគោលបំណងដើម្បីធានាប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព តម្លាភាព និងគណនេយ្យភាព នៃការគ្រប់គ្រង និងការប្រមូលចំណូលមិនមែនសារពើពន្ធ ដោយកំណត់ផងដែរអំពីយន្តការ វិធាន និងនីតិវិធីនៃការប្រមូល ការបង់ ការកៀរគរ ការកត់ត្រា ការតាមដាន និងការត្រួតពិនិត្យវាយតម្លៃលើការប្រមូលចំណូលមិនមែនសារពើពន្ធ ។ ការប្រមូលចំណូលមិនមែនសារពើពន្ធ ត្រូវបានកំណត់លើការប្រមូលចំណូលលើ ៥ ប្រភេទ គឺ (១). ចំណូលពីទ្រព្យសម្បត្តិរដ្ឋ, (២). ចំណូលពីសហគ្រាសសាធារណៈ និងអង្គភាពស្វ័យ័តហិរញ្ញវត្ថុដទៃទៀត, (៣). ចំណូលពីសេវាសាធារណៈ, (៤). ចំណូលពីការផាកពិន័យនិងការដាក់ទណ្ឌកម្ម និង (៥). ចំណូលមិនមែនសារពើពន្ធផ្សេងទៀត ។ ជាមួយនោះ ដើម្បីធានាបាននូវភាពឆាប់រហ័ស និងប្រសិទ្ធភាព នៃការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំឱ្យមានប្រព័ន្ធគាំទ្រដល់ការប្រមូលចំណូលមិនមែនសារពើពន្ធ គឺ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ។ ប្រព័ន្ធ NRMIS នេះ បានធ្វើសន្ធានកម្មដោយជោគជ័យ ជាមួយប្រព័ន្ធ FMIS កាលពីខែមករា ឆ្នាំ ២០២០ កន្លងទៅ ។
​លើសពីនេះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការកសាងសមត្ថភាពលើការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនិងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ពិតជាចំណុចសំខាន់មួយដែលត្រូវយកចិត្តទុកដាក់ខ្ពស់ថែមទៀត ដើម្បីបន្តពង្រឹងពង្រីក​សមត្ថភាព ចំណេះដឹង ជំនាញវិជ្ជាជីវៈ និង ការលើកកម្ពស់ការយល់ដឹង ក៏ដូចជាជំនាញពាក់ព័ន្ធសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនថ្នាក់ដឹកនាំ និង មន្រ្តីរាជការ ដើម្បីអាចធានាបាននូវប្រសិទ្ធភាព សង្គតិភាព និង និរន្តរភាព ក្នុងការអនុវត្តតួនាទីភារកិច្ចជូនអង្គភាព ឱ្យសម្រេចបានជោគជ័យ តាមផែនការដែលបានគ្រោងទុក និង ស្របតាមដំណាក់កាលនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
​ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ វិទ្យាស្ថានសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានសហការជិតស្និទ្ធិ ក្នុងការរៀបចំ និង អនុវត្តវគ្គបណ្តុះបណ្តល ដ៏មានសារសំខាន់នេះ ជូនដល់សិក្ខាកាមគោលដៅ និង បានលើកទឹកចិត្តដល់សិក្ខាកាម ទាំងអស់ ឱ្យយកចិត្តទុកដាក់ចូលរួមរៀនសូត្រឱ្យបានទៀងទាត់ ខិតខំត្រងត្រាប់ ស្វែងយល់ចំពោះប្រធានបទ ព្រមទាំងចូលរួម ផ្លាស់ប្តូរគំនិតយោបល់ ឱ្យបានផុសផុល ចាប់យកចំណេះដឹង និង ចំណេះធ្វើពិតប្រាកដ សម្រាប់អនុវត្តការងារ រួមចំណែកឱ្យកាន់តែមានប្រសិទ្ធភាព និង ផលិតភាព ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។