គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែងសម្រាប់គ្រឺះស្ថានសាធារណៈរដ្ឋបាល ដើម្បីរួមចំណែកអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ប្រកបដោយប្រសិទ្ធភាព និង ចីរភាព
- admin
- December 4, 2024
- 11:02 am










សិក្ខាសាលាពិគ្រោះយោបល់ស្តីពីការរៀបចំជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែងសម្រាប់គ្រឺះស្ថានសាធារណៈរដ្ឋបាល ដើម្បីរួមចំណែកអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ប្រកបដោយប្រសិទ្ធភាព និង ចីរភាព
នាព្រឹកថ្ងៃ ចន្ទ ២ កើត – អង្គារ ៣ កើត ខែ មិគសិរ ឆ្នាំ រោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២-៣ ខែ ធ្នូ ឆ្នាំ ២០២៤ នៅសណ្ឋាគារ សង្គហមិត្ត ខេត្តកែប, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការរៀបចំជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង សម្រាប់គ្រឺះស្ថានសាធារណៈរដ្ឋបាល ដើម្បីរួមចំណែកអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ប្រកបដោយប្រសិទ្ធភាព និង ចីរភាព។
ពិធីបើកសិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មានការចូលរួមពី លោក លោកស្រីនាយករង វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី គ្រូបង្គោលវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង គ្រូបង្គោលតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សរុបប្រមាណ ៦០ នាក់ ។
ថ្លែងក្នុងពិធីនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការកសាង និង ការភិវឌ្ឍសមត្ថភាព គឺជាកូនសោគន្លឹះសម្រាប់ដោះស្រាយគ្រប់បញ្ហាប្រឈមនៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។ ក្នុងន័យនេះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានចាត់ទុកការអភិវឌ្ឍមូលធនមនុស្សគឺជាអាទិភាពទី ១ ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព និង បានកំណត់អាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា សំដៅការពារ ថែរក្សា ពូនជ្រំសមិទ្ធផលជាតិ និង ជំរុញសន្ទុះកំណើនសេដ្ឋកិច្ច ធ្វើឱ្យប្រទេសកម្ពុជាប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០ ដែលចង់ប្រែក្លាយជាប្រទេសចំណូលខ្ពស់ ។
ក្នុងន័យនេះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តែងបានយកចិត្តទុកដាក់ជានិច្ច លើការកសាង និងការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ ព្រមទាំងបានដាក់ចេញនូវ ផែនការយុទ្ធសាស្ត្រកសាង និង អភិវឌ្ឍសមត្ថភាព ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ សម្រាប់តម្រង់ទិសការបណ្ដុះបណ្ដាល និង វិក្រឹតការសមត្ថភាពមន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈ ជូនដល់ក្រសួង ស្ថាប័ន គ្រឺះស្ថានសាធារណៈរដ្ឋបាល និង រដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅរួមចំណែកគាំទ្រ និង អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ឱ្យសម្រេចជោគជ័យ ប្រកបដោយប្រសិទ្ធភាព និង ភាពស័ក្តិសិទ្ធិ ។
ឯកឧត្តមអនុរដ្ឋលេខាធិការ ក៏បានគូសរំលេចមាត្រា ១៤ នៃច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្តនៅឆ្នាំ ២០២៣ នេះ បានកំណត់ថា មន្ត្រីរាជការជំនាញហិរញ្ញវត្ថុសាធារណៈ នៃក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ និង គ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានភារកិច្ចអនុវត្តការងារហិរញ្ញវត្ថុ ត្រូវមានគុណវុឌ្ឍិវិជ្ជាជីវៈតាមប្រភេទមុខតំណែងការងារនីមួយៗ ។ គុណវុឌ្ឍិវិជ្ជាជីវៈតាមប្រភេទមុខតំណែងការងារនីមួយៗ ត្រូវកំណត់ដោយអនុក្រឹត្យ តាមការស្នើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង បទប្បញ្ញត្តិជាធរមាន ។ ការណ៍នេះ ទាមទារឱ្យគ្រប់ក្រសួង ស្ថាប័ន គ្រឺះស្ថានសាធារណៈរដ្ឋបាល និង រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ថែមទៀត លើការពង្រឹងពង្រីកសមត្ថភាព ចំណេះដឹង និង ជំនាញវិជ្ជាជីវៈដល់មន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈរបស់ខ្លួន ស្របតាមក្របខ័ណ្ជគុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ ។
ឯកឧត្តមអនុរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថាការរៀបចំសិក្ខាសាលាពិគ្រោះយោប់ស្តីពីការរៀបចំឯកសារជំនាញបច្ចេកទេស កម្រិតវិញ្ញាបនបត្រ ផ្សារភ្ជាប់មុខតំណែង សម្រាប់គ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលរៀបចំឡើងដោយ វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅពេលនេះ ពិតជាមានសារៈសំខាន់ និងឆ្លើយតបនឹងតម្រូវការចំាបាច់ នៃការកសាង និង ការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការលើមុខជំនាញពាក់ព័ន្ធនឹងការគ្របគ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីកសាងគុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ សំដៅលើកកម្ពស់ផលិតភាព និង ប្រសិទ្ធភាព នៃការងារគ្រប់គ្រងថវិកាជាតិរបស់អង្គភាពថវិកានីមួយៗ ក្នុងគោលដៅចូលរួមចំណែកលើកម្ពស់កម្រិតជីវភាព និង ធ្វើឱ្យប្រសើរឡើងនូវការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ។