គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » ក្រុមការងារលើកទឹកចិត្តគម្រោងវិនិយោគផ្គុំ និង ដំឡើងយានយន្តចុះទស្សនកិច្ចសិក្សានៅរោងចក្រផ្គុំ និង ដំឡើងទោចក្រយានយន្តម៉ាកហុងដា
- admin
- March 19, 2025
- 3:22 pm
ក្រុមការងារលើកទឹកចិត្តគម្រោងវិនិយោគផ្គុំ និង ដំឡើងយានយន្តចុះទស្សនកិច្ចសិក្សានៅរោងចក្រផ្គុំ និង ដំឡើងទោចក្រយានយន្តម៉ាកហុងដា
នារសៀលថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០២៥, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារលើកទឹកចិត្តគម្រោងវិនិយោគផ្គុំ និង ដំឡើងយានយន្ត បានដឹកនាំគណៈប្រតិភូក្រុមការងារ ចុះទស្សនកិច្ចសិក្សានៅរោងចក្រផ្គុំ និង ដំឡើងទោចក្រយានយន្តម៉ាកហុងដា របស់ក្រុមហ៊ុន N.C.X. Co., Ltd ដែលមានទីតាំងស្ថិតនៅលើផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
កម្មវិធីចុះទស្សនកិច្ចសិក្សានេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ លោកនាយកប្រតិបត្តិ លោកអគ្គនាយករង និង តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ រួមមាន អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានគោលនយោបាយ, មូលនិធិអភិវឌ្ឍន៍ជំនាញ, និង មន្រ្តីជំនាញពាក់ព័ន្ធ ។
ទស្សនកិច្ចសិក្សានេះ មានគោលបំណងស្វែងយល់អំពី ដំណើរការផ្គុំ និង ដំឡើងទោចក្រយានយន្ត និង ប្រមូលធាតុចូលបន្ថែមសម្រាប់ការសិក្សារៀបចំយុទ្ធសាស្រ្តជំរុញ និង គ្រប់គ្រងការវិនិយោគ ក្នុងវិស័យយានយន្ត និង ឧស្សាហកម្មគាំទ្រ ស្របតាមគោលបំណង និង គោលដៅយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ។ ឧស្សាហកម្មផ្គុំ និងដំឡើងយានយន្ត ត្រូវបានចាត់ទុកជាវិស័យដែលជាប្រភពកំណើនថ្មី ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា និង ជាវិស័យមួយដែលជួយដល់ការលើកកម្ពស់សកម្មភាពផលិតកម្ម និង សកម្មភាពដទៃទៀត ដែលមានភាពពាក់ព័ន្ធ និង ប្រទាក់ក្រឡាគ្នា ។ ដោយឃើញពីសារៈសំខាន់ និង សក្តានុពលក្នុងវិស័យនេះ, រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយក្នុងការលើកទឹកចិត្ត ដល់គម្រោងវិនិយោគលក្ខណៈទ្រង់ទ្រាយធំៗ ជាបន្តបន្ទាប់ ជាពិសេស ការវិនិយោគក្នុងវិស័យផ្គុំ និង ដំឡើង យានយន្ត ត្រីចក្រយានយន្ត និង ទោចក្រយានយន្ត តាមរយៈការលើកទឹកចិត្តពន្ធ និង ការបង្កើតបរិយាកាសវិនិយោគដែលមានលក្ខណៈអំណោយផល សម្រាប់ក្រុមហ៊ុនដំឡើងយានយន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
លោក ជា ហ៊ុយ អគ្គនាយករងក្រុមហ៊ុន N.C.X. បានជម្រាបជូនគណៈប្រតិភូថា ក្រុមហ៊ុន N.C.X. គឺជាក្រុមហ៊ុនឈានមុខគេមួយ នៅក្នុងវិស័យឧស្សាហកម្មផលិត និង ចែកចាយម៉ូតូ ធំជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលអាចផ្តល់នូវតម្លៃបន្ថែមខ្ពស់ លើគ្រប់ទិដ្ឋភាព ទាំងផ្នែកសេដ្ឋកិច្ច និង សង្គម ។ ក្រុមហ៊ុន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩២ ជាក្រុមហ៊ុននាំចូល និង ចែកចាយផលិតផលសម្រេចម៉ាកហុងដា (CBU) សម្រាប់ទីផ្សារកម្ពុជា ។ បន្ទាប់មក, ក្រុមហ៊ុនបានបង្កើតខ្សែច្រវាក់ផលិតកម្មដំបូងរបស់ខ្លួន ក្រោយទទួលបានអាជ្ញាប័ណ្ណវិនិយោគ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងឆ្នាំ ១៩៩៩, ជាមួយនឹងដំណើរវឌ្ឍនភាពនៃខ្សែច្រវាក់ផលិតកម្មផ្តុំ និង ដំឡើងទោចក្រយានយន្ត ជាបន្តបន្ទាប់ រហូតមកទល់បច្ចុប្បន្ន ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពឆាប់រហ័សរបស់ក្រុមហ៊ុន និង បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាន និង កំពុង យកចិត្តទុកដាក់ខ្ពស់ក្នុងការគាំទ្រ និង អភិវឌ្ឍឧស្សាហកម្មដំឡើងយានយន្ត សំដៅបង្កើនសមត្ថភាពដំឡើង និង ផ្តល់តម្លៃខ្ពស់ក្នុងសេដ្ឋកិច្ច តាមរយៈការបង្កើត និង បង្កើនការងារដល់កម្លាំងពលកម្មក្នុងស្រុក, ការផ្ទេរ និង បណ្តុះបណ្តាលជំនាញយ៉ាងពិតប្រាកដ ទាំងការផ្ទេរបច្ចេកវិទ្យា និង ជំនាញ, ការជួយជំរុញ និង លើកកម្ពស់ឧស្សាហកម្មគាំទ្រក្នុងស្រុក តាមរយៈការបង្កើនធាតុចូលក្នុងស្រុក ទៅក្នុងខ្សែច្រវាក់ផលិតកម្ម, និង ការបង្កើនតម្លៃបន្ថែមផ្សេងទៀត ដើម្បីឈានទៅដល់ការផ្គត់ផ្គងតម្រូវការក្នុងស្រុក ជាពិសេស ឈានដល់ការនាំចេញ នាពេលអនាគត ៕