ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី “ការអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុ និង ការអនុវត្តចំណាយវិនិយោគថវិកាថ្នាក់ជាតិហិរញ្ញប្បទានក្នុងប្រទេសតាមប្រព័ន្ធ FMIS”

នាព្រឹកថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី “ការអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុ និង ការអនុវត្តចំណាយវិនិយោគថវិកាថ្នាក់ជាតិហិរញ្ញប្បទានក្នុងប្រទេស តាមប្រព័ន្ធ FMIS” ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
កម្មវិធីនេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ នៃក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងអគ្គនាយកដ្ឋានគន្លឹះនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមមាន៖ អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ, អគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS សរុបប្រមាណជាង ១០០ រូប ។
ថ្លែងក្នុងកម្មវិធីនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានក្រុមការងា បានគូសបញ្ជាក់ថា តាមរយៈច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈឆ្នាំ ២០២៣ និង អនុក្រឹត្យស្ដីពី “ការគ្រប់គ្រងថវិកានិងគណនេយ្យសាធារណៈ” រួមទាំង បទដ្ឋានគតិយុត្តនានា បានផ្ដល់កាលានុវត្តភាព និង លទ្ធភាពជូន លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ធ្វើការសហការជិតស្និទ្ធិជាមួយ ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ នៃនាយកដ្ឋានវិនិយោគ នៃអគ្គនាយកដ្ឋានថវិកា ក្នុងការរៀបចំអភិវឌ្ឍ FMIS ឱ្យដំណើរការ និង ទ្រទ្រង់ដល់ការអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុ និង ថវិកា តាមប្រព័ន្ធ FMIS ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចផងដែរថា ការដាក់ឱ្យអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុ និង ថវិកាលើចំណាយវិនិយោគថវិកាថ្នាក់ជាតិហិរញ្ញប្បទានក្នុងប្រទេស នៅក្នុង FMIS នេះ គឺជាសមិទ្ធផលថ្មីមួយទៀត នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលចំណាយវិនិយោគថវិកាថ្នាក់ជាតិហិរញ្ញប្បទានក្នុងប្រទេស ត្រូវបានអនុវត្តពេញលេញក្នុង FMIS ជាពិសេស សមិទ្ធផលថ្មីនេះ គឺជាជំហានមួយនៃការបង្គ្រប់អត្ថន័យ នៃថវិកាព័ត៌មានសមិទ្ធកម្ម ដែលបានរួមបញ្ចូលទាំងថវិកាចរន្ត និង ចំណាយ វិនិយោគថវិកាថ្នាក់ជាតិហិរញ្ញប្បទានក្នុងប្រទេសសម្រាប់ក្រសួង-ស្ថាប័ន ដែលកំពុងអនុវត្តគម្រោងវិនិយោគសាធារណៈហិរញ្ញប្បទានដោយថវិកាថ្នាក់ជាតិ ។
ការណ៍នេះនឹងផ្តល់នូវសារៈសំខាន់ជាច្រើន ដូចដែលអង្គភាពប្រើប្រាស់ FMIS នៃក្រសួង-ស្ថាប័នទាំងអស់បានអនុវត្តកន្លងមក លើការអនុវត្តថវិកាចំណាយចរន្ត ជាពិសេស ការអនុវត្តនីតិវិធីចំណាយតាម FMIS ទាំងស្រុង ដែលការអនុវត្តការកត់ត្រាថវិកាវិនិយោគថ្នាក់ជាតិហិរញ្ញប្បទាននៅក្នុង FMIS នេះ នឹងជំរុញឱ្យការអនុវត្តថវិកា កាន់តែមានប្រសិទ្ធភាព គណនេយ្យភាព តម្លាភាព និង មានភាពប្រទាក់ក្រឡាទៅនឹងផែនការយុទ្ធសាស្រ្តកែទម្រង់ប្រព័ន្ធថវិកានៅកម្ពុជា ។
ដើម្បីញ៉ាំងថ្នាក់ដឹកនាំ និង មន្ត្រីជំនាញយល់ដឹងកម្រិតបឋមលើនីតិវិធីការកត់ត្រាក្នុង FMIS, តំណាងលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានធ្វើបទបង្ហាញអំពីទិដ្ឋភាពរួមនៃការអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុ និង ការអនុវត្តថវិកាវិនិយោគថ្នាក់ជាតិហិរញ្ញប្បទាន ព្រមទាំង ទិដ្ឋភាពនៃការអនុវត្តនៅក្នុងប្រព័ន្ធផ្ទាល់ ផងដែរ ។ ជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានស្នើឱ្យថ្នាក់ដឹកនាំ និង មន្ត្រីជំនាញនៃក្រសួងទាំង២ និង អគ្គនាយកដ្ឋានគន្លឹះនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ផ្តល់ឈ្មោះមន្ត្រីដែលទទួលបន្ទុកធ្វើប្រតិបត្តិការចំណាយវិនិយោគថវិកាថ្នាក់ជាតិហិរញ្ញប្បទានក្នុងប្រទេស (ចាប់តាំងពីដំណាក់កាលស្នើសុំធានាចំណាយ កិច្ចលទ្ធកម្ម និង ការទូទាត់) នៅក្នុង FMIS ព្រមទាំងស្នើឱ្យមន្ត្រីទទួលបន្ទុក ចូលរួមវគ្គបណ្តុះបណ្តាលពាក់ព័ន្ធ នាពេលឆាប់ៗខាងមុខនេះ ។
គួរជម្រាបជូនផងដែរថា ក្រុមការងារគ្រប់គ្រងគម្រោង FMIS បានបញ្ចប់ការរៀបចំរួចរាល់នូវមុខងារ សម្រាប់កត់ត្រាថវិកាវិនិយោគថ្នាក់ជាតិនៅក្នុង FMIS និង ត្រៀមដាក់ឱ្យអនុវត្តសាកល្បងនៅក្នុងឆ្នាំ ២០២៥ នេះតទៅ នៅតាមក្រសួងចំនួន ២ គឺក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាក្រសួងកំពុងប្រើប្រាស់ថវិកាវិនិយោគថ្នាក់ជាតិធំជាងគេក្នុងចំណោមក្រសួង-ស្ថាប័នដទៃៗទៀត ដោយមានការចូលរួមពី អគ្គនាយកដ្ឋានគន្លឹះ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមមាន៖ អគ្គនាយកដ្ឋានថវិកា អគ្គនាយកដ្ឋានរតនាគារជាតិ និង អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ ។
ជាទីបញ្ចប់, ឯកឧត្តមបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ដល់កិច្ចខិតខំប្រឹងប្រែង និង ការផ្ដល់កិច្ចសហការយ៉ាងជិតសិទ្ធិរបស់ថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានថវិកា ជាពិសេស នាយកដ្ឋានវិនិយោគ សំដៅឈានទៅសម្រេចបាននូវសមិទ្ធផលថ្មីនេះ ក្នុងគោលបំណងចូលរួមចំណែកបង្កើនគុណភាព នៃការអនុវត្តគម្រោងវិនិយោគផ្ទាល់ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ដើម្បីបម្រើជាឧត្តមប្រយោជន៍ជូនប្រជាពលរដ្ឋកម្ពុជា ៕