ក្រសួង​សេដ្ឋ​កិច្ចនិងហិ​រ​ញ្ញ​វត្ថុបិទ​វគ្គ​ឆ្នាំ ២០២៤ និងបើក​វគ្គ​ឆ្នាំ ២០២៥ នៃ​កម្ម​វិ​ធី​បណ្ដុះ​បណ្ដាល​ជំនាញ​បច្ចេក​ទេស​កម្រិត​វិញ្ញា​បន​បត្រ​ផ្សារ​ភ្ជាប់​មុខ​តំណែង​

នាព្រឹកថ្ងៃទី១០ ខែ កុម្ភៈ ឆ្នាំ ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំពិធីបិទវគ្គឆ្នាំ ២០២៤ និង បើកវគ្គឆ្នាំ ២០២៥ នៃ «កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង» ដែលមានការចូលរួមពីសិក្ខាកាមជ័យលាភីឆ្នាំ ២០២៤ និង សិក្ខាកាមគោលដៅឆ្នាំ ២០២៥ ជាមន្រ្តីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ មកពីក្រសួងស្ថាប័ន, មន្ទីរជំនាញនៃក្រសួងចំនួន ៩, គ្រឹះស្ថានសាធារណៈរដ្ឋបាល និង រដ្ឋបាលរាជធានី-ខេត្តទាំង ២៥ ។
ពិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ អមដោយឯកឧត្តម, លោកជំទាវ, រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន មន្ទីរជំនាញនៃក្រសួងចំនួន ៩, គ្រឹះស្ថានសាធារណៈរដ្ឋបាល, រដ្ឋបាលរាជធានីខេត្ត ព្រមទាំងឧទ្ទេសាចារ្យ និង សិក្ខាកាម សរុបប្រមាណជាង ៨០០ នាក់ ។ ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និង ប៉ិនប្រសប់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា , រាជរដ្ឋាភិបាល ក្នុងនីតិកាលទី ៧ នៃរដ្ឋសភា បានបន្តផ្តល់អាទិភាពខ្ពស់ ដល់ការកសាង និង ការអភិវឌ្ឍធនធានមនុស្ស ដោយបានចាត់ទុក «ការអភិវឌ្ឍមូលធនមនុស្ស គឺជាអាទិភាពទី ១» ក្នុងរបៀបវារៈនៃ «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី ១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព ដោយប្រកាន់ខ្ជាប់នូវអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» សំដៅលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលជាមូលដ្ឋាន និង ជាមធ្យោបាយនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច, ការកាត់បន្ថយភាពក្រីក្រ និង ការឈានទៅសម្រេចចក្ខុវិស័យ «ប្រែក្លាយកម្ពុជាទៅជាប្រទេសចំណូលខ្ពស់ឆ្នាំ ២០៥០» ។
ការបណ្ដុះបណ្ដាល និង វិក្រឹតការលើជំនាញពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានក្លាយជាកាតព្វកិច្ចចំពោះមន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ ក្នុងការកសាងគុណវុឌ្ឍិ ដើម្បីបំពេញមុខងារភារកិច្ច សំដៅចូលរួមចំណែកលើកកម្ពស់ផលិតភាព និង ប្រសិទ្ធភាពការងារ នៃអង្គភាពថវិកានីមួយៗរបស់ក្រសួងស្ថាប័ន និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ, ទាំងនៅថ្នាក់ជាតិ និង នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ស្របតាមស្មារតីច្បាប់ស្ដីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ឆ្នាំ ២០២៣ ត្រង់មាត្រា ១៤ ដែលបានកំណត់ថា «មន្ត្រីរាជការជំនាញហិរញ្ញវត្ថុសាធារណៈ នៃក្រសួងស្ថាប័ន, អង្គភាពសាធារណៈប្រហាក់ប្រហែល, រដ្ឋបាលថ្នាក់ក្រោមជាតិ និង គ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានភារកិច្ចអនុវត្តការងារហិរញ្ញវត្ថុ ត្រូវមានគុណវុឌ្ឍិវិជ្ជាជីវៈតាមប្រភេទមុខតំណែងការងារនីមួយៗ» និង ស្របតាមស្មារតី អនុក្រឹត្យស្តីពីគុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ ត្រូវបានរាជរដ្ឋាភិបាលដាក់អនុវត្តជាផ្លូវការ កាលពីថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២៤ កន្លងទៅ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តែងចាត់ទុកការកសាង និង ការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ លើជំនាញសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកត្តាចាំបាច់ សម្រាប់ចូលរួមគាំទ្រ និង អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល សំដៅរួមចំណែកលើកកម្ពស់កម្រិតជីវភាព និង បង្កើនប្រសិទ្ធភាពនិងភាពស័ក្តិសិទ្ធ នៃការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ។ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ ក៏បានរំឭកថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាកម្មវិធីកែទម្រង់គន្លឹះមួយ ក្នុងចំណោមកម្មវិធីកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងគោលដៅ ប្រែក្លាយប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា ពីប្រព័ន្ធផ្ដោតលើធាតុចូល និង មានលក្ខណៈមជ្ឈការ ឆ្ពោះទៅជាប្រព័ន្ធដែលផ្ដោតលើសមិទ្ធកម្ម និង មានលក្ខណៈវិមជ្ឈការ ស្របតាមស្ដង់ដា និង ឧត្តមានុវត្តន៍អន្តរជាតិ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ទៀតថា កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង ដែលរៀបចំឡើងដោយវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នាពេលនេះ, ពិតជាមានសារៈសំខាន់ និង ឆ្លើយតបទៅនឹងតម្រូវការចំាបាច់របស់ក្រសួងស្ថាប័ន និង មន្ទីរអង្គភាពជំនាញពាក់ព័ន្ធ, ទាំងនៅថ្នាក់ជាតិ និង នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការពង្រឹង ពង្រីកសមត្ថភាព និង ជំនាញវិជ្ជាជីវៈជូនដល់មន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ, ទាំងលើចំណេះដឹង, ជំនាញវិជ្ជាជីវៈ, បច្ចេកទេស និង ឥរិយាបថបំពេញការងារ សំដៅចូលរួមគាំទ្រ និង អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ -ដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល ឱ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព និង តម្លាភាព ៕