ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​​ប្រជុំ​ពិ​ភាក្សា​លើ​ការ​អ​នុ​វត្ត​អា​ករ​ពិ​សេស ៥% សម្រាប់​ផលិត​ផល​ស៊ី​ម៉ង់​ត៍​ក្នុង​ស្រុក

នារសៀលថ្ងៃទី ៩ ខែ ធ្នូ ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារអភិវឌ្ឍវិស័យឯកជន បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការអនុវត្តអាករពិសេស ៥% សម្រាប់ផលិតផលស៊ីម៉ង់ត៍ក្នុងស្រុក ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ, ឯកឧត្តមអនុរដ្ឋលេខាធិការ និង ថ្នាក់ដឹកនាំ តំណាងក្រសួងរ៉ែ និង ថាមពល, ក្រសួងបរិស្ថាន, អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានគោលនយោបាយ, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ, លេខាធិការដ្ឋានក្រុមការងារអភិវឌ្ឍវិស័យឯកជន រួមទាំងមន្រ្តីជំនាញពាក់ព័ន្ធ ។
អង្គប្រជុំ បានពិភាក្សាយ៉ាងផុសផុលលើធាតុចូលពីក្រសួងស្ថាប័ន និង អគ្គនាយកដ្ឋានពាក់ព័ន្ធ ដើម្បីរៀបចំរបាយការណ៍ស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ពីប្រមុខរាជរដ្ឋាភិបាល ។ ជារួម, អង្គប្រជុំ បានពិនិត្យឃើញថា ការអនុវត្តអាករពិសេស ត្រូវធ្វើឡើង ដោយពង្រឹងនូវយន្តការតាមដាន ត្រួតពិនិត្យ និង វាយតម្លៃ នូវការបំពេញពេញលេញនូវគ្រប់លក្ខខណ្ឌ ដែលបានកំណត់ ក្នុងន័យដើម្បីសម្រេចបានការពង្រឹង និង ពង្រីកផលិតកម្មស៊ីម៉ង់ត៍ក្នុងស្រុក ដើម្បីឈានដល់ការនាំចេញ ៕