11
Jul, 2016
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបន្តរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធី” ជូនមន្រ្តីរាជការនៃអង្គភាពថវិកាថ្នាក់មន្ទីរអប់រំ យុវជន និង កីឡារាជធានី-ខេត្ត
(រាជធានីភ្នំពេញ): នាព្រឹកថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១៦ នៅសណ្ឋាគារភ្នំពេញ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបន្តរៀបចំបើកវគ្គបណ្ដុះបណ្តាលស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធី” ជាលើកទី២ ជូនមន្រ្តីរាជការរបស់ក្រសួងអប់រំ យុវជន និង កីឡា ដែលមកពីមន្ទីរអប់រំ យុវជន និង កីឡា រាជធានី-ខេត្ត ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មានការចូលរួមពី ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និង កីឡាផងដែរ ។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ ពិត ចំណាន បានសម្តែងនូវកិច្ចស្វាគមន៍ចំពោះអង្គពិធី និង បានថ្លែងអំណរគុណចំពោះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពិសេស វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានសហការរៀបចំវគ្គបណ្តុះបណ្តាលនេះតាមសំណូមពរ ក្នុងគោលដៅពង្រឹង ពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹងថែមទៀតជូនមន្រ្តីរាជការ នៃអង្គភាពថវិការថ្នាក់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត សម្រាប់រួមចំណែកអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ឱ្យទទួលបានជោគជ័យតាមការគ្រោងទុក ។
ថ្លែងនៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសម្តែងនូវអំណរសាទរ និង វាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និង កីឡា ដែលបានយកចិត្តទុកដាក់ក្នុងការពង្រឹង និង ពង្រីកសមត្ថភាពមន្រ្តីរាជការរបស់ខ្លួនលើជំនាញសម្រាប់គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ពិសេស សម្រាប់ការអនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា ព្រមទាំងបានសហការជិតស្និទ្ធជាមួយវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរ្ញវត្ថុ ក្នុងការរៀបចំ និងអនុវត្តការបណ្តុះបណ្តាលនេះ ដោយមានការចូលរួមគាំទ្រខាងថវិកាពីអង្គការ UNICEF ។
ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះគឺជាផ្នែកមួយដ៏សំខាន់នៃកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ សម្រាប់ពង្រឹង និង ជំរុញការអនុវត្តសាកល្បងថវិកាកម្មវិធីពេញលេញ ឱ្យបានល្អប្រសើរ ទាន់ពេលវេលា មានប្រសិទ្ធភាព និង មានសង្គតិភាព អនុលោមទៅតាមគោលការណ៍ ច្បាប់ បទប្បញ្ញតិ និង វិធាននានាជាធរមាន សំដៅចូលរួមចំណែកក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ដែលជាចំណុចអាទិភាពមួយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ទន្ទឹមនោះ ឯកឧត្តមរដ្ឋលេខាធិការ ហ៊ាន សាហ៊ីប ក៏បានលើកឡើងផងដែរថា នេះគឺជាលើកទី២ ហើយដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានហការជាមួយក្រសួងអប់រំ យុវជន និង កីឡាក្នុងការរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធី” នេះ ជូនមន្រ្តីរាជការនៃអង្គភាពថវិកាក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ដែលជាអាទិភាពសំខាន់មួយរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោលដៅកសាង និងអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ ឆ្លើយតបទៅនឹងតម្រូវការសម្រាប់ការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
លើសពីនេះ ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានគួសបញ្ជាក់ថា ការបណ្តុះបណ្តាលសមត្ថភាពមន្រ្តីរាជការ ផ្តល់នូវសារៈសំខាន់បួនយ៉ាងគឺៈ (១). ផ្តល់ឱ្យមន្រ្តីរាជការទទួលបាននូវចំណេះជំនាញថ្មី, (២). សម្រួចចំណេះដឹង និង ចំណេះធ្វើរបស់មន្រ្តីរាជការ, (៣). បំពេញការងារបានល្អប្រសើរជាងមុន និង (៤). បង្កើនផលិតភាពការងារជូនមន្រ្តីរាជការ ។ អាស្រ័យហេតុនេះ វគ្គបណ្តុះបណ្តាលនេះ ពិតជាត្រូវបានរៀបចំឡើងទាន់វេលា ក្នុងគោលបំណងចែករំលែកចំណេះដឹង ចំណេះធ្វើ និង បទពិសោធន៍នៃការងារថវិកាកម្មវិធី ពិសេស គឺសំដៅលើកកម្ពស់ការយល់ដឹងរបស់រជ្ជទេយ្យករបុរេប្រទាន រជ្ជទេយ្យករបុរេប្រទានរង និង មន្រ្តីទទួលបន្ទុកហិរញ្ញវត្ថុ សម្រាប់ចូលរួមអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅក្នុងដំណាក់កាលទី៣ ពិសេស ការអនុវត្តសាកល្បងថវិកាកម្មវិធីពេញលេញនៅក្នុងឆ្នាំ ២០១៦ នេះឱ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ភាពគ្រប់ជ្រុងជ្រោយ និង ប្រកបដោយសីលធម៌វិជ្ជាជីវៈ ។
ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ទៀតថា ដោយក្រសួងអប់រំ យុវជន និង កីឡា គឺជាក្រសួងអាទិភាពក្នុងការអនុវត្តគោលនយោបាយសង្គមកិច្ច ពិសេស ការអភិវឌ្ឍធនធានមនុស្ស សម្រាប់ធានាចីរភាព និងទ្រទ្រង់ការអភិវឌ្ឍលើគ្រប់វិស័យ ដូច្នេះវគ្គបណ្តុះបណ្តាលនៅពេលនេះ មិនត្រឹមតែមានអត្ថប្រយោជន៍សម្រាប់រួមចំណែកសម្រេចជោគជ័យ ក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់ការសម្រេចគោលដៅក្នុងការធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌ និង ការលើកកម្ពស់គុណភាព និងភាពឆ្លើយតបនៃការផ្តល់សេវាអប់រំ ទាំងក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ និងមិនផ្លូវការ, ការអភិវឌ្ឍឧត្តមសិក្សានិងការស្រាវជ្រាវ, ការអភិវឌ្ឍជំនាញបច្ចេកទេសនិងជំនាញផ្នែកទន់សម្រាប់យុវជន, និងការគាំទ្រសេវាអប់រំ និងអភិបាលកិច្ចល្អក្នុងវិស័យអប់រំទៀតផង ។
ឯកឧត្តមបណ្ឌិត ហ៊ាន សាហ៊ីប បានផ្តាំផ្ញើ និង លើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ សូមឱ្យយកចិត្តទុកដាក់ចំពោះគ្រប់បទឧទ្ទេសរបស់គ្រូឧទ្ទេស និង វាគ្មិនទាំងអស់នៃវគ្គបណ្តុះបណ្តាល និង សូមចូលរួមលើកសំណួរ ពិភាក្សា និង ផ្លាស់ប្តូរគំនិតយោបល់ឱ្យបានផុសផុល ដើម្បីចាប់យកចំណេះដឹង និង ចំណេះធ្វើ សម្រាប់យកទៅអនុវត្តនៅក្នុងការដ្ឋានការងារជាក់ស្តែងនៃអង្គភាពថវិការៀងៗខ្លួន ។