ការ​បណ្តុះ​បណ្តាល​ជំនាញ​បច្ចេក​ទេស​លើ​ការ​គ្រប់​គ្រង​ហិរញ្ញ​វត្ថុ​សា​ធា​រ​​ណៈ កំពុង​តែ​បន្ត​នៅ​វិទ្យាស្ថាន​សេដ្ឋ​កិច្ច​និង​ហិរញ្ញវត្ថុ

កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង ឆ្នាំ២០២៥ កម្រិតទី២ និងកម្រិតទី៣ កំពុងតែបន្តការបណ្តុះបណ្តាលជូនមន្ត្រីអនុវត្តការងារហិរញ្ញវត្ថុរបស់ក្រសួងស្ថាប័ន នៅថ្នាក់ជាតិ ដែលក្នុងនោះ មានមុខវិជ្ជាចំនួន ៥ កំពុងត្រូវដំណើរការបណ្តុះបណ្តាលនៅថ្ងៃនេះ។ មុខវិជ្ជាទាំង ៥ នោះ រួមមាន៖ ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នីតិវិធីនៃការអនុវត្តចំណាយថវិកាចរន្ត ស្តង់ដាគណនេយ្យទ្រព្យសកម្មរយៈពេលវែង និង គ្រប់គ្រងថវិកា។ គោលបំណងនៃការបណ្តុះបណ្តាលនេះគឺឆ្លើយតបទៅនឹងតម្រូវការចំាបាច់របស់ក្រសួងស្ថាប័ន ក្នុងការពង្រឹង ពង្រីកសមត្ថភាព និង ជំនាញវិជ្ជាជីវៈជូនដល់មន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ, ទាំងលើចំណេះដឹង, ជំនាញវិជ្ជាជីវៈ, បច្ចេកទេស និង ឥរិយាបថបំពេញការងារ សំដៅចូលរួមគាំទ្រ និង អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាល។
គួរបញ្ជាក់ថា «កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែងឆ្នាំ២០២៥» មានការចូលរៀនចំនួន ៤ លើក សម្រាប់សិក្ខាកាមសរុបចំនួន ៧៨០នាក់។ ការចូលរៀនលើកទី១ ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នឹងគ្រោងបញ្ចប់ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ។