ការ​ធ្វើ​បទ​បង្ហាញ​​អំ​ពី​កម្ម​វិ​ធី​អា​ហា​រូ​ប​ករ​ណ៍ “Australia A​wards Scholarships” ថ្នាក់​ប​រិ​ញ្ញា​បត្រ​ជាន់​ខ្ពស់​និង​ថ្នាក់​បណ្ឌិត​សម្រាប់​ឆ្នាំ​២០២៦

នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមនាយកវិទ្យាស្ថាន អមដោយលោកនាយករង លោកប្រធាននាយកដ្ឋាន និងសហការី ព្រមទាំងគណៈប្រតិភូ Australia Awards Cambodia ដែលដឹកនាំដោយ លោក Michael Sadlon ប្រធានគ្រប់គ្រងកម្មវីធីអាហារូបករណ៍ បានអញ្ជើញជាអធិបតីនិងថ្លែងមតិស្វាគមន៍ចំពោះមន្ត្រីក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលបានចូលរួមស្វែងយល់លើខ្លឹមសារនៃការធ្វើបទបង្ហាញពីកម្មវិធីអាហារូបករណ៍ “Australia Awards Scholarships” ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំ២០២៦ ។
ក្នុងគោលបំណងចូលរួមចំណែកក្នុងការកសាងនិងអភិវឌ្ឍធនធានមនុស្ស ដែលរាជរដ្ឋាភិបាលបានចាត់ទុកជាវិស័យអាទិភាពទី១, កម្មវិធីបទបង្ហាញនេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់ឱកាសជូនមន្ត្រីក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្វែងយល់ពីរបៀបក្នុងការដាក់ពាក្យស្នើសុំអាហារូបករណ៍ លក្ខខណ្ឌនិងដំណើរការជ្រើសរើស ព្រមទាំងជំនួយផ្សេងៗក្រោមកម្មវិធីអាហារូបករណ៍ Australia Awards Scholarships ។
ជាលទ្ធផល, អង្គពិធីបានស្វែងយល់ពីចំណុចសំខាន់ៗដូចជា (១). គោលបំណងនៃកម្មវិធីអាហារូបករណ៍អូស្ត្រាលី, (២). វិសាលភាពអាហារូបករណ៍, (៣). ការរ៉ាប់រងចំណាយនៃអាហារូបករណ៍ និងអត្ថប្រយោជន៍ផ្សេងៗ, (៤). គន្លឹះសំខាន់ៗក្នុងការរៀបចំពាក្យស្នើសុំអាហារូបករណ៍ប្រកបដោយសក្តានុភាព, (៥). កម្មវិធីគាំទ្រលើចំណុចមិនទាន់គ្រប់លក្ខខណ្ឌ តាមរយៈកម្មវិធីសមធម៌, (៦). មធ្យោបាយក្នុងការស្វែងរកព័ត៌មានបន្ថែម, (៧). និងការចែករំលែកបទពិសោធន៍ដែលទទួលបានពីកម្មវិធីអាហារូបករណ៍នេះ ។ ក្នុងន័យនេះ កម្មវិធីបទបង្ហាញនេះ គឺជាកាតាលីករមួយបន្ថែមទៀត ដែលរួមចំណែកក្នុងការឈានទៅសម្រេចបាននូវគោលដៅរំពឹងទុកនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល។